ភ្នំពេញៈ ឧបការី​រង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ លោក Joseph H.Felter បាន​ជួប​ជា​មួយ​នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​កាល​ពី​ព្រឹក​ម្សិលមិញ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​កម្ពុជា​ នា​ពេល​ខាង​មុខ គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​ជឿន​លឿន ​ក្នុង​ការ​អនុវត្ត​ការ​ធ្វើ​កំណែ​ទម្រង់ ក្នុង​នោះ​ក៏​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​លោក ​កឹម សុខា​ ផង​ដែរ ជា​អ្វី​ដែល​កម្ពុជា​បាន​បដិសេធ​។

លោក Joseph H. Felter ឧបការីរង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍ បាន​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី ១៥​ ដល់​ថ្ងៃ​ទី ១៦ ​ខែ​មករា​នេះ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន ​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ដែល​ចេញ​កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា លោក​ Felter នឹង​ជួប​ជាមួយ​នាយ​ឧត្តម​សេនីយ៍​ នាង ផាត​ រដ្ឋ​​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ដើម្បី​ពិភា​ក្សា​ពី​ចក្ខុ​វិស័យ​រួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក មាន​ភាព​បើក​ចំហ និង​មាន​ភាព​សេរី និង​ពិភាក្សា​ពី​ការ​ដែល​ទំនាក់​ទំនង​រវាង​យោធា និង​យោធា​ដ៏​ល្អ​មួយ​ដែល «អាច​ជួយ​កម្ពុជា ក្នុង​ការ​រក្សា​អធិប​តេយ្យ​ភាព របស់​ខ្លួន​បាន ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ដើម្បី​ធានា​បាន​នូវ​សន្តិភាព វិបុល​ភាព និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​បន្ថែមថា៖ «បន្ទាប់មក លោក (Felter) នឹង​ពិភាក្សា ពី​ជំហាន​បន្ទាប់ សម្រាប់​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ រវាង​យោធា និង​យោធា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ជឿន​លឿន ក្នុង​ការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែ​ទម្រង់​ដែល​រួម​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើរការ​ដោយ​សេរី»។

លោក Arend Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ លើ​បញ្ហា​នេះ ដោយ​សារ​តែ​រដ្ឋាភិបាល​អាមេរិក​បាន​បិទ​ផ្នែក​ខ្លះ។

ចំណែកឯ​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ មិនអាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិលមិញ។

ប៉ុន្តែ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍​នៃ​ការ​ពិភាក្សា​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា អធិប​តេយ្យ​ភាព​កម្ពុជា មិន​អាច​ប្តូរ​ជាមួយ​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​អាមេរិក​បាន​ទេ។ លោក​បាន​លើក​ឡើង​ថា ការ​ទាមទារ​ឱ្យ​ដោះ​លែង​លោក កឹម សុខា ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​យោធា គឺជា​រឿង​របស់​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ «លក្ខខណ្ឌ​នេះ គឺ​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​នេះ គឺជា​អធិប​តេយ្យ​ភាព​របស់​យើង ដូច្នេះ​ហើយ វា​មិន​អាច​ទៅ​រួច​ទេ សម្រាប់​អ្នក​នេះ ឬ​អ្នក​នោះ មក​ដាក់​លក្ខខណ្ឌ​ឬ​មក​ប្រាប់​ឲ្យ​ធ្វើ​នេះ​ឬ​ធ្វើ​នោះ.។ យើង​មិន​អាច​ប្តូរ​អធិបតេយ្យ​ភាព សិទ្ធិ និង​ច្បាប់ របស់​យើង ជាមួយ​រឿង​នោះ​ទេ»។

លោក​បន្តថា រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា អាចរ​ស់បាន​ដោយ​គ្មាន​ជំនួយ​របស់​ពួកគេ។ លោក​បន្ថែម​ថា៖ «ធម្មជាតិ​របស់​ប្រទេស​មហា​អំណាច ក៏មាន​រឿង​នេះ​ដែរ (ដាក់​សម្ពាធ​និង​ដាក់​លក្ខខណ្ឌ) ហើយ​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះទេ។ រឿង​ដូចនេះ វា​មាន​ជា​យូរ​មក​ហើយ ហើយ​មិន​ដែល​ផ្តល់​ឱកាស​ដល់​ប្រទេស​ក្រីក្រ ឱ្យធ្វើ​រឿង​អ្វី​មួយ​បាន​ងាយ​ស្រួល​នោះ​ទេ។ និយាយ​ឱ្យ​ខ្លី ពួកគេ ព្យាយាម​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​យើង​នៅ​គ្រប់​វិស័យ តាមរយៈ​ការ​ដាក់​សម្ពាធ​នេះ​សម្ពាធ​នោះ​ដែល​នេះ គឺជា​វិធានការ​របស់​ពួកគេ​ដែល​ពួកគេ​បាន​អនុវត្ត​ជា​រហូត​មក»។

ចំណែក​លោក ​ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា ប្រទេស​កម្ពុជា នឹង​មិន​ទទួល​យក​កិច្ច​សហការ​ដែល​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​បែប​នេះ​ទេ។ លោក​បន្ថែម​ថា កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ទទួល​ខុស​ត្រូវ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង និង​អនុវត្ត​ភារកិច្ច ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ។

លោក​លើក​ឡើង​ថា៖ «ប្រសិន​បើ​បរទេស ជាពិសេស​យោធា​មក​ប្រាប់​កង​យោធ​ពល​ខេមរភូមិន្ទ ដែល​ទាក់​ទង​នឹង​ករណី​របស់ កឹម សុខា យើង​មិន​អាច​ទទួល​យក​បា​នទេ។ នេះ​គឺជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ។ កង​យោធ​ពល​ខេមរ​ភូមិន្ទ មិន​មែន​ជា​ស្ថាប័ន​នយោបាយ​ទេ។ ករណី​របស់​លោក កឹម សុខា ត្រូវ​តែ​ដោះស្រាយ​ដោយ​តុលាការ មិន​មែន​ដោយ​រដ្ឋាភិបាល ឬ​ដោយ​កង​យោធ​ពល​ខេម​រភូមិន្ទ​នោះ​ទេ។ ដូច្នេះ​ហើយ​យើង​មិន​អាច​ទទួល​យក​ការ​ពិភាក្សា​ឬ​ការ​ជជែក​ណាមួយ ដើម្បី​ឲ្យ​ដោះ​លែង​គាត់​បាន​ទេ»។

លោក ស៊ី​ផាន បាន​លើកឡើងថា ការ​លើកយក​រឿង​រប​ស់លោក កឹម សុខា ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​កិច្ចការ​យោធា គឺ​មានន័យ​ថា ជា​ការ​ញុះញង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឲ្យ​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ។ លោក​បន្ត​ថា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កង​យោធ​ពល​ខេមរ​ភូមិន្ទ​អនុវត្ត​តាម​តែ​ការ​បញ្ជា​ពី​នាយករ​ដ្ឋមន្ត្រី​ប៉ុណ្ណោះ។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បាន​យក​អធិបតេយ្យ​ភាព​របស់​ប្រទេស​តូច​តាច​ទៅ​ដោះដូរ​ជាមួយ​ទំនាក់​ទំនង​ការទូត ឬ​បច្ចេកទេស។ លោក​បាន​ចោទ​សួរ​ថា តើ​តម្លៃ​អធិបតេយ្យ​ភាព​របស់​ប្រទេស​មួយ​អាច​ប្តូរ​ជាមួយ​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ទេ។

លោក​ថ្លែងថា៖ «ហេតុអ្វី បានជា​សហរដ្ឋអាមេរិក យក​រឿង​របស់​លោក កឹម សុខា ដាក់​ចូល​ក្នុង​ការ​ពិភាក្សា​ជាមួយ​កម្ពុជា? តើ​លោក កឹម សុខា ជា​ពលរដ្ឋ​អាមេរិក ឬ​ជា​អាយ៉ង​របស់​អាមេរិក ដែល​កំពុង​អនុវត្ត​គោល​នយោបាយ​របស់​អាមេរិក​នៅ​កម្ពុជា? សហរដ្ឋ​អាមេរិក គួរ​បញ្ជាក់​ថា តើ​កឹម សុខា​ជា​អ្នក​ណា?»។

លោក​បន្ថែមថា លោក កឹម សុខា គឺជា​ពលរដ្ឋ​កម្ពុជា និង​ជា​អ្នក​នយោបាយ ហើយ​គាត់​មាន​បញ្ហា​ជាមួយ​ច្បាប់​កម្ពុជា។ លោក​បន្ថែម​ថា ការ​លើក​យក​រឿង​លោក កឹម សុខា ដាក់​ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​យោធា គឺ​វា​បាន​ឆ្លុះ​បញ្ចាំង​ថា ប្រទេស​មហា​អំណាច​នេះ បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន ដើម្បី​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​តូចតាច៕