ភ្នំពេញៈ ​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​កំពុង​វិភាគ​សត្វ​ជ្រូក​ជាង​ ១០០ ​ក្បាល បន្ទាប់ពី​សហការ​ជាមួយ​​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ចាប់​ឃាត់​រថយន្ត​ ១ ​គ្រឿង និង​​អ្នកបើកបរ​កាលពី​យប់​ថ្ងៃ​ ២៣ មីនា ខណៈ​ម្ចាស់​លួច​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​​កម្ពុជា-ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប៉ុន្តែ​មន្ត្រី​ថា​ជ្រូក​ទាំងនេះ​នឹងត្រូវ​ដុតចោល​បើ​វិភាគ​ឃើញ​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​​នៃ​ក្រសួងកសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រោយពេល​ឃាត់​រថយន្ត​ទាំងនេះ​នៅ​ច្រកព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ក្រុម​ជំនាញ​ក៏​​បាន​បញ្ជូន​ជ្រូក​ទាំងនេះ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​វិភាគ​រក​ជំងឺប៉េស្ត​ជ្រូក ខណៈ​អ្នក​បើករថយន្ត​ក៏​រង់ចាំ​ចំណាត់​ការបន្ត​តាម​នីតិវិធី​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​​តែ​មន្ទីរ​កសិកម្ម​ខេត្ត​មិន​មាន​កន្លែង​រក្សាទុក​ជ្រូក​ទាំងនេះ យើង​បាន​ដឹក​ជ្រូក​ទាំងនេះ​មក ភ្នំពេញ​ដើម្បី​យកមក​ពិនិត្យ​សុខភាព ស្វែងរក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ​ជ្រូក​ដែល​នាំចូល​នេះ​​គឺ​មិនបាន​គោរព​តាម​គោលការណ៍​ ១២ ​ចំណុច​របស់​ក្រសួង​នោះទេ ព្រោះ​ពួកគាត់​ជា​ឈ្មួញ​លួច​នាំចូល​ខុសច្បាប់​»​។

លោក តាន់ ផាន់ណារ៉ា បាន​អះអាង​ថា ដោយសារ​នៅ​ប្រទេស​ថៃ​កំពុង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ហើយ​ជ្រូក​ដែល​ទើប​ចាប់បាន​នាពេលនេះ គឺ​បាន​នាំចូល​ពី​ប្រទេស​ថៃ​ដូចគ្នា ដោយ​គ្រាន់តែ​ឆ្លងកាត់​តាម​ប្រទេស​ឡាវ​។ ដូច្នេះ ប្រសិន​បើ​លទ្ធផល​វិភាគ​រកឃើញ​ថា មាន​ជំងឺ​សមត្ថកិច្ច​នឹង​ដុត​កម្ទេច​ជ្រូក​ទាំងនេះ​ចោល ដើម្បី​ការពារ​ការឆ្លង​ជំងឺ​នេះ​មកកាន់​ជ្រូក​នៅ​កម្ពុជា​។

លោក​បារម្ភ​ថា​៖ «​យើង​កំពុង​បញ្ជូន​មន្ត្រី​ទៅ​បូម​ឈាម​យក​​មក​ពិនិត្យ ហើយ​ប្រសិនបើ​មាន​វត្តមាន​មេរោគ​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក យើង​នឹង​ដុត​កម្ទេចចោល​។ ​យើង​បាន​ឃាត់ខ្លួន​ម្ចាស់​ឡាន ចំណែក​ម្ចាស់​សត្វ គាត់​មិនទាន់​ចូលខ្លួន​មក​ដោះស្រាយ​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក តាន់ ផាន់ណារ៉ា អំពាវនាវ​ដល់​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ជំនួញ​ជ្រូក គួរតែ​បំពេញ​បែបបទ​តាម​នីតិវិធី​ច្បាប់​ទាំង​ ១២ ​ចំណុច​ដោយ​លោក​អះអាង​ថា ក្រសួង​មិនមាន​​ការរឹតត្បិត​ចំនួន​ក្រុមហ៊ុន​ដែល​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​នោះ​​ទេ គឺ​គ្រាន់​តែ​ស្នើឱ្យ​គោរព​តាម​​លក្ខខណ្ឌ​ប៉ុណ្ណោះ​។

លោក ប៊ី វ៉ាននី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ស្ទឹងត្រែង បាន​ថ្លែង​ថា ការនាំ​ជ្រូក​តាម​ច្រកព្រំដែន​ឡាវ-កម្ពុជា​ដែល​សមត្ថកិច្ច​ទើប​ចាប់បាន​នេះ​អាច​ជា​ករណី​ទី​ ១ ចាប់តាំងពី​លោក​មក​ធ្វើការ​នៅក្នុង​ខេត្ត​នេះ​។ ពីមុន​លោក​ធ្លាប់តែ​ទទួលបាន​ព័ត៌មាន​ថា មាន​ការនាំចូល​ជ្រូក​ខុសច្បាប់​ពី​វៀតណាម​ និង​ថៃ​។

ក៏ប៉ុន្តែ​លោក​យល់ថា ការនាំចូល​នេះ​ក៏​ព្រោះតែ​ឈ្មួញ​បង្វែរ​គោលដៅ ដើម្បី​គេចចេញ​ពី​ការហាមឃាត់​របស់​សមត្ថ​កិច្ច​ខ្មែរ នៅតាម​ច្រកព្រំដែន​កម្ពុជា-ថៃ បន្ទាប់ពី​មាន​ការរឹតបន្ដឹង​។

លោក​បាន​បន្តថា ក្នុងនាម​ជា​មន្ត្រី​សង្គម​ស៊ីវិល លោក​សាទរ​ចំពោះ​ចំណាត់ការ​បាន​ទាន់​ពេលនេះ និង​រំពឹងថា សមត្ថកិច្ច​កម្ពុជា​នឹង​បន្ត​រឹតបន្ដឹង​​ថែមទៀត​ក៏ដូចជា​ពិនិត្យ​គុណភាព​ទំនិញ​នានា ដែល​នាំចូល​ពី​ប្រទេស​ជិតខាង​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​គួរ​បន្តធ្វើ​យ៉ាងណា ទប់ស្កាត់​​កុំឱ្យ​មាន​ការនាំចូល​ដោយ​ខុសច្បាប់​ ឬ​ក៏​មាន​ការត្រួតពិនិត្យ​មុននឹង​អនុញ្ញាត​ឱ្យចូល​កម្ពុជា​​គ្រប់​ទំនិញ​ទាំងអស់​មិនមែន​មានតែ​ជ្រូក​ទេ​។ ​យើង​ត្រូវ​ធានា​ឱ្យ​បាន​ថា ម្ហូបអាហារ ឬ​ទំនិញ​ដែល​នាំ​ចូលមក​ក្នុង​ស្រុក​យើង មាន​សុវត្ថិភាព​សម្រាប់​ការបរិភោគ​»​។

កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ កម្ពុជា​បាន​ពិនិត្យ​រកឃើញ​ជ្រូក​ដែល​បាន​នាំចូល​ពី​ថៃ​ខុសច្បាប់ ដោយមាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយ​ក្នុងនោះ​សមត្ថកិច្ច​ក៏​បាន​សម្រេច​ដុត​កម្ទេចចោល​ជ្រូក​ដែលមាន​ចំនួន​ទាំង ៣០ ​ក្បាល​នោះ​៕