កំពង់ឆ្នាំងៈ ពលរដ្ឋ​ ២ ​នាក់​រស់នៅក្នុង​ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ កាលពី​ម្សិលមិញ​ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​កោះហៅ​ឱ្យចូល​បំភ្លឺ​ជុំវិញ​ករណី​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅក្នុង​​តំបន់​ ៣ ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ខុនរ៉ង និង​ភូមិ​សេះស្លាប់ ឃុំ​ឆ្នុកទ្រូ នៃ​ស្រុក​បរិបូណ៌​។ ​នេះ​បើតាម​មន្ត្រីរដ្ឋបាល​ជលផល​។

លោក ឈឹម បាន នាយ​សង្កាត់រដ្ឋបាល​ជលផល​បរិបូណ៌​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ២៩ ខែមីនា​ថ្មីៗ​នេះ ក្រុម​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​ជលផល​បរិបូណ៌ សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​បរិបូណ៌ បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ឈូសឆាយ និង​កាប់​រាន​ដីព្រៃ​លិច​ទឹក ហើយ​បាន​ប្រទះឃើញ​ដីព្រៃ​លិច​ទឹក​ប្រមាណ​ ២០ ​ហិកតា​ ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ខុនរ៉ង និង​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ​ត្រូវ​បាន​គេ​ឈូសឆាយ ក្លាយ​ជា​ទីវាល​។

លោក​បាន​ថ្លែងថា​៖ «​ក្រោយពី​ប្រទះឃើញ​ករណីនេះ​ខ្ញុំ​បានធ្វើ​សេចក្ដី​រាយការណ៍​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និងបាន​ស្រាវជ្រាវ​រហូត​ឈានដល់​កំណត់​មុខសញ្ញា​ជនសង្ស័យ​ចំនួន​ ២ ​ហើយ​បាន​កសាង​សំណុំ​​រឿង​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បើតាម​លោក ឈឹម បាន មុខសញ្ញា​ជនសង្ស័យ​ករណី​នេះ​រួមមាន​ឈ្មោះ អាន ធា អាយុ​ ៣៩ ​ឆ្នាំ និង​ឈ្មោះ​ ជឹម រ៉ា អាយុ​ ៣៧ ​ឆ្នាំ​ ជា​អ្នករស់នៅ​ក្នុងភូមិ​ត្រពាំងពោធិ៍ ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ ​ពួកគេ​ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​កោះ​ហៅ​ឱ្យចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២១​។

ជុំវិញ​ករណីនេះ​លោក​ លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ពេលនេះ​ពួកគេ​ទាំង​ ២ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អនុញ្ញាតឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​ពួកគាត់​បដិសេធ​ថា​មិនបាន​ប្រព្រឹត្ត​។

លោក​ លីឡា បាន​ថ្លែងថា​៖ «​ពួកគាត់​បាន​អះអាងថា ដី​ដែល​ពួកគាត់​បាន​ឈូសឆាយ​មាន​ទំហំ​ត្រឹមតែ​ ១,៥ ​ហិកតា​ប៉ុណ្ណោះ ហើយ​ដី​នោះ​ជា​ដីស្រែ​ជម្រៅ ដែល​ពួកគាត់​បាន​អាស្រ័យផល​តាំងពី​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ​។ ពួកគាត់​ទាំង​ ២ ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ពួកគាត់​នៅតែ​ជាប់​សង្ស័យ​នៅក្នុង​បទល្មើស​នេះ​ដដែល​»​។

លោក​បាន​បន្ថែមថា​៖ «​ករណីនេះ​យើង​នៅតែ​បន្ត​នីតិវិធី​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ក្រុម​ជន​ប្រព្រឹត្ដបទ​ល្មើស មក​ប្រគល់​ជូន​តុលាការ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​»​។

ទោះជា​បែបណា​ក្ដី លោក អានធា និង​លោក​ ជឹម រ៉ា មិនអាច​ទាក់ទង​ស្នើសុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

តំបន់​ព្រៃលិចទឹក​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ជា​ញឹកញយ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បទល្មើស​ឈូសឆាយ​,​ចាក់ដី​លុប​ដីព្រៃ​លិចទឹក និង​បោះបង្គោល​រំលោភ​យក​ដោយ​ខុសច្បាប់​។ ប៉ុន្តែ​ត្រូវបាន​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល​រួមទាំង​កងកម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ចុះបង្ក្រាប និង​រឹបអូស​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​។ នេះ​បើតាម​ការអះអាង​របស់​លោក លី ឡា​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ពិសេស​អាជ្ញាធរ និង​ប្រជាសហគមន៍​មូលដ្ឋាន​ត្រូវ​ចូលរួម​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​បទល្មើស​កាប់​ឈូសឆាយ និង​ដុត​រុករាន​ដីព្រៃ​លិច​ទឹក​តាមរយៈ​ការរាយការណ៍​ឱ្យបាន​ទាន់​ពេលវេលា​នៅពេល​ប្រះ​ឃើញ​បទល្មើស​​កើតឡើង​ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ និង កម្លាំង​មាន​សមត្ថកិច្ច សហការ​គ្នា​ចុះបង្ក្រាប​ចាប់​ជនល្មើស​ប្រគល់ឱ្យ​តុលាការ​ផ្ដន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់​។

កាលពី​ម្សិលមិញ​លោក យឹម សារិន អភិបាលស្រុក​បរិបូណ៌​ក៏​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែរ​ថា ដី​​ព្រៃលិចទឹក​នៅក្នុង​តំបន់​នោះ​ភាគច្រើន​ស្ថិត​នៅជាប់​ដីស្រែ​ជម្រៅ​របស់​ប្រជាកសិករ ដែល​អាជ្ញាធរ​មូលដ្ឋាន​ពិបាក​នឹង​បែងចែក​ឱ្យ​​ច្បាស់​ថា តំបន់​ណា​ជា​តំបន់​ព្រៃលិចទឹក​ដែល​ត្រូវបាន​ហាមឃាត់​ និង​តំបន់​ណា​ជា​ដីស្រែ​ជម្រៅ​របស់​ប្រជាកសិករ​។ ​ម្យ៉ាងទៀត​បទល្មើស​ឈូសឆាយ និង ចាក់ដី​លុប​ដីព្រៃ​លិច​ទឹក ភាគច្រើន​កើតឡើង​នៅពេល​យប់​៕