ពោធិ៍សាត់ៈ លោក សូ សុវណ្ណ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​លាក់​ឈើ​មួយកន្លែង ហើយ​រឹបអូស​បាន​ឈើ​ប្រភេទ រាជ​កុល ១៥០ កំណាត់ និង​បាន​ដឹកយកទៅ​រក្សាទុក​នៅ​អង្គការ ស៊ី.អាយ (CI) ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​រក​ម្ចាស់​ក្នុងការ​ឈានទៅ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។

លោក សុវណ្ណ​ឌី ថ្លែងថា ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ នៅ​ទីតាំង​មួយកន្លែង​ជិត​ភ្នំក្រវាញ ស្ថិតក្នុង​ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ បន្ទាប់ពី​មាន​អ្នក​ថត​បង្ហោះ​ឈើ​ហើយ​ផ្ញើ​មកឱ្យ​ខាង​កងរាជ​អាវុធហត្ថ បញ្ជាក់​ពី​ទីតាំង​លាក់ទុក​ឈើ​នោះ ស្ថិតនៅ​លើដី​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​តាម​ជួរ​ភ្នំក្រវាញ។

ឈើ​រាជ​កុល​ទាំងនោះ គឺមាន​ទំហំ​និង​ប្រវែងខុសៗគ្នា ខ្លះ​មាន​ប្រវែង​ចាប់ពី ៥ ទៅដល់ ៦ ម៉ែត្រ និង​ត្រូវ​ជនល្មើស​អារ​ធ្វើជា​ក្ដារបន្ទះ​ខ្លះ និង​ធ្វើជា​សសរ​ជ្រុង​ខ្លះ។

លោក ថ្លែងថា៖ «អា​ឈើ​ហ្នឹង វា​កាត់ម​កគរ​ទុក អត់ (ចាប់បាន​ជនល្មើស) វា​រត់​អស់ហើយ។ ឈើ​ទាំងនោះ​យើង​កំពុង​ដឹក​ដាក់​នៅ (អង្គការ) ស៊ី.អាយ យើង​ប្រគល់ឱ្យ ស៊ី.អាយ ហើយ​ស្រាវជ្រាវ​រក​ម្ចាស់​ដើម្បី​បញ្ជូនទៅ​តុលាការ»។

លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​អង្គការ​អាដហុក (Adhoc) ដែលជា​អ្នក​តាមដាន​អំពី​បទល្មើស​ព្រៃឈើ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា តំបន់ភ្នំ​ក្រវាញ គឺជា​ទីតាំង​មួយ​ដែល​គេ​សង្កេតឃើញថា មានការ​កាប់បំផ្លាញ​ព្រៃឈើ​ដ៏​សកម្ម ប៉ុន្តែ​កន្លងមក​អាជ្ញាធរ​ចុះបង្ក្រាប​បានតែ​ឈើ​ដែល​កាប់​ហើយ​ប៉ុណ្ណោះ និង​កម្រ​អាច​ចាប់បាន​ជន​ប្រព្រឹត្ត​ណាស់។

លោក ប៊ុណ្ណា​រ៍ បាន​ថ្លែងថា៖ «តាម​សកម្មជន​យើង​រាយការណ៍​មក​ថា មាន​ចេញ (ដឹកឈើ) ច្រើន មាន​ទាំង​ចេញ​តាម​ឡាន​យី​ឌុប រហូតដល់​មាន​ប្រធាន​អង្គការ​មួយ​គាត់​ចុះទៅ​តំបន់​ហ្នឹង (ភ្នំក្រវាញ) រហូតដល់​មានការ​ហាមឃាត់​កុំឱ្យ​គាត់​ចូល ហើយ​គាត់​ក៏​បញ្ជាក់​យ៉ាងច្បាស់​ថា មានការ​កាប់​ឈើ​ក៏​ច្រើន​ដែរ​នៅតាម​តំបន់​អស់ហ្នឹង។ វា​ជា​ចំណែក​តូច​ដែល​កងរាជអាវុធហត្ថ​បង្ក្រាប​បានទេ បើ​និយាយ​អំពី​បរិ​មាណនៃ​ឈើ​ចេញផុត គឺ​វា​លើស​ហ្នឹង​ប្រហែល ៦០ ដង»។

លោក​បន្តថា មិនមែន​តែ​កង​រាជ​អាវុធហត្ថ​នៅក្នុង​ខេត្តពោធិ៍សាត់​តែមួយ​នោះទេ ដែល​កម្រ​ចាប់បាន​អ្នក​កាប់បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​រូបភាព​នេះ​បាន​ក្លាយជា​វប្បធម៌​មួយ​របស់​មន្ត្រី​មួយចំនួន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ទៅហើយ៕