ភ្នំពេញៈ មន្ត្រីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងមន្ត្រីក្រសួងការងាររំពឹងថា នឹងមានលទ្ធផលវិជ្ជមានក្រោយពេលប្រតិភូពីសហភាពអឺរ៉ុបបញ្ចប់បេសកកម្មស្វែងរកការពិតនៅកម្ពុជារយៈពេល ៧ ថ្ងៃកន្លងមក។
មន្ត្រីពីគណៈកម្មការអឺរ៉ុប និងមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិបានបញ្ចប់បេសកកម្មស្វែងរកការពិតរបស់ខ្លួននៅកម្ពុជាបន្ទាប់ពីបានបំពេញទស្សនកិច្ចពីថ្ងៃទី ៣ ដល់ទី ១០ ខែ មិថុនា។ ទស្សនកិច្ចនេះជាផ្នែកមួយនៃការត្រួតពិនិត្យ និងវាយតម្លៃដែលនឹងប្រព្រឹត្តឡើងរហូតដល់ពាក់កណ្ដាលខែសីហា ដែលជានីតិវិធីមុនឈានដល់ការសម្រេចថា តើត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាឬអត់?។
បើតាមការប្រកាសព័ត៌មាន បន្ទាប់ពីបិទការត្រួតពិនិត្យវាយតម្លៃនេះ សហភាពអឺរ៉ុបនឹងសរសេររបាយការណ៍អំពីការរកឃើញ និងធ្វើសេចក្តីសន្និដ្ឋាន ហើយថា កម្ពុជាមានពេល ១ ខែ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នេះ។ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ សហភាពអឺរ៉ុបបានចាប់ផ្ដើមជាផ្លូវការនូវនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដែលអាចឈានដល់ការផ្អាកទាំងស្រុង ឬដោយផ្នែកលើប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាចូលទៅទីផ្សារអឺរ៉ុប។
សហភាពអឺរ៉ុបបានថ្លែងថា នីតិវិធីផ្អាកនេះដោយសារតែមានក្តីបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារដូចមានចែងក្នុងអនុសញ្ញានានាដែលពាក់ព័ន្ធ។ សហភាពអឺរ៉ុបថា ដំណើរការត្រួតពិនិត្យ និងវាយតម្លៃកាលពីពេលថ្មីៗនេះបានជួបជាមួយមន្ត្រីរដ្ឋាភិបាល អង្គការអន្តរជាតិ សហជីពការងារ អង្គការធុរកិច្ច សង្គមស៊ីវិល និងស្ថានទូត នៃប្រទេសសមាជិកសហភាពអឺរ៉ុប និងប្រទេសផ្សេងទៀត។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានសរសេរថា៖ «គោលបំណងរបស់សហភាពអឺរ៉ុបគឺដោះស្រាយក្តីបារម្ភរឿងសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហភាពអឺរ៉ុបប្ដេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីសម្រេចបានគោលដៅនេះ។ កម្ពុជាត្រូវតែបង្ហាញការរីកចម្រើនពិតប្រាកដ និងអាចជឿទុកចិត្តបានលើបញ្ហាដែលជាក្តីបារម្ភដើម្បីបញ្ចៀសការដកប្រព័ន្ធអនុគ្រោះ EBA»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានថ្លែងថា លោកតែងតែមានអារម្មណ៍វិជ្ជមានលើលទ្ធផល (នៃការត្រួតពិនិត្យ) ទៅលើឧស្សាហកម្មកាត់ដេរដោយសារតែអ្នកដែលនៅក្នុងឧស្សាហកម្មនេះមានភាពជឿជាក់លើការបំពេញការងារក្នុងការគោរពសិទ្ធិការងារ ដោយគោរពទៅតាមច្បាប់ជាតិ បទដ្ឋានការងារអន្តរជាតិ និងអនុសញ្ញាដែលកម្ពុជាបានអនុម័តទទួលយក។
លោកថ្លែងថា GMAC សូមអរគុណដែលសហភាពអឺរ៉ុបបង្ហាញការកត់សម្គាល់ដោយបានលើកឡើងថា «បេសកកម្មនេះ បានកត់សម្គាល់ឃើញជំហានដែលបានរាយការណ៍ដោយកម្ពុជាឆ្ពោះទៅរកការគោរពប្រកបដោយការរីកចម្រើនលើបទដ្ឋានអន្តរជាតិអំពីសេរីភាពនៃសមាគម និងការចរចាជាសមូហភាព ក៏ដូចជាការដោះស្រាយជម្លោះដីធ្លីជាច្រើន ពាក់ព័ន្ធនឹងការធ្វើសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងកាលពីម្សិលមិញថា ក្នុងជំនួបជាមួយភាគីសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រមុន ក្រសួងការងារបានប្រាប់ទៅក្រុមការងារសហភាពអឺរ៉ុប ដែលរួមមានសក្ខីភាព និងបច្ចុប្បន្នភាពថ្មីៗស្ថិតិនៃការចុះបញ្ជីសហជីព និងការអនុវត្តកាន់តែរលូននៃនីតិវិធីចុះបញ្ជី ការពង្រឹងតួនាទីសហព័ន្ធសហជីព និងសហភាពសហជីពក្នុងការជួយទៅដល់សហជីពមូលដ្ឋាន ការដោះស្រាយបណ្តឹង និងសំណូមពររបស់សហជីព ក៏ដូចជាការផ្តល់សេវាផ្នែកច្បាប់ដល់សហជីព ការរៀបចំលិខិតបទដ្ឋានបន្ថែមក្នុងការចរចាអនុសញ្ញារួម។
លើសពីនេះ ក្រសួងការងារក៏បានបង្ហាញពីការកសាងលិខិតបទដ្ឋានបន្ថែម និងចាត់វិធានការលើសកម្មភាពរើសអើងសហជីព ការកំណត់ថេរវេលាច្បាស់លាស់ក្នុងការប្រើប្រាស់ប្រភេទកិច្ចសន្យាការងារ ការពិភាក្សាក្នុងក្របខ័ណ្ឌយន្តការត្រីភាគីក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ការត្រៀមអនុវត្តសាកល្បងក្នុងការរុញសំណុំរឿងវិវាទការងារបុគ្គលដែលពាក់ព័ន្ធនឹងសិទ្ធិទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលចាប់ពីឆ្នាំ ២០២០។
លោកបានថ្លែងថា៖ «សិទ្ធិការងារ និងលក្ខខណ្ឌការងារគឺត្រូវបានធានា និងគោរពតាមស្តង់ដាអន្តរជាតិតាំងពីដើមរៀងមក»។
សហភាពអឺរ៉ុបបាននិយាយថា កម្ពុជាបាននាំចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុបក្នុងកម្រិត ១៨% កាលពីឆ្នាំ ២០១៨ និងការនាំចេញពីកម្ពុជាចូលទីផ្សារអឺរ៉ុបមានទឹកប្រាក់ ៥,៣ ពាន់លានអឺរ៉ូ ដែលក្នុងចំនួននេះ ទំនិញស្ថិតក្រោមប្រព័ន្ធ EBA មាន ៩៥ ភាគរយ។ ក្នុងទំហំទឹកប្រាក់នេះ មាន៤ពាន់លានអឺរ៉ូគឺជាទំនិញផ្នែកសម្លៀកបំពាក់ និងវាយនភណ្ឌ៕