ស្ទឹងត្រែងៈ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ប្រណីត ដែល​បាន​យក​ឈើ​ប្រមាណ​ជាង ១០០ ម៉ែត្រគុប មក​រក្សា​ទុក​ដោយ​គ្មាន​ច្បាប់ នៅ​ក្នុង​ភូមិ​រិទ្ធី​សែន​ជ័យ១ ឃុំ​អូរស្វាយ ស្រុក​បូរី​អូរស្វាយ​សែន​ជ័យ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង លោក អន ច័ន្ទសុជាតិ បាន​ឲ្យ​ដឹង​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា​នេះ ឈើ​ប្រណីត​ទាំងអស់ត្រូវ​បាន​មន្ត្រី​ជំនាញ​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​រួច​អស់​ហើយ បន្ទាប់​ពី​ធ្វើ​ការ​រឹបអូស​ពី​ម្សិលមិញ។

ប៉ុន្តែ លោកថ្លែងថា៖«អត់​ទាន់​ដឹង​ថា ឈើ​ទាំងអស់​ហ្នឹង​មាន​ចំនួន​ប៉ុន្មាន ហើយ​ជា​ប្រភេទ​ឈើ​អី​ខ្លះ​ទេ ដោយសារ​តែ ខាង​នាយ​ផ្នែក​នៅ​មិនទាន់​បាន​ផ្តល់​ទិន្នន័យ​មក​ខ្ញុំ​ទេ»។

បើ​តាម​លោក ច័ន្ទសុជាតិ ការ​ចុះ​ទៅ​បង្ក្រាប​និង​រឹបអូស​ឈើ​ប្រណីត​នេះ មន្ត្រី​ជំនាញ​រក​មិន​ឃើញ​ម្ចាស់​ឈើ​ប្រណីត​ទាំង​នោះ​ឡើយ។

លោកថា៖​«យ៉ាង​ណា​ជំហាន​បន្ទាប់ យើង​នឹង​ធ្វើ​សេចក្តី​ជូន​ដំណឹង​ដើម្បី​ឲ្យ​ម្ចាស់​ឈើ​ចូល​ខ្លួន​មក​សារភាព ហើយ​បើ​សិន​ជា​គាត់​នៅ​តែ​មិនចូល​មក​សារភាព​អី​ទេ យើង​នឹង​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ដោយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ»។

លោក ដួង វិចិត្រ មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹងត្រែង ដែល​សហការ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាត់​តាំងកម្លាំង​ចុះ​ពិនិត្យ ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឃើញ​ថា ពុំ​មាន​ឯកសារ​ច្បាប់​ត្រឹម​ត្រូវ​ឡើយ។

លោក​ថ្លែង​ថា៖ «ក្រោយ​ពិនិត្យ​ដឹង​ថា គ្មាន​ច្បាប់ និង​ក្រោម​កិច្ច​សម្រប​សម្រួល​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​បាន​សម្រេច​ធ្វើ​ការ​ដក​ហូត នាំ​ឈើ​ទាំង​នោះ ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត។ ឈើ​ទាំង​នោះ ត្រូវ​ដឹក​ចំនួន ៤ រថយន្ត​យីឌុប និង​រថយន្ត​វ៉េអង ទើប​អស់»។

បើតាមលោក ដួង វិចិត្រ ឈើ​ទាំង​នោះ​មិន​ទាន់​វាស់​វែង​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន ឈើ​ទាំង​នោះ​មាន​ប្រមាណ​ជាង ១០០​ម៉ែត្រគុប​ត្រី​គុណ ដែល​មាន​ឈើ​គ្រឿង និ​ងឈើ​ក្តារ រាប់ពាន់​សន្លឹក៕