កែបៈ មន្ត្រីខេត្តកែបបានបដិសេធថា មិនមានការបាត់បង់រូបចម្លាក់ ដែលទទួលបានពីប្រជានេសាទ ដូចមានការផ្សព្វផ្សាយនោះទេ ខណៈមន្ទីរវប្បធម៌ បាននិងកំពុងរៀបចំឯកសារអមជាមួយរូបចម្លាក់ទាំងនោះបញ្ជូនទៅលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១២ ឧសភា ថា រូបចម្លាក់នេះ រដ្ឋបាលខេត្តកែបទទួលបានពីប្រជានេសាទនៅថ្ងៃទី ១៨ មេសា ឆ្នាំ ២០២១ ស្ថិតនៅខេត្តកំពត ជាប់នឹងភូមិសាស្ត្រខេត្តកែប ដែលគាត់រើសបានពីសមុទ្រនៃភូមិសាស្ត្រខេត្តព្រះសីហនុ។
លោក តុង ភោ ថ្លែងថា ប្រជានេសាទបានប្រាប់ព័ត៌មាននេះទៅមន្ត្រីខេត្តកែបអំពីរូបចម្លាក់នេះ ដែលខ្លួនរើសបានពីការធ្វើនេសាទក្នុងសមុទ្រ។ បន្ទាប់មក មន្ត្រីនោះក៏បានរាយការណ៍ទៅលោក សោម ពិសិដ្ឋ ដែលជាអភិបាលខេត្តកែប ដើម្បីយកមករក្សាទុកនៅក្នុងខេត្តជាសម្បត្តិរដ្ឋ។
លោក តុង ភោ ថ្លែងថា៖ «និយាយឱ្យត្រង់ គឺគាត់ស្ម័គ្រចិត្ត ប្រគល់មកឱ្យរដ្ឋ ដោយពុំមានចង់បានគុណ ឬ ចង់បានអ្វីនោះទេ» ។
បើតាមលោក តុង ភោ ការរក្សាទុកនេះ គ្មានគោលបំណងអ្វីទេ គឺទុកសម្រាប់ថ្ងៃក្រោយ នៅពេលដែលខេត្តមានសារមន្ទីរ នឹងដាក់តាំងជូនបងប្អូនប្រជាពលរដ្ឋទស្សនា និងសិក្សាស្វែងយល់។ ទោះជាយ៉ាងណា លោក តុង ភោ មិនទាន់វាយតម្លៃ និងសន្និដ្ឋានថា ជាវត្ថុបុរាណទេ ដោយលោកនឹងធ្វើរបាយការណ៍ទៅមន្ត្រីជំនាញរបស់ក្រសួងដើម្បីចុះមកពិនិត្យជាក់ស្តែងថា វត្ថុនេះ ជាវត្ថុអ្វី កសាងពីអ្វី។ រដ្ឋបាលខេត្តក៏មិនទាន់វាយតម្លៃ ឬចាត់ទុកជាវត្ថុបុរាណនោះទេ គឺគ្រាន់តែចាត់ទុកជាវត្ថុធម្មតា។
លោក អ៊ឹង វុទ្ធី នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែបក៏បានថ្លែងបដិសេធ ចំពោះពាក្យចចាមអារ៉ាមថា មានការលក់ដូរចំពោះរូបចម្លាក់នេះ គឺមិនមាននោះទេ។
ការរៀបចំធ្វើសន្និសីទសារព័ត៌មាននេះឡើង ដើម្បីបំភ្លឺដល់សាធារណជន ឱ្យបានជ្រាបថាមិនមានការបាត់បង់នោះទេ។
លោក អ៊ឹង វុទ្ធី ថ្លែងថា៖ «ខ្ញុំសូមជម្រាប ថាឯកឧត្តមអភិបាលខេត្ត និងជាតំណាងឱ្យខេត្ត លោកបានរក្សាទុកវត្ថុនេះជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយមិនបានយកចេញទៅនេះ ឬ ចេញទៅនោះទេ ហើយទុកនៅទីនេះគឺមានសុវត្ថិភាពបំផុត ហើយបើធ្លាក់ទៅដល់អ្នកផ្សេងអាចថា ជារឿងអ្វីផ្សេងទៀត»។
លោក ជាវ ដា អនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែបសន្និដ្ឋានបឋមថា រូបនេះត្រូវបានជាងឆ្លាក់ជាព្រះនរាយណ៍ ទៅតាមរឿងទេវកថា ដែលព្រះនរាយណ៍គង់លើសត្វគ្រុឌ។
ក្នុងដៃព្រះនរាយណ៍ជាទូទៅមិនថា នៅកម្ពុជា នៅឥណ្ឌា និងនៅទូទាំងអាស៊ីអាគ្នេយ៍ ជាទូទៅគេឆ្លាក់មានកាន់កងចក្រ កាន់ដុំមូល និង កាន់ខ្យងសាំង។
រូបនេះកាន់ត្រៃសូរ ដែលខុសបែបបទវត្ថុសិល្បៈមួយចំណុច និងមួយចំណុចទៀតគង់នៅលើព្រះរាហ៊ូ ដែលកាន់តែខុសពីបុរាណ និងរឿងទេវកថាទៀត។
លោក ជាវ ដា ថ្លែងថា៖ «ខ្ញុំសូមសន្និដ្ឋានជាដំបូងទេ គឺរូបនេះមិនមែនជាវត្ថុបុរាណទេ ដោយរូប និងរចនាប័ទ្ម វាមិនមែនជាវត្ថុបុរាណទេ ហើយការរចនាធ្វើឡើងនេះ គឺត្រូវបានគេធ្វើពីស្ពាន់»។
លោក នាក់ អុន នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតថ្លែងថា លោកក៏ទទួលបានព័ត៌មានពីប្រជានេសាទឈ្មោះ កាន់ ថា ភេទប្រុស អាយុ ៣៧ ឆ្នាំ និងប្រពន្ធឈ្មោះ សេង ស៊ីថា អាយុ ២៧ ឆ្នាំ រស់នៅភូមិកំពង់ត្នោតនេះដែរ ដែលថាបានប្រគល់វត្ថុបុរាណ ឬចម្លាក់នេះទៅឱ្យអភិបាលខេត្តកែប។
លោក នាក់ អុន បន្តថា ប្រជានេសាទ ២ នាក់ប្តីប្រពន្ធនេះបានរកស៊ីនេសាទលើដែនសមុទ្រនៅខេត្តព្រះសីហនុក៏អូសបានវត្ថុបុរាណ ឬចម្លាក់នេះ ហើយក៏ត្រឡប់មកវិញនាំយកវត្ថុបុរាណ ឬចម្លាក់នេះមកជាមួយនឹងខ្លួន៕