មណ្ឌលគិរីៈ អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព​លើក​ឈើ​ដាក់​លើ​រថយន្ត និង​ការដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ ទ្រី ភាព ចំនួន​ ១២២ ម៉ែត្រគុប​កាលពី​សប្តាហ៍​មុន​នៅ​សង្កាត់​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​ស្ថានភាព​ជាក់ស្ដែង​ចៀសវាង​ការប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ស្របច្បាប់​។

លោក​ អ៊ុំ វណ្ណសុភៈ នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ថ្លែង​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ចម្រុះ​មកពី​គណៈកម្មការ​ចម្រុះ​ខេត្តមណ្ឌលគិរី​ប្រមាណ​ជាង​ ១០ ​នាក់​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​ចំពោះ​សកម្មភាព​លើក​ឈើ​ដាក់​លើ​រថយន្ត និង​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ ទ្រី ភាព អ៊ីមផតអ៊ិចផត​។ ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ស្របច្បាប់ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ឈ្នះ​ការដេញថ្លៃ​ទិញ​ពី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៩​។

លោក​ថា ក្រោយពី​គណៈកម្មការ​ចុះពិនិត្យ​ជាក់ស្ដែង​ក្រុមហ៊ុន​ ទ្រី ភាព បាន​ដឹកជញ្ជូន​ឈើ​ទាំងនោះ​បាន​ចំនួន ៧ ​រថយន្ត​ហើយ​។ ក្រុមហ៊ុន​កំពុង​បន្ត​លើក​ឈើ​ដាក់​លើ​រថយន្ត​ដឹក​ជា​បន្តបន្ទាប់​ទៀត ខណៈ​ឈើ​នៅ​សេសសល់​ត្រឹមតែ​ ៣ ​ឬ​ ៤ ​រថយន្ត​ទៀត​។ រថយន្ត​ទាំងនោះ​បាន​ដឹកជញ្ជូន​ឈើ​ពី​រដ្ឋបាល​ព្រៃឈើ​សែន​មនោរម្យ​ស្ថិត​នៅ​សង្កាត់​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​ឆ្ពោះ​ទៅ​រាជធានី ខេត្ត​មួយ​ចំនួន​ដូចជា ខេត្តកំពត រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ខេត្ត​ព្រះសីហនុ និង​ខេត្ត​ត្បូងឃ្មុំ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ហើយ គឺ​ក្រុមហ៊ុន​មិនមាន​ប្រព្រឹត្តភាព​មិន​ប្រក្រតី ឬ​លួច​កាប់​ឈើ​ពី​កន្លែង​ផ្សេង​បន្ថែមទៀត​ទេ គឺ​គាត់​គោរព​តាម​ច្បាប់​។ ដូច្នេះ​យើង​បានចេញ​លិខិត​អនុញ្ញាត​ឲ្យ​គាត់​ដឹកជញ្ជូន​ឈើ​ទាំងនេះ​ស្របច្បាប់​។ យើង​អនុវត្ត​ការងារ​ទាំងនេះ​គឺ​សុទ្ធតែ​គោរព​តាម​ច្បាប់ និង​គោរព​តាម​ការណែនាំ​របស់​ថ្នាក់លើ​។ ខ្ញុំ​មិនមែន​ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​ខ្លួនឯង​ទេ ព្រោះ​កន្លងមក​គេ​ចោទ​ពួកខ្ញុំ​ធ្វើ​ការងារ​មិនល្អ ឬ​ធ្វើ​រឿង​មិន​ប្រក្រតី ដូច្នេះ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​»​។

លោក​ សុង ឃាង ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​ថ្លែង​ពី​ម្សិលមិញ​ថា ការចុះ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ ទ្រី ភាព កាលពី​ថ្ងៃទី​ ១៧ មីនា លោក​មិន​បាន​ចុះទៅ​ជាមួយ​គណៈកម្មការ​ទេ ប៉ុន្ដែ​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ដែល​បាន​ចុះទៅ​នោះ​។

លោក​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ដឹង​ពី​ព័ត៌មាន​នេះ ប៉ុន្ដែ​ខ្ញុំ​មិន​បានដឹង​លម្អិត​ជុំវិញ​ករណីនេះ​ទេ​។ អ៊ីចឹង​សូម​សួរ​ទៅ​មន្ត្រី​ជំនាញ​ខ្ញុំ​ដែល​គាត់​បាន​ចុះ​ទៅ​ផ្ទាល់ ទើប​គាត់​ដឹង​ច្រើន​ជាង​ខ្ញុំ​»​។

លោក​ ប៉ុល ពិសាល តំណាង​ក្រុមហ៊ុន​ ទ្រី ភាព ម្សិលមិញ​មិន​អាច​រក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

ប៉ុន្ដែ​លិខិត​អនុញ្ញាត​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែនមនោរម្យ​នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី​ចំនួន​ ៧ ​លិខិត​ផ្សេងៗ​គ្នា​ចុះ​ហត្ថលេខា​ដោយ​លោក​ ជ័យ សុខា នាយផ្នែក​សង្កាត់រដ្ឋបាល​សែនមនោរម្យ​នៅ​ថ្ងៃទី​ ១៨ ខែ​មីនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​ម្សិលមិញ​បាន​អនុញ្ញាត​ឲ្យ​ឈ្មោះ​ ប៉ុល ពិសាល តំណាង​ក្រុមហ៊ុន​ ទ្រី ភាព អ៊ីមផត អិចផត ដឹកជញ្ជូន​ផល​អនុផល​ឈើ​អារ​ប្រភេទ​លេខ​ ១ ​ជាង​ ១២២ ​ម៉ែត្រគុប​។ ទម្ងន់​ដឹក​រថយន្ត​នីមួយៗ​ត្រូវ​អនុវត្ត​តាម​ប្រកាស​លេខ​ ៤១១ ចុះ​ថ្ងៃទី​ ២ ខែកញ្ញា ឆ្នាំ​ ២០១៩​។

លិខិត​បន្តថា រថយន្ត​ដឹកឈើ​ត្រូវ​ចេញ​ដំណើរ​ពី​ចំណុច​អតីត​ក្រុមហ៊ុន​ដាយណាម​នៃ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយ​ឆ្ពោះទៅ​រោង​សន្និធិ​តាម​បណ្ដា​ខេត្ត​រាជធានី ដូចជា ខេត្តកំពត ភ្នំពេញ ព្រៃវែង ខេត្ត​ព្រះសីហនុ និង​ខេត្ត​ត្បូងឃ្មុំ​។

លោក​ ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​នៃ​សមាគម​អាដហុក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មានការ​ចូលរួម​ឃ្លាំមើល​ពី​អង្គការ​សង្គម​ស៊ីវិល​ជំនាញ​តាមដាន​ការដាក់​ដេញថ្លៃ​លក់​ឈើ​ដែល​រឹបអូស​បាន​ពី​បទល្មើស​នានា ដើម្បី​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​ព្រមទាំង​គ្មាន​ការសង្ស័យ​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​។ នៅពេល​ក្រុមហ៊ុន​នោះ​ឈ្នះ​ការដេញថ្លៃ​ហើយ​គឺ​ត្រូវ​តាមឃ្លាំមើល​គាត់​ទៀត ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​ភាពមិន​ប្រក្រតី​ណាមួយ​បន្ថែមទៀត​»៕