ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា លិខិតសមាជិករដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលរិះគន់ពីបញ្ហានៅកម្ពុជាគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួន ហើយរំពឹងថា អាមេរិកគោរពគោលការណ៍ឯករាជភាព និងអធិបតេយ្យទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ ខណៈអ្នកវិភាគមើលឃើញថា មានបញ្ហាបន្តិចបន្តួចត្រូវគេបំប៉ោង។
សមាជិកសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ៨ រូប កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា បានសរសេរលិខិតមួយទៅរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ស្នើឱ្យលោកដោះស្រាយការធ្លាក់ចុះការការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លិខិត ៣ ទំព័ររបស់សមាជិកសភាអាមេរិក ៤ រូប និងសមាជិកព្រឹទ្ធសភា ៤ រូបបានរៀបរាប់ពីការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថាមានអំពើហិង្សា ការគំរាមកំហែង និងរឹតត្បិត និងមានអំពើពុករលួយ។
ពួកគេបន្តថា បន្ទាប់ពីគណបក្សប្រឆាំងត្រូវបានរំលាយនៅឆ្នាំ ២០១៧ សមាជិកអតីតបក្សនេះជាច្រើនត្រូវបានចាប់ខ្លួន ហើយរដ្ឋាភិបាលបាននិងកំពុងធ្វើច្បាប់រឹតត្បិតសេរីភាពនានា។ ពួកគេក៏បានយោងលើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលចុះផ្សាយថា អ្នកទោសនយោបាយ ៥៥ នាក់រួមមាន សកម្មជនបរិស្ថាន សកម្មជនបក្សប្រឆាំង និងអ្នកសារព័ត៌មានត្រូវបានចាប់ខ្លួន និងឃុំខ្លួន ដោយសារការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំដោយសន្តិវិធី។
ក្រុមសមាជិកសភា និងព្រឹទ្ធសភាអាមេរិក ជំរុញឱ្យរដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ជូនសារទៅលោក ហ៊ុន សែន ថា «ការបង្ក្រាបលើបក្សប្រឆាំង និងសេរីភាពនៃការបញ្ចេញមតិមិនអាចទទួលយកបានទេ...វាជារឿងសំខាន់ណាស់ដែលយើងត្រូវតែមានជំហរច្បាស់លាស់ និងស្របគ្នាក្នុងការថ្កោលទោសលោក ហ៊ុន សែន និងការបង្ក្រាបលើសេរីភាពបញ្ចេញមតិ...ទោះបីជារដ្ឋាភិបាលរបស់យើងកំពុងស្ថិតក្នុងអន្តរកាលឆ្ពោះទៅកាន់រដ្ឋបាលថ្មីក៏ដោយ»។
ក្រុមមន្ត្រីដដែលស្នើឱ្យលោក Pompeo ធ្វើការជាមួយក្រសួងរតនាគារអាមេរិក ដើម្បីដាក់ទណ្ឌកម្មមន្ត្រីជាក់លាក់នៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសមត្ថកិច្ចដែលរ៉ាប់រងក្នុងការចាប់ខ្លួននានាដោយប្រើប្រាស់ច្បាប់ Global Magnitsky Act និងជំរុញឱ្យរដ្ឋាភិបាលផ្សេងទៀតធ្វើដូចគ្នាដែរ។
លើសពីនេះទៀត ពួកគេស្នើឱ្យក្រសួងពាណិជ្ជកម្មអាមេរិកពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជាពាក់ព័ន្ធនឹងស្ថានភាពរបស់សហជីពហើយថា មានតែសម្ពាធដ៏ធ្ងន់ធ្ងរទេ ទើបអាចប្ដូរអាកប្បកិរិយារបស់រដ្ឋាភិបាលកម្ពុជាបាន។
ស្រដៀងគ្នានេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១៧ វិច្ឆិកា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា ខ្លួនកំពុងតាមដានលើករណីបណ្តឹងតុលាការទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រអតីតបក្សប្រឆាំង។
ស្ថានទូតសរសេរថា៖ «យើងសូមអំពាវនាវឱ្យអាជ្ញាធរការពារសេរីភាពទាំងនេះ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយប្រកាន់ជំហានប្រកបដោយអត្ថន័យក្នុងការបើកឡើងវិញនូវលម្ហនយោបាយ និងលំហសម្រាប់ពលរដ្ឋនៅក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ ២០២៣»។
ពេលសួរពីមូលហេតុនៃការចេញសេចក្ដីថ្លែងការណ៍លើហ្វេសប៊ុកនេះលោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានថ្លែងថា៖ «មន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងពីក្ដីបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយកម្ពុជា និងអ្នកពាក់ព័ន្ធ។ យើងគាំទ្រប្រជាជនកម្ពុជា សិទ្ធិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញក្នុងការទទួលបានលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាន»។
ចំពោះលិខិតរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភាលោក Roedemeier ថ្លែងថា លិខិតនោះបង្ហាញពីទស្សនៈនៃសមាជិកសភាអាមេរិកពីគណបក្សនយោបាយធំៗទាំង ២។ ប៉ុន្តែស្ថាប័ននីតិប្បញ្ញត្តិនៅដាច់ និងឯករាជ្យពីស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធអត្ថាធិប្បាយអំពីករណីទាំង ២ នេះ និងបង្វែរសំណួរទៅក្រសួងការបរទេស។ ប៉ុន្តែ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការអត្ថាធិប្បាយពីសំណាក់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានទេ។
លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ទិដ្ឋភាពច្បាប់ទាំងនៅកម្ពុជា នៅអាមេរិក និងសង្គមប្រជាធិបតេយ្យដទៃទៀតមិនមានអ្វីខុសគ្នាទេ គឺថាបើមានបទល្មើសកើតឡើង សំណុំរឿងនឹងត្រូវបញ្ជូនទៅតុលាការ និងបន្តតាមនីតិវិធី។ លោកថា លិខិតរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកគឺជាទស្សនៈផ្ទាល់ខ្លួនដែលពួកគាត់អាចមានផលប្រយោជន៍ ឬទំនាក់ទំនងពិសេសជាមួយក្រុមអ្នកនយោបាយប្រឆាំង។
លោកថ្លែងដូច្នេះថា៖ «ជាគោលការណ៍កម្ពុជាធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋហើយយើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងគោរពគោលការណ៍អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការគោរពឯករាជភាព និងអធិបតេយ្យទៅវិញទៅមក និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការស្នើសុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ ឬដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជានោះមានជាយូរមកហើយ។ ប្រសិនបើមានការដាក់ទណ្ឌកម្ម ឬដក GSP វាមិនប៉ះពាល់ដល់រដ្ឋាភិបាលទេ តែវាប៉ះពាល់ដល់កម្មករនិយោជិត និងអ្នកពឹងអាស្រ័យលើកម្មករនិយោជិត ហើយអ្នកទទួលខុសត្រូវគឺសហរដ្ឋអាមេរិកទៅវិញទេ។
លោកថ្លែងថា៖ «អ៊ីចឹង អ្នកណាអ្នករំលោភសិទ្ធិមនុស្ស? ចោទកម្ពុជាថា រំលោភសិទ្ធិមនុស្ស បិទសិទ្ធិសេរីភាព ប៉ុន្តែអ្នកដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករនិយោជិត និងក្រុមគ្រួសារកម្មករនិយោជិតទេ ដែលជាអ្នករំលោភសិទ្ធិមនុស្សជាក់ស្ដែង។ ឥឡូវដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលប៉ុន្មានដណ្ដប់នាក់ហើយ សួរថា តើវាមានប៉ះពាល់ដល់មន្ត្រីទាំងនោះទេ ?វាអត់សោះ! គ្រាន់តែគេមិនបានទៅអាមេរិកវាមានងាប់អី គេរស់នៅស្រុកខ្មែរសម្បូរសប្បាយចង់ងាប់ហឹ្នង»។
លោក James Sok អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្លែងថា ក្នុងពេលដ៏ខ្លីមុននឹងអាមេរិកមានរដ្ឋាភិបាលថ្មី គ្មានសកម្មភាពអ្វីកើតមានទេចំពោះការស្នើសុំរបស់សមាជិកសភាទាំងនោះ បើទោះបីជាលោក Pompeo មានជំហរប្រឆាំងនឹងឥទ្ធិពលរបស់ចិនមកលើប្រទេសនៅអាស៊ី ជាពិសេសនៅកម្ពុជាក៏ដោយ។ លោកបន្តថា អ្វីៗអាស្រ័យលើគោលនយោបាយការបរទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ប្រធានាធិបតីអាណត្តិថ្មី ដែលនឹងចូលកាន់អាណត្តិថ្មីនៅខែមករា។
លោកថ្លែងថា៖ «បញ្ហាបន្តិចបន្តួចរឿងសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានគេបំប៉ោង រិះគន់ ដាក់ការគាបសង្កត់ តែធាតុពិតនៃការគាបសង្កត់នេះមិនមែនរឿងសិទ្ធិមនុស្សទេ វាពាក់ព័ន្ធនឹងមហាអំណាចដែលប្រកួតប្រជែងលើភូមិសាស្ត្រសេដ្ឋកិច្ចនៅក្នុងតំបន់។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ ថ្លែងថា កិច្ចប្រឹងប្រែងរបស់សមាជិកព្រឹទ្ធសភា និងរដ្ឋសភាសហរដ្ឋអាមេរិកក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា គួរតែទទួលបានការកោតសរសើរយ៉ាងខ្លាំង។ ប៉ុន្តែលោកថា វានៅតែជាចម្ងល់ថាតើលោក Pompeo អាចធ្វើតាមការស្នើឱ្យដាក់ទណ្ឌកម្មនេះនៅក្នុងអំឡុងអន្តរកាលនេះដែរឬទេ?
វីដេអូ៖