បាត់ដំបង មន្ទីរ​កសិក​ម្មខេត្ត​បាត់​ដំបង ​និង ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​កំពុង​ចុះ​ជួយ​អន្តរា​គមន៍​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​និង​បូម​ទឹក​ជួយ​សង្គ្រោះស្រូវ​ប្រជា​កសិករ​ក្នុ​ង​ស្រុក​ថ្មគោ​ល​ជាង ​៨.០០០ ហិកតា ​ខណៈ​កំពុង​ប៉ះ​ពាល់​ពី​ភាព​រាំង​​ស្ងួត ។

លោក ឈឹម​ សេរី​វិចរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ​មិថុនា នេះ​ថា​ កាល​ពី​ដើម​រដូវ​វស្សា​កន្លង​ទៅ​នេះ​ភ្លៀង​បាន​ធ្លាក់​ជោកជាំ​គ្រប់​ទី​កន្លែង​ធ្វើ​ឲ្យ​ប្រជា​កសិករ​ក្នុង​ស្រុក​ថ្ម​គោល ​ក៏ដូច​ជា ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់​ដំបង​បាន​នាំគ្នា​ភ្ជ​ររាស់​ដី​និង​បាន​ដាំ​ដុះ​ស្រូវ​ដើម​រដូវវ​ស្សា។ប៉ុន្តែ​ក្រោយ​ពី​ស្រូវ​បាន​ដុះ​លូត​លាស់​បាន​ជាង​មួយ​សប្ដាហ៍​នៅ​ស្រុក​ថ្ម​គោល​ក៏​ស្រាប់​តែ​រាំង​ភ្លៀង​អស់​រយៈ​ពេល​ជាង​ ១​ ខែ​មក​ហើយ​។

លោក ​សេរី​វិចរ៉ា បាន​ថ្លែង​​ថា៖«ភាព​រាំង​ស្ងួត​ និង​កង្វះ​ប្រព័ន្ធ​ស្រោច​ស្រព​បាន​ធ្វើ​ឲ្យ​ស្រូវ​​កសិករ​ក្នុង​ស្រុក​ថ្មគោ​លចំនួន​ ៨​ ១២៤​ ហិក​តា ត្រូវ​ស្រពោន​ក្រៀម​ស្វិត​ជា​បន្ត​បន្ទាប់​​ ហេតុ​នេះហើយ​ទើប​មន្ត្រី​ជំនាញ​ ​បាន​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ និង​ អាជ្ញាធរ​ដែន​ដី​ចុះ​ជួយ​អន្ត​រាគមន៍ ​ជីក​ស្ដារ​ប្រឡាយ​និង​បូម​ទឹក​សង្គ្រោះ​​ស្រូវ​របស់​ប្រជា​កសិ​ករ​ទាំង​នោះ»​។

បើ​តាម​លោក សេរី​វិចរ៉ា​ នៅពេល​នេះ​ក្រុម​មន្ត្រីជំ​នាញ​នៃ​មន្ទីរ​កសិ​កម្ម​ និង​ មន្ទីរ​ធន​ធាន​ទឹក ​រួម​ទាំង​អាជ្ញា​ធរ​ស្រុក​ថ្ម​គោល បាន​នាំ​ជីក​ស្ដារ​ប្រឡាយ​មេ​ចំនួន​ ២ ​ខ្សែ​ដែល​មួយ​ខ្សែ​សម្រាប់​នាំ​ទឹក​ពី​ប្រឡាយ​ទំនប់​ស្ទាក់​ទឹក​ស្រុក​ប​វេល​មក​ជួយ​សង្គ្រោះ​ស្រូវ​នៅ​ក្នុង​ឃុំ​ចំនួន​ ៤ ​រួម​មាន​ឃុំ​រូង​ជ្រៃ ​ឃុំ​ជ្រោយ​ស្ដៅ​ឃុំ​បឹង​ព្រីង​ និង​ឃុំ​រុន្ធ។ ចំណែក​មួយ​ខ្សែ​ទៀត​ សម្រាប់​នាំ​ទឹក​ពី​ទំនប់​​អាង​កំពីង​ពួយ​ក្នុង​ស្រុក​បា​ណន់​ មក​ជួយ​សង្គ្រោះ​ស្រូវ​នៅ​ក្នុង​ឃុំ​ចំនួន​៣​រួម​មាន ​ឃុំ​បន្សាយ​​ត្រែង ​ឃុំ​គោក​ឃ្មុំ ​និង ឃុំ​អូរ​តាគី​។

អភិ​បាល​ស្រុក​ថ្ម​គោល​ លោក​ គឹម ​វណ្ណៈ ​នៅថ្ងៃទី២១មិថុនា​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេ​ល​នេះ ​ឃុំដែ​ល​ប្រ​ឈម​ភាព​រាំង​ស្ងួត​ខ្លាំង​ជាង​គេ​គឺ​ឃុំ​គោក​ឃ្មុំ។ ស្រូវ​ដើម​រដូ​វវស្សា​របស់​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​នេះ​ចំនួន​១.​១៤១​ហិកតាកំពុង​ប្រឈម​ផលប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរដែល​អាច​នឹង​រង​ការខូចខាត​ទាំង​ស្រុង ​ប្រសិនបើ​ការនាំទឹក​ពី​អាង​កំពីង​ពួយ​ទៅ​ស្រោច​ស្រព​មិន​ទាន់​ពេល​ទេ​នោះ​។

លោក​ វណ្ណៈ​ បាន​បញ្ជាក់​ថា៖​«នៅ​ពេល​នេះ​ យើង​កំពុង​បន្ថែម​គ្រឿង​ចក្រ ​ដើម្បី​ពន្លឿន​ការ​ជីក​ស្ដារ​ប្រ​ឡាយ​មេ ដើម្បី​នាំទឹក​ពី​អាង​កំពីង​ពួយ​បញ្ជូន​ទៅ​សង្គ្រោះ​ស្រូវ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ទាំង​នោះ​ឲ្យ​ទាន់​ពេល​វេលា​ព្រោះ​បើ​គ្មាន​ទឹក​ស្រោច​ស្រព​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត​នោះ​ស្រូវ​ទាំង​នោះ​នឹង​ត្រូវ​ខូច​បង់​ទាំង​ស្រុង»​។

យ៉ាង​ណា​ក៏​ដោយ​នៅថ្ងៃ​នេះ​​ទាំង​ប្រជាក​សិករនិងក្រុមមន្ត្រីដែល​ចូល​រួម​ក្នុង​ការងារ​នេះបាន​​សម្ដែង​ក្ដី​រីករាយ ​ ខណៈ​ការបូម​ទឹក​បញ្ជូន​ពី​អាង​ស្ទាក់ទឹក​ស្រុក​បវេល​និងពី​អាង​កំពីង​ពួយ​ស្រុក​បាណន់បាន​ទៅ​ដល់​និង​កំពុង​ជួយ​សង្គ្រោះ​​ស្រូវប្រជា​កសិករ​មួយ​ចំនួន ក្នុង​តំបន់​ដែល​កំពុង​ប្រឈម​នឹង​ភាព​រាំង​ស្ងួត​នេះ។

លោក​ លី ឈីង អាយុ ៤៥ ​ឆ្នាំ រស់​នៅ​ភូមិ​គោក​ឃ្មុំ​ខាង​ជើង ​ឃុំគោក​ឃ្មុំ ស្រុក​ថ្មគោល​ បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា តាម​រយៈ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជួយ​អន្តរា​គមន៍​នេះ​ស្រូវ​ដើម​រដូវវ​ស្សារ​បស់​គាត់​១០​ហិកតាដែល​កំពុង​ស្រ​ពោន​អាច​នឹង​ស្រស់​បំព្រង​ឡើង​វិញ​ឆាប់​ៗនេះ​។

លោក ឈីង បាន​ថ្លែងថា៖«ឥឡូវនេះ ទឹក​បាន​មក​ដល់​ និង កំពុង​ជួយសង្គ្រោះ​ស្រូវប្រជាកសិករ​ក្នុង​ឃុំ​គោក​ឃ្មុំ​យើង​ខ្ញុំ​ នៅ​ភាគខាងជើង​បាន​ប្រមាណ​២០​ភាគរយ​ហើយ ។ ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃ​ស្អែក ឬ ខានស្អែក ទឹក​នឹង​អាចបញ្ជូនទៅ​ដល់​ដី​ស្រែ​របស់​យើង​ខ្ញុំ​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឃុំ​គោក​ឃ្មុំ​នេះ​ជា​មិ​នខា​ន»។

ទោះ​ជា​បែប​ណា​ក្ដី លោក​ ឈីង បានអំពា​វនាវ​ដល់​អាជ្ញាធរពាក់​ព័ន្ធ​ឲ្យ​ជួយ​អន្តរា​គមន៍​សាង​សង់​សំណង់​អាង​ស្ទាក់​ទឹក​ ដើម្បី​រក្សាទឹក​ទុក​ស្រោ​ចស្រព នៅ​ពេល​ជួប​ប្រ​ឈម​គ្រោះ​រាំង​ស្ងួត។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេ​សាទ​ឆ្នាំ ២០១៥ ​គ្រោះ​រាំង​ស្ងួត​រយៈ​ពេល​យូរ​ ដោយបាន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជា​កសិក​រសរុប ២៣៤ ៦៩៥ ហិ​កតា​ ហើយក្នុង​នោះ​ដំណាំ​ស្រូវ​ ១៥ ៩៥៤​ ហិកតា បាន​រង​ការ​ខូច​ខាត​ទាំង​ស្រុង​៕