ភ្នំពេញៈ នគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មាន​មនុស្ស ៤ ​នាក់​ ត្រូវបាន​នាំទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ​ផ្សេងៗ​ពី​គ្នា ក្រោយពី​ពួកគេ​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយសារ​ករណី​ផ្ទុះ​ធុង​ខ្យល់ ដែល​ពួកគេ​កំពុង​ផ្សារ​ដែក​នៅ​សង្កាត់​ច្រាំងចំរេះ​ទី​ ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក ហាក់ ប៊ុនថន នាយប៉ុស្តិ៍នគរបាល​សង្កាត់​ច្រាំង​ចំរេះ​ទី​ ២ ​បាន​ថ្លែងថា ជនរងគ្រោះ​ទាំង ៤ ​នាក់ ​ដែល​ជា​ជនជាតិ​ខ្មែរ​អ៊ិស្លាម​មាន​ឈ្មោះ ណុះ សាមីន ភេទ​ប្រុស អាយុ​ ៥៤ ​ឆ្នាំ ឈ្មោះ​ យ៉ើ បារី ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ និង​ឈ្មោះ មិន យូរី​ ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ និង ឈ្មោះ លី ប្រហីម ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ​បាន​រងរបួស​ធ្ងន់​ និង​របួសស្រាល​។

លោក ប៊ុនថន ​បាន​បន្តថា​ពួកគេ​ទាំង​ ៤ ​នាក់ ​ត្រូវជា​សាច់ញាតិ​គ្នា ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ ដឹកជញ្ជូន​ភ្លាមៗ​តាម​ទូក និង​ខ្លះទៀត​ដឹក​តាម​ម៉ូតូ ដើម្បី​បញ្ជូន​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​បន្ទាប់​ពួកគេ​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ពី​ការផ្ទុះ​ធុង​ខ្យល់​។

លោក​បានបញ្ជាក់​ដូច្នេះ​ថា ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ខ្យល់​លាន់​ស្នូរ​ឡើង​កក្រើក​ដូច​មីនតោន ខណៈ​ដែល​ពួកគេ (​ជនរងគ្រោះ​) កំពុងតែ​ផ្សារ​សុខៗ​អាច​បណ្ដាល​មកពី​ធុង​ខ្យល់​នៅ​ហាលថ្ងៃ​អាកាសធាតុ​ក្ដៅ​ខ្លាំង​។ ទោះយ៉ាងណា​ក៏ដោយ​លោក អ៊ីវ ឈុនផេង អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​ឫស្សីកែវ បញ្ជាក់​ថា​ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ បាន​របួស​ដោយសារ​តែ​ពួកគេ​បាន​យក​សម្បក​គ្រាប់​ដេកា​ទៅ​ផ្សារ​ធ្វើ​ជា​ជើង​សំណាញ់​ដែល​បង្ក​ឲ្យ​មាន​ការផ្ទុះ​នេះ​។ ការផ្ទុះ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​មួយចំនួន​របួសស្រាល ហើយ​ការផ្ទុះ​នេះ​ដោយសារ​ពួកគេ​យក​សម្បក​គ្រាប់​ដេកា​ទៅ​ផ្សារ​។

លោក​បាន​បញ្ជាក់ថា សម្បក​គ្រាប់​នោះ​ទម្ងន់​ ១៤ ​គីឡូក្រាម ​ពុំ​មាន​រំសេវ​នោះទេ​។ ​ខណៈ​ពេល​ពួកគេ​កំពុងតែ​ផ្សារ​វា វា​ក៏​ផ្ទុះឡើង​ដែល​ធ្វើ​ឲ្យ​ជាង​ផ្សារ​របួសធ្ងន់​ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ ២ ​នាក់​ផ្សេង​ដែល​កំពុង​អង្គុយ​មើល​ក៏​រងរបួស​ធ្ងន់​ផងដែរ​៕