បន្ទាយមានជ័យៈ មន្ត្រីកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យចំនួន ២ រូបដែលត្រូវបានរកឃើញថា បានប្រើអំពើហិង្សាធ្វើទារុណកម្ម វាយដំ លើប្រជាពលរដ្ឋជាសកម្មជនដីធ្លីចំនួន ៥ នាក់ រហូតដល់បណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់ត្រូវបានតុលាកាខេត្ដបន្ទាយមានជ័យសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្ដបន្ទាយមានជ័យកាលពីម្សិលមិញបានឱ្យដឹងថា ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦២ ឆ្នាំ, ឈ្មោះ ហ៊ឹម គិរី ភេទប្រុស អាយុ ៤៥ ឆ្នាំ, ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦១ ឆ្នាំ, ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ និងឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ ពាក់ព័ន្ធករណីរំលោភកាន់កាប់ដីរបស់ឯកជន និងដីរបស់រដ្ឋ។
សេចក្ដីប្រកាសព័ត៌មានបន្តថា បន្ទាប់ពីបានទទួលព័ត៌មានថា ឈ្មោះ ទុយ ស្រស់ បានទទួលមរណភាពកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ ដោយមានការប្ដឹងចោទប្រកាន់ថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យបានប្រើអំពើហិង្សា និងធ្វើទារុណកម្មបណ្ដាលឱ្យស្លាប់អយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យបានបើកការស៊ើបអង្កេតដោយយកចិត្ដទុកដាក់ជាបន្ដបន្ទាប់។
នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ គណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកការស៊ើបសួរអង្កេត និងស្រាវជ្រាវជាលទ្ធផលរកឃើញថា៖ «នាយទាហាននៃកងរាជអាវុធហត្ថចំនួន ២ នាក់ ឈ្មោះ ស ប៊ុនសឿង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ និងឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យបានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន»។
សាលាដំបូងខេត្ដបន្ទាយមានជ័យបញ្ជាក់ថា នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ មន្ដ្រីនគរបាលយុត្ដិធម៌នៃគណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកសាងសំណុំរឿង និងបញ្ជូននាយកងរាជអាវុធហត្ថទាំង ២ នាក់មកអយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។
នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២០ អយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យបានសម្រេចចោទប្រកាន់ឈ្មោះ ស ប៊ុនសឿង និងឈ្មោះ ឆយ រដ្ឋនាពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ តាមបញ្ញត្ថិនៃមាត្រា ២១៨ និងមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សាលាដំបូងខេត្ដបន្ទាយមានជ័យបញ្ជាក់ថា៖ «នៅថ្ងៃទី ១៩ ដដែលក្រោយពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យសំណុំរឿងរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ២ ជាបណ្ដោះអាសន្នបញ្ជូនទៅពន្ធនាគារខេត្ដបន្ទាយមានជ័យ ដើម្បីចាត់ការបន្ដតាមច្បាប់»។
កងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីម្សិលមិញក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ ជុំវិញលទ្ធផលនៃការធ្វើអធិការកិច្ចរបស់គណៈកម្មការចំពោះកិច្ចដោយបញ្ជាក់ថា នាយទាហាននៃកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ ចំនួន ២ នាក់បានប្រើអំពើហិង្សាដោយវាយមកលើពលរដ្ឋទាំង ៥ នាក់ខាងលើពិតប្រាកដមែន។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់កាលពីម្សិលមិញថា៖ «ចំពោះក្រុមការងារគណៈកម្មការចំពោះកិច្ចរបស់យើង បើថាចប់ក៏មិនទាន់ថាចប់ នេះគ្រាន់តែជាជំហានរបស់ក្រុមការងាររបស់យើងហើយធ្វើរបាយការណ៍ជូនទៅឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធ្វើការប្រជុំគណៈកម្មការចំពោះកិច្ច»។
លោក នូវ នឿន ជនរងគ្រោះម្នាក់ក្នុងចំណោម ៥ នាក់ដែលទទួលរងការវាយធ្វើទារុណកម្មបានសាទរចំពោះការចាប់ឃាត់ខ្លួនមន្ត្រីអាវុធហត្ថទាំង ២ រូបនេះ។ លោកចាត់ទុកថា នេះបង្ហាញពីការអនុវត្ដការងារប្រកបដោយយុត្ដិធម៌ដល់ជនរងគ្រោះដែលបានស្លាប់ និងរូបលោកផ្ទាល់ ប៉ុន្ដែលោកសូមសំណូមពរឱ្យធ្វើការស្រាវជ្រាវចាប់ខ្លួនជនពាក់ព័ន្ធដែលជាអ្នកបញ្ជាលើរឿងនេះបន្ថែមទៀត។
លោកថ្លែងថា៖ «ការឃាត់ខ្លួនជនដៃដល់នេះគឺជាការបង្ហាញភាពយុត្ដិធម៌ច្បាស់លាស់នៃយុត្ដិធម៌សង្គមសម្រាប់ខ្ញុំ ដែលរាជរដ្ឋាភិបាលបានគិតគូរដិតដល់យកចិត្ដទុកដាក់ដោយបានចាប់ឃាត់ខ្លួនជនដៃដល់យកអំណាចមកប្រើអំពើហិង្សាលើប្រជាពលរដ្ឋបែបនេះ។ ប៉ុន្ដែពួកខ្ញុំស្នើឱ្យតាមស្រាវជ្រាវវែកមុខអ្នកបញ្ជាពីក្រោយថែមទៀត ព្រោះកងកម្លាំងអាវុធហត្ថពួកគាត់មកប្រព្រឹត្ដសុទ្ធតែមានបញ្ជាពីថ្នាក់ដឹកនាំចៅហ្វាយខេត្ដ និងម្ចាស់អចលនទ្រព្យ»។
លោក ស៊ុម ចាន់គា មន្ដ្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុកប្រចាំខេត្ដបន្ទាយមានជ័យលើកឡើងថា ការស្រាវជ្រាវរកមុខជនដៃដល់ធ្វើទារុណកម្មដោយឃាត់ខ្លួនត្រឹមកងកម្លាំងកងរាជអាវុធហត្ថខេត្ដនេះមិនទាន់គ្រប់គ្រាន់ទេ ព្រោះអំពើធ្វើទារុណកម្មនេះគឺជារឿងធ្ងន់ធ្ងរខ្លាំងរហូតបណ្ដាលឱ្យមនុស្សស្លាប់។
លោកថ្លែងបន្តថា៖ «ជនដែលប្រព្រឹត្ដបទល្មើសនេះគឺជាការប្រព្រឹត្ដជាក្រុមមកលើជនរងគ្រោះក្នុងនោះមានអ្នកបញ្ជាមានអ្នកប្រព្រឹត្ដ និងអ្នកផ្សំគំនិតត្រូវតែស្រាវជ្រាវបើកការស៊ើបអង្កេតឱ្យទូលំទូលាយរកអ្នកពាក់ព័ន្ធនៃបទល្មើសនេះឱ្យអស់ដើម្បីកុំឱ្យជនល្មើសប្រព្រឹត្ដអំពើបែបនេះនៅថ្ងៃក្រោយទៀត និងដើម្បីស្វែងរកយុត្ដិធម៌ពេញលេញដល់ជនរងគ្រោះ»៕