ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានមនុស្សចំនួន ៩ នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានមិនពិតជុំវិញករណីជំងឺកូវីដ ១៩ ខណៈដែលអង្គការសិទ្ធិមនុស្សលីកាដូបានរកឃើញថា មានមនុស្សចំនួន ១៩ នាក់ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន ហើយ ១៣ នាក់ ត្រូវបានដោះលែងវិញពាក់ព័ន្ធនឹងជំងឺដែលកំពុងតែមានការរីករាលដាលដែលកំពុងតែមានការព្រួយបារម្ភនេះ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថាមនុស្សចំនួន ៩ នាក់ ត្រូវបានបញ្ជូនទៅតុលាការ ហើយអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន ១ ករណីទៀតពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានមិនពិត។
អង្គការលីកាដូបានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃទី ២៣ ខែមីនា ថា អំឡុងពេលកើនឡើងនៃការភ័យខ្លាច និងភាពមិនច្បាស់លាស់នៃការរាតត្បាតរបស់ជំងឺកូវីដ ១៩ ពលរដ្ឋកម្ពុជាជាច្រើននាក់ត្រូវបានចាប់ខ្លួន ដោយសារការចែកចាយពាក្យចចាមអារ៉ាមក្នុងបណ្តាញសង្គមបើទោះបីជាការចែកចាយនោះតាមរយៈសារឯកជនក៏ដោយ។ អ្នកប្រើប្រាស់បណ្តាញសង្គមត្រូវបានយកទៅអប់រំ ឬណែនាំដោយសន្យាថានឹងបញ្ឈប់ការចែកចាយព័ត៌មានដែលអាជ្ញាធររដ្ឋចាត់ទុកជាព័ត៌មានមិនពិត ឬក៏ត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា៖ «ចាប់ពីថ្ងៃទី ៣០ ខែមករាដល់បច្ចុប្បន្ននេះយើងឃើញមាន ១៩ ករណី។ នៅក្នុងហ្នឹងមានការឃុំខ្លួន ៦ ករណី និងធ្វើកិច្ចសន្យាហើយដោះលែងវិញហ្នឹងគឺ ១៣ ករណី។ ចាប់ខ្លួន និងការឃុំខ្លួនកន្លងមកហ្នឹងគឺទាក់ទងនឹងបញ្ហាកូវីដ ១៩ ដែលបានកើតឡើងនៅទូទាំងពិភពលោក»។
លោកបន្តថា នៅប្រទេសកម្ពុជាប្រជាពលរដ្ឋមិនទាន់បានយល់ដឹងច្បាស់អំពីជំងឺកូវីដ ១៩ នោះទេ។ ពួកគាត់តែងតែមានការភិតភ័យហើយបារម្ភពីជំងឺនេះដែលធ្វើឱ្យការបញ្ចេញមតិមានភាពខុសៗគ្នា។ ភាពមិនយល់ដឹង និងការបញ្ចេញមតិមួយចំនួនអាចមានភាពលើសលស់ ដែលអាចនាំឱ្យមានការចោទប្រកាន់ថា ជាព័ត៌មានមិនពិត ហើយបង្កឱ្យមានភាពវឹកវរដល់សង្គម។ មនុស្ស ៦ នាក់ដែលត្រូវបានឃុំខ្លួនភាគច្រើនជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ។
លោក អំ សំអាត បញ្ជាក់ថា៖ «ហើយដល់ពេលអ៊ីចឹង វាអាចនឹងគេរិះគន់ថា ការចាប់ឃុំខ្លួនកន្លងមកហ្នឹងអាចជាការរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ។ ជម្រើសហ្នឹងវាមិនមែនជាជម្រើសដែលល្អទេ។ ជម្រើសល្អគួរណាតែធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋបានយល់ថា រឿងនេះជារឿងពិភពលោកកុំឱ្យចែកចាយព័ត៌មានដែលមិនប្រាកដប្រជា ឬក៏មិនពិតហ្នឹងធ្វើម៉េចឱ្យគាត់យល់ ហើយគាត់ចូលរួមទាំងអស់គ្នាដើម្បីការពារ ឬក៏ទប់ស្កាត់កូវីដ ១៩ នេះ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា អ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានបញ្ជូនទៅតុលាការ ហើយតុលាការចាត់ការតាមផ្លូវច្បាប់ ដោយសារខណៈដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងរោគរាតត្បាត ពួកគាត់បានយកឱកាសនេះធ្វើការឃោសនាដើម្បីបម្រើផលប្រយោជន៍គណបក្ស ឬក៏ក្រុមរបស់ពួកគាត់ ហើយធ្វើការបន្តុះបង្អាប់ដល់រដ្ឋាភិបាល។
លោក ខៀវ សុភ័គ ថ្លែងថា៖ «គេកំពុងព្រួយបារម្ភ សាមគ្គីគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគ គាត់ទៅយកឱកាសនេះ ដើម្បីធ្វើការឃោសនាទៅវិញ។ ដូច្នេះគឺត្រូវប្រគល់ឱ្យច្បាប់លោកសម្រេច។ ដោះលែងមិនដោះលែងអាស្រ័យលើស្ថាប័នតុលាការគាត់ធ្វើការវិនិច្ឆ័យចុះ»៕