ភ្នំពេញៈ ទោះបីជាសន្ទស្សន៍សកលស្តីពីអំពើពុករលួយបានបង្ហាញថាប្រទេសកម្ពុជានៅតែរក្សាចំណាត់ថ្នាក់ទី ១៦១ ដូចឆ្នាំ ២០១៧ ក្នុងចំណោមប្រទេស ១៨០ ក៏ដោយ ប៉ុន្តែមន្ត្រីកម្ពុជាមិនបានខ្វាយខ្វល់នឹងចំណាត់ថ្នាក់នេះទេ ខណៈអ្នកតាមដានបានហៅការវាយតម្លៃនេះថា មានលក្ខណៈលម្អៀង និងមានចរិតនយោបាយ។
តាមសន្ទស្សន៍ Corruption Perception Index ដែលចេញដោយអង្គការតម្លាភាពអន្តរជាតិកាលម្សិលមិញបានដាក់ចំណាត់ថ្នាក់ប្រទេសនានាពីអំពើពុករលួយក្នុងវិស័យសាធារណៈ ក្នុងនោះ ប្រទេស កម្ពុជា បានធ្លាក់ ១ ពិន្ទុ ដោយសារ បញ្ហាលទ្ធិប្រជាធិបតេយ្យបានធ្លាក់ចុះ ដែលនេះជាចំណាត់ថ្នាក់ក្រោមគេជាប់គ្នា ៤ ឆ្នាំ ក្នុងតំបន់ប្រទេសនៅអាស៊ាន និងរក្សាចំណាត់ថ្នាក់ជិតដល់កម្រិតក្រោមគេបង្អស់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សន្ទស្សន៍ដដែលបានបង្ហាញថា ប្រទេសសិង្ហបុរី ស្ថិតនៅចំណាត់ថ្នាក់កំពូលលើប្រទេសអាស៊ានទាំងអស់ ដោយមានអំពើពុករលួយតិចជាងគេ និងស្ថិតនៅចំណាត់ថ្នាក់ទី ៣ ទូទាំងពិភពលោក ខណៈប្រទេស វៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី ១១៧ ហើយប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវស្ថិតនៅចំណាត់ថ្នាក់ទី ១៣២ ទូទាំងពិភពលោក។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីម្សិលមិញថាប្រទេសកម្ពុជាបានទទួលពិន្ទុ ២០ នៅឆ្នាំ ២០១៨ ដែលធៀបនឹងឆ្នាំ ២០១៧ បាន ធ្លាក់ចុះ ១ ពិន្ទុដោយស្ថិតក្នុងចំណាត់ថា្នក់ ១៦១ ក្នុងចំណោមប្រទេស ១៨០។ ប៉ុន្តែលោកថាជាសំណាងល្អដែលកម្ពុជានៅរក្សាចំណាត់ថ្នាក់ដដែល បើទោះជាពិន្ទុបានធ្លាក់ចុះ ដោយសារតែចុះទន់ខ្សោយនូវលទ្ធិប្រជាធិបតេយ្យក្ដី។
លោកបញ្ជាក់ថា៖ «កត្តាអ្វីដែលបានទាញកម្ពុជាឲ្យធ្លាក់ ១ ពិន្ទុគឺទាក់ទងទៅនឹងសុខភាពនៃប្រជាធិបតេយ្យដោយសារតែសញ្ញាបញ្ហាប្រជាធិបតេយ្យនៅស្រុកខ្មែរមានសុខភាពមិនល្អបានជាធ្វើឲ្យមានការធ្លាក់ពិន្ទុ»។
បើតាមសេចក្ដីថ្លែងការណ៍របស់អង្គការតម្លាភាពអន្តរជាតិថា បើទោះបីជាប្រទេសកម្ពុជា សម្រេចបាននូវលទ្ធផលជាក់លាក់មួយចំនួនដូចជាវិស័យអប់រំ ការចុះបញ្ជីសាជីវកម្ម ការប្រមូលប្រាក់ចំណូលថវិកាជាតិ និងផ្តល់សេវាសាធារណៈមូលដ្ឋានក៏ដោយ តែវានៅមិនទាន់អាចផ្លាស់ប្តូរការយល់ឃើញរបស់អ្នកជំនួញ និងសហគមន៍អាជីវកម្មនៅឡើយ ជាពិសេសអំពើពុករលួយទ្រង់ទ្រាយធំនិងអំពើពុករលួយផ្នែកនយោបាយ ត្រូវបានសង្កេតឃើញថា នៅមានទំហំដដែលឬអាចកើនឡើង។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «កំណែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធសំខាន់ៗ ជាពិសេសទាក់ទងនឹងនីតិរដ្ឋ មានភាពប្រសើរឡើងតិចតួច ឬមិនប្រសើរឡើងនោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះក៏ត្រូវបានកត់សម្គាល់ថា បរិយាកាសនយោបាយមិនអំណោយផលដែលប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិលនិងស្ថាប័នប្រជាធិបតេយ្យមួយចំនួនអាចបំពេញតួនាទីបានតិចតួចបំផុតក្នុងការត្រួតពិនិត្យ និងធានាតុល្យភាពអំណាច...»។
យ៉ាងណាក្ដី កញ្ញា វង្ស សុជាតា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរថា កម្ពុជាបានបោះជំហានជាវិជ្ជមានមួយចំនួន ក្នុងការលុបបំបាត់អំពើពុករលួយតាមវិស័យនានា ដែលបាននាំមកនូវលទ្ធផលគួរឱ្យលើកទឹកចិត្តខ្លះ។
កញ្ញាបានថ្លែងថា៖ «ការកាត់បន្ថយអំពើពុករលួយទ្រង់ទ្រាយតូចនិងការបង្កើនចំណូលថវិកាតាមរយៈការប្រមូលសារពើពន្ធនិងសេវាកម្មគយ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈជាមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។ ប៉ុន្តែ ប្រសិនបើអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ មិនត្រូវបានដោះស្រាយត្រឹមត្រូវទេនោះ អំពើពុករលួយនឹងបន្តបង្កើតអយុត្តិធម៌សង្គម និងបង្កជាហានិភ័យដល់ការ អភិវឌ្ឍប្រទេសកម្ពុជា» ។
ក៏ប៉ុន្តែលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាបានរិះគន់ការដាក់ចំណាត់ថ្នាក់របស់ស្ថាប័ន សន្ទស្សន៍ Corruption Perception Index នេះដោយលោកថា មានចេតនានយោបាយ និងមិនអាចយកជាការបាន ដោយសារការវាយ តម្លៃ និងដាក់ចំណាត់ថ្នាក់នេះ មានភាពលម្អៀងនិងមានរបៀបវារៈនយោបាយនៅពីក្រោយដោយចង់ឲ្យអន្តរជាតិមើលមកកម្ពុជាក្នុងផ្លូវអវិជ្ជមាន។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំរបាយការណ៍របស់អង្គការនេះតិចឬច្រើន មានលក្ខណៈនយោបាយទាំងផ្នែកបច្ចេកទេស ហើយអង្គការអន្តរជាតិមួយចំនួនមើលមកកម្ពុជាមិនសូវល្អសោះ ហើយគាត់ច្រើនតែបង្កប់ដោយរបៀបវារៈនយោបាយ។ យើងមើលរបៀបនៃការវាយតម្លៃរបស់គាត់និងការគន់គូររបស់គាត់គឺហាក់ដូចជាមានភាពលម្អៀងច្រើនពីស្ថានភាពជាក់ស្តែងនៅកម្ពុជា»។
លោកបន្ថែមថា ប្រទេសកម្ពុជាទទួលស្គាល់ថា មានអំពើពុករលួយតែមិនដល់កម្រិតដែលគេបានវាយតម្លៃនោះទេនិងអះអាងថា ប្រទេស ណាក៏មានអំពើពុករលួយដែរគ្រាន់តែច្រើនឬតិចប៉ុណ្ណោះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមិនខ្វល់ពីការដាក់ពិន្ទុរបស់អង្គការសង្គមស៊ីវិលនោះ តែរាជរដ្ឋាភិបាលគឺផ្អែកទៅលើគោលនយោបាយគណបក្សដែលបានឈ្នះឆ្នោតដឹកនាំប្រទេសជាតិ និងដើម្បីធានាសន្តិភាព និងស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។
លោកបញ្ជាក់ថា៖ «យើងមិនទៅឈឺក្បាលវិលមុខអារឿងគេឲ្យពិន្ទុប៉ុន្មានទេ គាត់ឲ្យប៉ុន្មានឲ្យទៅ ហើយយើងនៅបន្តធ្វើដំណើរទៅមុខ»។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទងនឹងរបាយការណ៍នេះ។យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន ប្រទេសសិង្ហបុរីបន្តឈរលើចំណាត់ថ្នាក់ប្រសើរជាងប្រទេសដទៃ បន្ទាប់ពីទទួលបាន ១ ពិន្ទុបន្ថែម និងប្ដូរពីលេខរៀងទី៦ មកនៅលេខរៀងទី ៣ នៃប្រទេសស្អាតស្អំជាងគេនៅលើពិភពលោក។
ប្រទេសហ្វីលីពីនគឺជាប្រទេសតែ ១ គត់ក្នុងតំបន់ដែលទទួលបាន ២ ពិន្ទុបន្ថែម បើប្រៀបធៀបនឹងឆ្នាំមុន ខណៈប្រទេសឥណ្ឌូេនស៊ីក៏ទទួលបាន ១ ពិន្ទុបន្ថែមផងដែរ។ ដោយឡែក ប្រទេសម៉ាឡេស៊ី និងប្រទេសឡាវ នៅរក្សាពិន្ទុដដែល ខណៈប្រទេសថៃ មីយ៉ាន់ម៉ានិងប្រទេសកម្ពុជាធ្លាក់ចុះ ១ ពិន្ទុ។ រីឯវៀតណាមធ្លាក់ចុះដល់ ២ ពិន្ទុ៕
(កែសម្រួល ព្រុំ ភ័ក្រ្ត)