មណ្ឌលគិរីៈ មន្ត្រី​ខេត្ត​មណ្ឌល​គិ​រី​ ថ្លែងថា ​អាជ្ញាធរ​ថ្នាក់ជាតិ​មាន​ដូចជា​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងបរិស្ថាន​កំពុង​ចាត់​វិធាន​ការ​​ស៊ើបអង្កេត​លើ​លោក សេង សុវណ្ណារ៉ា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ដែល​បានធ្វើ​លិខិត​ក្លែង​បន្លំ​ដើម្បី​រំលោភ​យក​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុងស្រុក​កោះ​ញែក​ និង​ដែន​ជម្រក​​សត្វព្រៃ​កែវ​សីមា​ក្នុងស្រុក​អូររាំង​ ខេត្ត​មណ្ឌលគិរី។

មន្ត្រី​សុំ​លាក់​អត្តសញ្ញាណ​ម្នាក់​​ប្រាប់​ភ្នំ​ពេញប៉ុស្ដិ៍​ម្សិលមិញ​ថា ​ករណី​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ និង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ របស់​លោក​ សេង សុវណ្ណារ៉ា ​បាន​ធ្លាក់​ទៅ​ដល់ដៃ​​លោក ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ហើយ។ ​កាល​ពី​ពេល​ថ្មី​ៗនេះ ​មន្ត្រី​ជំនាញ​ខាង​ក្រសួង​មហាផ្ទៃ​ក៏បាន​ចុះ​ស៊ើប​អង្កេត​ករណីនេះ​ផ្ទាល់​ ដល់​ខេត្ត​រតនគិរី​ដែរ។

មន្ត្រី​លាក់​ឈ្មោះ​នោះ​ថា​៖ «​សំណុំរឿង​ហ្នឹង ​បាន​រាយការណ៍​ទៅដល់​ក្រសួង​បរិស្ថាន​ និង​ទៅដល់​ក្រសួង​មហាផ្ទៃ។ ទាំង​ករណី​នៅដែន​ជម្រក​សត្វព្រៃ​នៅ​អូររាំង​និង​កោះ​ញែក​ហ្នឹង​ ប៉ុន្តែ​ធ្វើ​ម៉េច​កុំឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​របស់​ខ្ញុំ ។ និយាយ​រួម​ទៅ (ចំ​ណាត់​ការ)​ កំពុងស្ថិត​ក្នុង​ដៃ​របស់​ថ្នាក់​ដឹក​នាំ» ។

ការបញ្ចេញ​ព័ត៌មាន​ពី​មន្ត្រី​សុំ​លាក់​ឈ្មោះ​នេះ ​គឺ​កាលពី​ពាក់​កណ្ដាល​ខែ កក្កដា​ ឆ្នាំ ២០១៩ ​ក្រុម​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌល​គិ​រី​បាន​ចែកចាយ​តាម​ទំព័រ​ហ្វេ​សប៊ុក​នូវ​លិខិត​ចំនួន​ ៣ សន្លឹក ។ ​ពួកគេ​​អះអាងថា ​ជា​លិខិត​បែកធ្លាយ​របស់​លោក សេង សុវណ្ណារ៉ា ​បានស្នើ​សុំ​ទៅ​រដ្ឋបាលខេត្ត​មណ្ឌល​គិ​រី ដើម្បី​កាន់កាប់​ដី​ចំនួន ៣ ទីតាំង ​ដែលមាន​ទំហំ​ជាង ១ ពាន់​ហិកតា ​ស្ថិតក្នុង​ស្រុក​អូររាំង​ និង​ស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌល​គិរី​ ខណៈ​ក្រុម​ជនជាតិ​ដើម​ភាគតិច​សង្ស័យថា​ ដី​ភាគ​ច្រើន​គឺ​ស្ថិតក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច​ និង​កែវ​សីមា ​និង​មួយចំនួន​ទៀត​លើដី​សហគមន៍​របស់​ប្រជាពលរដ្ឋ។

លិខិត​ទី១ ​លោក​ សេង សុវណ្ណារ៉ា ​បាន​អះអាងថា​ លោក​មាន​ដី​ជា​កម្មសិទ្ធិ​ចំនួន ២៩២ ហិកតា​ ស្ថិត​ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិ​រី។ ​លិខិត​នេះ​ត្រូវ​បានចុះ​ហត្ថលេខា​ និង​បោះត្រា​ទទួលស្គាល់​ចាប់ពី​មេភូមិ​ពូ​ហ្សា​ម​ឈ្មោះ ​ញ៉ាង ម្យក់ ​មេឃុំ​សែន​មនោ​រម្យ​ឈ្មោះ​ ថ្វាន់ ត្រែល​ អភិបាល​ស្រុក​អូររាំង​ឈ្មោះ ​នង ទណ្ណា​រី ​កាលពី​អំឡុង​ខែ ធ្នូ​ ឆ្នាំ ២០១៨ ​និង​ការចុះ​ហត្ថលេខា​ និង​បោះត្រា​ទទួល​ស្គាល់​ពី​លោក​ស្វាយ សំ​អ៊ាង​ អភិ​បាល​ខេត្ត​កាលពី​ខែ មករា​ ឆ្នាំ ២០១៩​។

លិខិតទី២ លោក សេង សុវណ្ណា​រ៉ា ​បាន​ស្នើសុំ​កាន់កាប់​ដី​ចំនួន ៩៩០ ហិកតា​ទៀត ​ក្នុង​ភូមិ​អ​ន្ត្រេះ​ ឃុំ​អរ​បួន​លើ ​ស្រុក​កោះ​ញែក និង​មានការចុះ​ហត្ថលេខា ​និង​បោះត្រា​ទទួលស្គាល់​ចាប់ពី​ភូមិ​ឃុំ​ស្រុក ​និង​រហូតដល់​អភិបាល​ខេត្ត​ដូចគ្នា​កាលពី​ខែ មករា​ ឆ្នាំ ២០១៩។ ​

លិខិត​ទី៣ ​លោក ​សេង សុវណ្ណារ៉ា​ ក៏​អះអាងថា​ ខ្លួន​ក៏មាន​ដី​មួយកន្លែង​ទៀត​ស្ថិត​ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ​ប៉ុន្តែ​លិខិត​នេះ​ ទើប​ចុះហត្ថលេខា​ទទួលស្គាល់​ត្រឹម​លោក ​អ៊ុង សេរី​វុទ្ធី ​មេភូមិ​ពូ​រាំង​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី ១​ ខែ វិច្ឆិកា ​ឆ្នាំ ២០១៨។

លោក ច្រើ​ត អុិន ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ពូ​រាំង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ដី​ចំនួន​ ៩៩០​ ហិកតា​ ក្នុង​ស្រុក​កោះ​ញែក ​ដែល​លោក​អភិបាលខេត្ត​មណ្ឌល​​គិ​រី​ទទួលស្គាល់ថា​ជា​ដី​របស់​លោក​ សេង សុវណ្ណារ៉ា ​ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច។ ដី​ចំនួន​ ២៩២ ហិកតា​ទៀត ​ដែល​លោក ​សេង សុវណ្ណារ៉ា​ ស្នើសុំ​កាន់កាប់​និង​ទទួលស្គាល់​ពី​អភិបាលខេត្ត​មណ្ឌល​គិរី ​ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា។

លោក​បន្តថា​ ចំណែក​ដី​ចំនួន​ ៤៧២ ហិកតា​ទៀត ​របស់​លោក​ សេង សុវណ្ណារ៉ា ​គឺជា​ដី​របស់​ពលរដ្ឋ​នៅ​ភូមិ​ពូ​រាំង ប៉ុន្តែ​ដី​នេះ​ ត្រូវ​បាន​អភិបាល​ខេត្ត​មណ្ឌល​​គិរី​លោក ​ស្វាយ សំ​អ៊ាង​ ប្រកាស​ដក​ឱ្យ​ពលរដ្ឋ​​វិញ ​ក្រោយ​​មាន​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់​ដាក់​ទៅ​សាលា​ខេត្ត។

លោក​ថា​៖ «ប៉ុន្តែ​បើទោះបី​គាត់ ​(ស្វាយ សំ​អ៊ាង)​ ប្រកាស​ឱ្យ​ដី​នោះមក​ពលរដ្ឋ​វិញ​ក្ដី​ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​ព្រួយបារម្ភ​ថា ​លោក សេង សុវណ្ណារ៉ា ​នឹង​អាចមក​រំលោភ​ជាថ្មី។ ព្រោះ​កន្លងមក ​គាត់​តែង​ចុះមក​គំរាម​ពលរដ្ឋ​ថា ​គាត់​មាន​លិខិត​សំអាង​​ពី​ខេត្ត​ថា​ ដី​ទាំងនោះ គឺជា​កម្មសិទ្ធិ​របស់​គាត់»។

ពី​ម្សិលមិញ ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់ទង​​លោក​ សេង សុវណ្ណារ៉ា ​បាន​ទេ​ ដោយសារ​ទូរស័ព្ទ​លោក​មិនអាច​ហៅចូល​បាន ខណៈ​លោក សុក សេ​រ៉ា ​មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​មណ្ឌល​គិ​រី​បញ្ជាក់ថា​កំពុង​ជាប់រវល់​ប្រជុំ។

លោក​ ជិន ម៉ា​លីន ​មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ថ្លែងថា​ រឿង​ចោទប្រកាន់​លោក ​សេង សុវណ្ណារ៉ា​ ថា​រំលោភ​យក​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ មិនពាក់ព័ន្ធក្រសួងទេ។

លោក​បញ្ជាក់ថា​៖ «អានេះ​វា​គឺជា​វិវាទ​រវាង​បុគ្គល​ឯកជន​ជាមួយ​សហគមន៍​ពាក់ព័ន្ធ​ទៅនឹង​កម្ម​សិទ្ធិ​​ដីធ្លី។ អ៊ីចឹង​ទេ រឿង​នេះ​វា​អត់​មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​ទេ ​បាន​ន័យ​ថា​ ឱ្យ​ដោះស្រាយ​តាម​យន្តការ​ច្បាប់ ​ប្រសិនបើ​យល់ឃើញថា​គាត់​រំលោភ​បំពាន ​អាហ្នឹង​ប្ដឹង​ផ្ដល់​គ្នា​ទៅតាម​យន្តការ​ដែល​មាន​ស្រាប់​ទៅ»៕