ភ្នំពេញៈ លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​ ២៨ ​ខែ​មេសា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ចំនួន​ ២៧៣ ​នាក់ ដើម្បី​ដាក់​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្វាយទៅ​ព្រះមហាក្សត្រ សូម​ព្រះរាជទាន​លើកលែង​ទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ពិសាខបូជា​ថ្ងៃ​ពុធ​​ទី​ ៦ ខែ​ឧសភា​។

ក្រសួង​យុត្ដិធម៌​បាន​បង្ហាញ​របាយការណ៍​នៃ​កិច្ចប្រជុំ​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ​ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​នេះ​ថា​ក្នុង​ឱកាស​ពិធីបុណ្យ​ពិសាខបូជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​ទី​ ៦ ខែ​​ ឧសភា ឆ្នាំ​ ២០២០ មាន​ទណ្ឌិត ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ពី​ពន្ធនាគារ​រាជធានី-ខេត្ត​ចំនួន ២០ និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​ ៤ ​ក្នុង​នោះ​មាន​ទណ្ឌិត​សរុប ២៧៣ ​នាក់ ស្រី ២៤ ​នាក់​។

កាលពី​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កាលពី​ពាក់កណ្ដាល​ខែមេសា ទណ្ឌិត​ចំនួន ១៥៥ ​នាក់ (​ស្រី ១៨ នាក់​) ក្នុង​ចំណោម​ទណ្ឌិត ៣៩៩ ​នាក់​ ត្រូវ​បាន​គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​នៃ​ក្រសួង​យុត្ដិធម៌​សម្រេច​ធ្វើសំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​មុន​ពេល​ទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទទួល​បាន​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ផងដែរ​។

លោក​ គឹម សន្ដិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ប៉ុន្តែ​លោក​បាន​ថ្លែង​កាលពី​ពាក់​កណ្តាល​ខែ​មេសា​ថា ការផ្ដល់​ភាពអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​នេះ គឺ​ធ្វើ​ទៅ​លើ​ប្រភេទ​បទល្មើស​ស្រាល​ប្រភេទ​ទណ្ឌិត​ដែល​ទទួល​អនុវត្ដ​ទោស​បាន​តាម​លក្ខខណ្ឌ​ហើយ​សល់​រយៈពេល​តិចតួច​សល់​រយៈពេល​ខ្លី​ ឬ​មួយ​ក៏​ជា​ទណ្ឌិត​ដែល​មាន​វ័យចាស់​ជរា​នៅក្នុង​ពន្ធនាគារ​មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ក៏​ជា​ទណ្ឌិត​ដែល​មាន​ពិការភាព​ជាដើម​។

លោក​បាន​ថ្លែង​ទៀតថា​៖ «​ដូច្នេះ​ហើយ​យើង​បាន​ធ្វើការ​ពិនិត្យ​ល្អិតល្អន់​ណាស់ ចំពោះ​ចំនួន​ទណ្ឌិត​ដែល​ត្រូវ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​នេះ​»​។

លោក នុត សវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា​ថា បច្ចុប្បន្ន​ទណ្ឌិត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជិត​ ៤ ​ម៉ឺន​នាក់​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ស្នើ​ឲ្យ​មាន​ការបន្ថែម​ចំនួន​នៃ​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធីបុណ្យ​ជាតិ​ធំៗ ខណៈ​ដែល​ស្ថានភាព​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ក្នុង​ពេល​បច្ចុប្បន្នកំពុង​មាន​ភាពចង្អៀតណែន​។

លោក​ថា​៖ «​បើ​យើង​ពិនិត្យមើល​នីតិវិធី​ច្បាប់​ចាប់តាំងពី​មន្ដ្រី​នគរបាល​យុត្ដិធម៌​អនុវត្ដ​ច្បាប់ យើង​ឃើញ​ថា បទល្មើស​ស្រាលៗ​មិន​គួរណា​ជ្រើស​យក​មធ្យោបាយ​ឃុំខ្លួន​នោះទេ ក្នុង​ខណៈ​ពន្ធនាគារ​កំពុង​តែ​ចង្អៀតណែន​»​។

លោក​ សែនករុណា បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ធ្វើការ​ពិនិត្យ​ចំពោះ​ទណ្ឌិត​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ចំពោះ​ឥរិយាបថ​របស់​ពួកគាត់​ហើយ​បើសិន​ជា​ពួកគាត់​មាន​ការកែប្រែ​ខ្លួន មាន​ឆន្ទៈ​យល់​ពី​កំហុសឆ្គង​របស់ខ្លួន​ដែល​បាន​ធ្វើ​កន្លងមក នោះ​គួរតែ​មាន​ការពិចារណា​គិតគូរ​ដល់​ពួកគាត់​ដើម្បី​ឱ្យ​ពួកគាត់​មាន​ឱកាស​ទទួល​បាន​ការលើកលែង​ទោស​ផងដែរ​៕