ភ្នំពេញៈ ក្រសួងបរិស្ថាន​ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៥ ​លាន​រៀល​ ទៅដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់​ក្រសួង​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍ សម្រាល​កូន និង​ទទួល​មរណភាព​ចាប់ពី​ថ្ងៃទី ១ ខែ​ មករា ឆ្នាំ​ ២០២០ តទៅ ដើម្បី​ចូលរួម​លើកកម្ពស់​ស្ថានភាព​ជីវភាព​របស់​ពួកគេ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួងបរិស្ថាន​ចុះ​ថ្ងៃទី ១៧ ធ្នូ បាន​ឲ្យ​ដឹងថា ក្រសួង​បរិស្ថាន​ដែល​មាន​គណៈកម្មការ​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងបរិស្ថាន​ទទួល​អនុវត្ត​នូវ​គោលនយោបាយ​ស្តីពី «​កិច្ចគាំពារ​មន្ត្រី​រាជការ​ក្រសួងបរិស្ថាន​» ​នឹង​ធ្វើការ​រៀបចំ​សម្របសម្រួល​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​មន្ត្រីរាជការ​រៀបអាពាហ៍ពិពាហ៍ មន្ត្រីរាជការ​នារី​សម្រាល​បុត្រ និង​មន្ត្រីរាជការ​ទទួល​មរណភាព​នូវ​ថវិកា​ ៥ ​លាន​រៀល​។

ក្រសួង​បន្តថា​៖ «​គោលការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​ស្ថានភាព​ជីវភាព​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​»​។

លោក នេត្រ ភត្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ពី​ម្សិលមិញ​ថា ថវិកា​ឧបត្ថម្ភ​សម្រាប់​មន្ត្រីរាជការ​រៀប​អាពាហ៍ពិពាហ៍ មន្ត្រីរាជការ​នារី​សម្រាល​បុត្រ និង​មន្ត្រីរាជការ​ទទួល​មរណភាព​ត្រូវ​បាន​កែសម្រួល​ពី​ការផ្តល់​ថវិកា​ ៣ ​លាន​រៀល​កាលពី​ឆ្នាំ ២០១៩ រហូត​ដល់ ៥ ​លាន​រៀល​ចាប់ពី​ឆ្នាំ​ ២០២០ ក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​ស្តីពី «​កិច្ចគាំពារ​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​»​។

លោក​បន្តថា ថវិកា​ឧបត្ថម្ភ​សម្រាប់​មន្ត្រី​រាជការ​នេះ គឺជា​ការគិតគូរ​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​សុខទុក្ខ​របស់​មន្ត្រីរាជការ​ក៏ដូចជា ចូលរួម​លើកទឹកចិត្ត និង​ជួយ​គាំទ្រ​ដល់​ជីវភាព​របស់​មន្ត្រីរាជការ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រីរាជការ​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​បញ្ញា​បម្រើ​ការជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។

លោក​បន្តថា​៖ «​រហូត​មក​ទល់​ពេលនេះ​មន្ត្រីរាជការ​ជាច្រើន​បាន​ទទួល​គោលនយោបាយ​ស្តីពី​កិច្ច​គាំពារ​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​នេះ​។ ប៉ុន្តែ​ខ្ញុំ​មិនទាន់​មាន​ទិន្នន័យ​ជាក់លាក់​នៅឡើយ​ទេ​។ ថវិកា​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ស្តីពី​កិច្ច​គាំពារ​មន្ត្រីរាជការ​ក្រសួង បរិស្ថាន​នេះ​ទទួល​បានមកពី​មូលនិធិ​បរិស្ថាន និង​សង្គម​»​។

យោងតាម​សារាចរ​ណែនាំ​ស្តីពី​គោលការណ៍ និង​នីតិវិធី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​លើ​ការផ្តល់​សេវាសាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច​ឆ្នាំ ២០១៣ ចែងថា ក្រសួង ស្ថាប័ន អាច​ធ្វើការ​កាត់​ទុក​ជា​មុន​នូវ​ចំណែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដោយ​កាត់​យក​ពី​ប្រាក់ចំណូល​ដែល​ប្រមូល​បាន​ពី​ការបំពេញ​ភារកិច្ច​គ្រប់គ្រង ប្រមូល​ចំណូល​ផ្តល់​សេវាសាធារណៈ និង​ការផាកពិន័យ​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រី​ដែល​បំពេញ​ភារកិច្ច​ផ្ទាល់ និង​មន្ត្រី​ផ្សេងៗ​ទៀត​។

សារាចរ​ដដែល​បន្តថា ប្រាក់រង្វាន់​ដែល​បាន​កាត់​ទុក​នេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​ប្រាក់​បុរេប្រទាន​ដែល​បាន​បើក​ផ្តល់​ដោយ​ថវិកាជាតិ និង​ត្រូវ​រក្សាទុក​នៅក្នុង​រជ្ជទេយ្យ​ចំណូល ហើយ​វា​ក៏​អាច​ប្រើប្រាស់​សម្រាប់​ពង្រឹង​យន្តការ​ប្រមូល​ចំណូល​សម្រាប់​ក្រសួង​ស្ថាប័ន​ទាំងនោះ​ផងដែរ​។

លោក ជុត មន្នី អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​មុខងារ​សាធារណៈ​គាំទ្រ​ចំពោះ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ ជាពិសេស​ចំពោះ​ស្ត្រី​ដែលមាន​ផ្ទៃពោះ ព្រោះ​វា​ជាការ​ត្រឹមត្រូវ​ដែល​មិន​ខុស​នឹង​ច្បាប់​កម្ពុជា​នោះទេ​។

លោក​បន្តថា អ្វី​ដែល​សំខាន់​គឺ​រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដែល​មាន​លទ្ធភាព​ត្រូវ​លើកទឹកចិត្ត​ដល់​មន្ត្រី​របស់ខ្លួន​តាមរយៈ​ថវិកា​ដែល​ក្រសួង​រកចំណូលបាន​។

លោក​បញ្ជាក់ថា​៖ «​គោលការណ៍​ទាំងនេះ​គឺ​អាស្រ័យ​ទៅលើ​ការដឹកនាំ​របស់​រដ្ឋមន្ត្រី​នីមួយៗ​ដែល​គាត់​មាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​ជា​ប្រាក់​អបហារ​ដែល​ពួកគាត់​ប្រឹងប្រែង​ធ្វើការ​បាន​ពី​រដ្ឋ​លើក​ទឹកចិត្ត​។ ឧទាហរណ៍​ដូចជា​គាត់​រក​ចំណូល​រក​អី​បាន​ច្រើន​ដែល​យកប្រាក់​អបហារ​នេះ​ទៅ​លើកទឹកចិត្ត​ដល់​មន្ត្រី​គេ​វិញ​»​។

លោក បន្តថា​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន​នៅពេល​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា ក្រសួង​មួយ​នេះ​រកចំណូល​បាន​ច្រើន ម្យ៉ាង​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​មន្ត្រី​របស់ខ្លួន ដែល​បានផ្តល់​ជា​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ទៀត​ពី​លើ​ការផ្តល់​ជូន​របស់​រដ្ឋាភិបាល​។

លោក​ថ្លែងថា​៖ «​ក្រសួង​ផ្សេង​ដទៃទៀត​ក៏​គេ​អាចធ្វើ​អ៊ីចឹង​បានដែរ គ្រាន់តែ​នេះ​ជា​លក្ខណៈ​ការដឹកនាំ​ឈ្លាសវ៉ៃ​របស់​ថ្នាក់ដឹកនាំ​ហើយ​វា​ស្រប​ទៅ​នឹង​គោលនយោបាយ​លើកកម្ពស់​ស្ត្រី​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់ប្រាក់​គាំពារ​ស្ត្រី​ដូចគ្នា​អីហ្នឹង​។ បើ​ក្រសួង​ទាំងអស់​ធ្វើ​បែបនេះ​បាន​ទាំងអស់​គ្នា​ក៏​ល្អ​ដែរ​ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ក្រសួង​នីមួយៗ​ដែល​រកចំណូល​បាន​ច្រើន ឬ​​តិច​ពីព្រោះ​មិន​អាច​ចាប់បង្ខំ​បានទេ​»៕