ភ្នំពេញៈ ក្រ​សួង​ការ​ងារ និង​បណ្ដុះ​បណ្ដាលវិជ្ជា​ជីវៈ​កាល​ពី​ម្សិល​មិញ​បាន​រៀបចំ​សិក្ខា​សា​លា​មួយ​ ដោ​យ​មាន​សិក្ខា​កាម​ចូលរួមពី​គ្រប់​មន្ទីរ​ការងារ​និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​នៅ​ក្នុងខេត្ត​ក្រុង​ដើម្បី​ពង្រឹង​យុទ្ធ​នា​ការ​ និង​វិធាន​ការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ពល​កម្ម​កុមារ​នៅ​តាម​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ ​បន្ទាប់​ពី​មាន​ករណី​ក្មេង​ស្រី​ម្នាក់​បាន​​គ្រោះ​ថ្នាក់​ដាច់​ដៃ​កាល​ពី​ខែ​មីនា។

លោក ​វ៉េង ហៀ​ង អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការដ្ឋាន​គណៈ​ក​ម្មា​ធិការ​ជាតិ​ប្រឆាំង​ពល​កម្ម​កុមារ​បាន​លើក​ឡើង​ថា​ ចាប់​ពី​ឆ្នាំ ២០០៦ មករាជ​រដ្ឋាភិ​បាល​បាន​អនុវ​ត្ត​នូវ​វិធា​នការ​សំខាន់ៗ​ចំនួន​ ៤ ដើម្បី​ទប់​ស្កាត់​ការ ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ ដូច​ជា ​វិធាន​ការ​ចុះ​រា​រាំង​កុមារ​រស់នៅ​តាម​សិប្បកម្ម​ឥដ្ឋ​កុំ​ឱ្យចូល​ទៅជិត​កន្លែង​គ្រោះ​ថ្នាក់​ វិធាន​ការ​ដក​ហូត​កុមារ​ដែល​ត្រូវបាន​ប្រើ​ប្រាស់​ពល​កម្ម វិធានការ​ការពារ​ដោយ​បញ្ជូន​កុមារ​ត្រឡប់​ទៅ​សា​លារៀន​វិញ និង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​តាម​រយៈ​បណ្ដុះ​បណ្ដាល​កុមារ​ឱ្យទ​ទួលបាន​ជំនាញ​ដើម្បី​កុំឱ្យ​ត្រឡប់​មក​ធ្វើ​ការ​ងារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​វិញ។

លោក​បានបន្ត​ថា ​វិធាន​ការ​ទាំង​នេះ ​ត្រូវ​បាន​អនុវត្ត​ជា​ប្រចាំ ហើយ​ចាប់ពី​​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ ​២០​១៦ ​គឺ​ពុំមាន​ការ​រក​ឃើញ​អំពីការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​សិប្ប​កម្ម​ផលិតឥដ្ឋ​ឡើយ​ពោល​គឺ​ទើប​តែ​ឃើញ​មាន​គ្រោះ​ថ្នាក់​លើ​កុមារី​អាយុ​ប្រ​ហែល​ ១០ ​ឆ្នាំ​ម្នាក់ ឈ្មោះ ​ឆេង​ ស្រី​ភ័​ក្រ ដោយ​ដាច់​ដៃ​ ១ ករណី​ប៉ុណ្ណោះ ​កាល​ពី​ខែ​ មីនា ​ឆ្នាំ ​២០១៩ នៅ​សិប្ប​កម្ម​ឡ​ឥដ្ឋ​ លាង ស្រ៊ុន ​ក្នុង​ខេត្ត​កណ្ដាល។

លោក​បានបន្ថែម​ថា ​កាលពី​ឆ្នាំ ២០១៦​ ក្រ​សួង​បាន​រក​ឃើញ​ថា ​សិប្ប​កម្ម​ផលិត​ឥដ្ឋ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​មុន​ហើយ​ការ​ប្រើប្រាស់​កម្លាំង​ពល​កម្ម​ក៏មាន​ការ​កើន​ឡើង​ដែរ ដែលនេះ​គឺជា​មូល​ហេតុ​មួយ​ធ្វើឱ្យ​ក្ដី​បារម្ភ​ខ្លាច​កុមារ​អាច​ធ្លាក់​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ជា​ថ្មី​ទៀត​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។

លោក​ថា​៖​ «ដូច្នោះ​វិធាន​ការ​យើង (ក្នុង​សិក្ខា​សាលា​) ថ្ងៃនេះ​គឺ​ជំរុញ​យ៉ាង​ណា​ធានាថា​ មិន​មាន​កុមា​រណា​ម្នាក់​អាច​ធ្លាក់​ក្នុង​រង្វង់​ការងារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ទេ។ តើ​វិធាន​ការ​យើង​ធ្វើ​របៀប​ម៉េច នេះ​គឺជា​សំណួរ​ដែល​យើង​បាន​ដាក់​ចេញ ហើយ​បាន​បង្កើត​ទៅ​ជា​គោល​ការណ៍​ណែនាំ»។

លោក ​វ៉េង ហៀ​ង បាន​បញ្ជាក់​ថា គោល​ការណ៍​ណែនាំ​ទាំង​នោះ ​មាន​ដូច​ជា ​ឱ្យសា​លារៀន​តាម​ឃ្លាំមើលកុមារ​កុំឱ្យ​គេច​សា​លា​មក​ធ្វើ​ការងារ​នៅ​សិប្ប​កម្មផ​លិត​ឥដ្ឋ​ អាជ្ញាធរ​ភូមិ​ឃុំ​ត្រូវ​ចុះ​ឃ្លាំមើល​តាម​ខ្នង​ផ្ទះ​ដើម្បី​កុំឱ្យ​កុមារ​ចេញពី​សហ​គមន៍​មក​ធ្វើ​ការ​ងារ​នៅសិប្ប​កម្ម​ផលិត​ឥដ្ឋ និយោ​ជក​សិប្បកម្មផ​លិត​ឥដ្ឋ​មិន​ត្រូវ​ជ្រើស​រើស​កុមារ​មក​ធ្វើការ​ និង​ត្រូវ​ជួល​មនុស្ស​ម្នាក់​ឱ្យ​តាម​ឃ្លាំ​មើលកុមារ​ដែល​អាច​ចូល​មក​ទីតាំង​ផលិត​ឥដ្ឋ​របស់​ខ្លួន​ និង​ចុង​ក្រោយ​ក្រុម​មន្ត្រី​មន្ទីរ​ការ​ងារ​ត្រូវ​ចុះ​ធ្វើ​អធិការកិច្ច​ជា​ប្រចាំ។

​បើតាម ​លោក​ វ៉េង ហៀ​ង ក្នុង​ឆ្នាំ​ ២០១៩ ​នេះ សិប្ប​កម្ម​ផលិត​ឥដ្ឋ​​នៅកម្ពុ​ជា​បាន​កើន​ដល់​ ៤០០​ និង​មាន​កម្មករ​សរុប​ជិត ៦ ពាន់​នាក់​ក្នុង​នោះ​មាន​កុមារ​អាយុ​លើស​ពី​ ១៥ ​ដែល​ច្បាប់​អនុញ្ញាត​អាច​ធ្វើ​ការ​ក្នុង​សិប្ប​កម្ម​ផលិត​ឥដ្ឋ​បាន​មាន​​ ៣៩១​ នាក់។

សិក្ខា​សាលា​ដែល​មាន​អ្នក​ចូល​រួម​ប្រហែល​ ១០០​ នាក់​នេះ​ បាន​កើត​ឡើង​បន្ទាប់ពី​ក្រសួង​ការងារ​ទើបចេញ​​សេច​ក្ដី​ណែនាំ​​មួយ​កាល​ពី​ថ្ងៃទី​ ៥ មិថុនាថ្មីៗនេះ ​ដើម្បី​ជំរុញ​ឱ្យ​មន្ទីរ​ការងារ​ទាំង​អស់​ចុះ​ណែនាំ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ អំពី​វិធី​ការពារ​របស់​ក្រសួង​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចំពោះ​កុមារ​និង​ត្រូវ​ហាម​ដាច់​ខាត​ការ​ប្រើ​ប្រាស់​ទាស​ភាព​បំណុល​ដើម្បី​ចងភ្ជាប់​ឲ្យ​គ្រួសារ​កម្មករ​បន្តធ្វើ​ការងារ​ឲ្យ​ខ្លួន​ជា​មួយ​នឹង​ការ​ព្រ​មាន​ថា​ ការ​ប្រើ​ពល​កម្ម​កុមារ​នៅ​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ត្រូវ​ប្រ​ឈម​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។

អង្គការ​លីកាដូ​ធ្លាប់​បានចេញរបាយ​ការណ៍​មួយ​កាលពី​ឆ្នាំ ២០១៦ ​ស្ដីពី​ការរក​ឃើញ​នៃ​ការ​បញ្ចាំ​ខ្លួន​ដោះបំណុល​ និង​ពល​កម្ម​កុមារ​ក្នុង​សិប្បក​ម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ លោក ​អំ​ សំ​អាត ប្រធាន​គ្រប់​គ្រង​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គកា​រសិទ្ធិមនុស្ស​លីកា​ដូ​បាន​លើកឡើង​កាលពី​ថ្ងៃ​ម្សិល​មិញ​ថា ការរៀបចំ​សិក្ខា​សាលា​​នេះ គឺជា​រឿង​ល្អ​មួយ ថ្វី​ដ្បិត​វា​ហាក់​យឺត​ពេល​បន្តិច​ក្ដី។ ប៉ុន្តែ​លោក​ថា ​បន្ទាប់​ពី​​ចេញ​គោល​ការណ៍​ឱ្យ​អនុវត្ត​ មន្ត្រី​របស់​ក្រសួង​ត្រូវតែ​មាន​យន្ត​ការ​ចុះ​ត្រួតពិនិត្យ​ និង​តាម​ដាន​ដើម្បីឱ្យ​ប្រាកដ​ថាការអនុវត្ត​បាន​ពេញ​លេញ​ដោយម្ចាស់​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ឬ​យ៉ាងណា។

លោក​ថា៖ «ប្រសិន​បើ​សិប្បកម្ម​ឡឥដ្ឋ​ណា នៅតែ​បន្ត​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ពល​កម្ម​កុមា​រ ហើយ​ធ្វើឱ្យ​កុមារ​មាន​គ្រោះ​ថ្នាក់​ អា​ហ្នឹង​ត្រូវតែ​អនុវត្ត​តាម​ច្បាប់រ​ដ្ឋប្បវេណី​ និង​ច្បាប់ព្រ​ហ្មទ​ណ្ឌ ប៉ុ​ន្តែ​អ្វី​ដែល​សំខាន់គឺ​យន្ត​ការ​តាម​ដាន​ និង​ត្រួត​ពិនិត្យ គឺ​ការចុះ​អធិការ​កិច្ច​ជា​ប្រចាំ»។

បើ​តាមលោក​ អំ​ សំអាត​ ចាប់​ពី​ឆ្នាំ​ ២០០២ អង្គ​ការ​របស់​លោក​បាន​រកឃើញ​ថា មាន​កុមារ​រង​គ្រោះ​ថ្នាក់​ដាច់​ដៃ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​មាន​ចំនួន​ ៥​ នាក់ ​ហើយ​កុមារ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ស្លាប់​ដោយ​សារ​រងរ​បួស​ធ្ងន់​ពេក។

ចំណែក​លោក​ ស្រី ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខា​ធិការ​នៃ​ក្រសួង​ការងារ​បាន​ថ្លែង​ដែរ​ថា រដ្ឋា​ភិបា​ល​បាន​ចាត់ទុក​ការ​លុប​បំបាត់​ពល​កម្ម​កុមារ​គឺជា​បញ្ហាសំ​ខាន់​មួយ​ក្នុង​ចំណោម​បញ្ហាសំ​ខាន់​ជាច្រើន​របស់​កម្ពុជា​ដើម្បី​ខិតខំ​ឈា​នទៅ​លុបបំ​បាត់​ពលកម្ម​កុមារ​ឱ្យ​អស់​ត្រឹម​ឆ្នាំ ២០២៥។​

លោក​ស្រី​ថា៖​ «នេះ​ជា​លើក​ទី១ ​ហើយ​ ដែល​គ្រប់​ភាគី​ពាក់​ព័ន្ធ​នៃ​ស្ថា​ប័ន​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ ក្នុង​ន័យ​ចូល​រួម​អនុវត្ត​គោល​ការណ៍​ណែនាំ​ស្ដីពី​ការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ​ក្នុង​វិស័យ​សិប្ប​កម្ម​ផលិត​ឥដ្ឋ»៕