បន្ទាយមានជ័យៈ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ខេត្ត​ស្រះកែវ​របស់​ថៃ​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ចរចា​សុំ​បើក​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ​ ខណៈ​ដែល​កម្ពុជា​ប្រកាស​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម​អាច​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​កម្ពុជា​ឡើងវិញ​។

លោក លី សារី អ្នក​នាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា នៅ​ថ្ងៃទី ២២ មិថុនា​ លោក​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រីខេត្ត​ស្រះកែវ​នៅ​ទីស្នាក់ការ​គយ​ដែល​ស្ថិត​នៅ​ច្រក​ខាង​ប្រទេស​ថៃ​ដើម្បី​ពិភាក្សា​អំពី​ការស្នើសុំ​បើក​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​ខ្លង​លឹក​រវាង​ប្រទេស​ទាំង​ ២ ​ឡើងវិញ ក្រោយពី​ត្រូវ​បាន​បិទ​តាំងពី​ខែ​មីនា​មក​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា មូលហេតុ​សូម​បើក​ច្រកព្រំដែន​ឡើងវិញ​នេះ គឺ​ធ្វើ​ឡើង​ក្រោយពី​មាន​សំណូមពរ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​តែង​ចេញចូល​ប្រទេស​ថៃ​ជាពិសេស​អាជីវករ​ខ្មែរ​ដែល​មាន​តូប​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​។ លោក​ថា​៖ «​បងប្អូន​ពលរដ្ឋ​យើង​នៅ​ផ្សារ​រុងក្លឿ មធ្យម​មាន​ប្រហែល​ ១ ​ម៉ឺន​ ២ ​ពាន់​នាក់​ បាន​ចេញចូល​ប្រកបរបរ​រកស៊ី​។ (​ការបិទ​ព្រំដែន​) ធ្វើឱ្យ​បងប្អូន​ជួប​បញ្ហា​ជីវភាព​»​។ លោក​ថា លទ្ធផល​នៃ​ការជួបពិភាក្សា​នេះ គឺ​ខេត្ត​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ក្រោយ​មាន​លទ្ធផល​ពី​កិច្ចប្រជុំ​។

ការស្នើសុំ​ដើម្បី​ឱ្យ​ប្រទេស​ថៃ​បើក​ច្រកទ្វារ​ព្រំដែន​ប៉ោយប៉ែត​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​បាន​ផ្ញើលិខិត​មួយ​ចុះ​ថ្ងៃទី​ ១៩ ​មិថុនា​ ទៅកាន់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដោយ​បញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​នៅ​ថ្ងៃទី​ ១៧ ​មិថុនា​ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញ​ចូលមក​កម្ពុជា​វិញ​។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការបរទេស​សរសេរ​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​និរាករណ៍​សេចក្ដី​ប្រកាស​ព័ត៌មាន​ និង​កំណត់​ទូត​ចុះ​ថ្ងៃទី​ ១៨ មីនា​ឆ្នាំ​ ២០២០ ​របស់​ក្រសួង​ការបរទេស ស្ដីពី​ការផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ពលរដ្ឋ​វៀតណាម និង​ការធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម​ដោយ​ពលរដ្ឋ​កម្ពុជា​តាម​ផ្លូវគោក​ផ្លូវទឹក និង​ផ្លូវ​អាកាស​»​។

លិខិត​បន្តថា កម្ពុជា​នឹង​អនុវត្ត​សេចក្ដី​ប្រកាស​ចុងក្រោយ​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ចុះ​ថ្ងៃទី​ ២០ ​ឧសភា​ដូច​ដែល​បាន​អនុវត្ត​កន្លង​មក​រួចមកហើយ ជាមួយ​ប្រទេស​ដទៃទៀត​ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម​ចូល-ចេញ​ពី​កម្ពុជា ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​បិទ​ព្រំដែន​ទាំងអស់​​ជាមួយ​កម្ពុជា​តាំងពី​ថ្ងៃទី​ ១៨ ​ខែមីនា​ ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩ ដោយ​មិន​បាន​ជូនដំណឹង​ជាមុន​មក​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។

លោក​ អែម សុវណ្ណារិទ្ធ អធិការ​ក្រុង​បាវិត​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បាន​ឃើញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​ផ្ញើ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​អំពី​ការសម្រេច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចូល​កម្ពុជា​។ ប៉ុន្តែ​លោក​មិន​ទាន់​ទទួលបាន​គោលការណ៍​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​ជុំវិញ​ការសម្រេច​នេះ​នៅ​ឡើយ​ទេ​។

លោក​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន​តែង​សួរ​លោក​អំពី​ថ្ងៃ​ដែល​ភាគី​វៀតណាម​អាច​បើក​ព្រំដែន ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគាត់​បាន​ធ្វើ​ដំណើរ​ចូលទៅ​វៀតណាម​ដើម្បី​ព្យាបាល​ជំងឺ​៕