សៀមរាបៈ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​ពី​បច្ចេកទេស ដើម្បី​កាយ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ចាក់​លុប​ស្ពាន​បុរាណ​មួយកន្លែង​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​ឈ្មោះថា «​ស្ពាន​តូច​» ខណៈ​ដែល​អាជ្ញាធរ​បារម្ភ​ពី​ផល់ប៉ះពាល់ បើ​ការកាយ​ដី​នេះ​មិនបាន​ត្រឹមត្រូវ​។

ស្ពាន​បុរាណ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ក្នុងភូមិ​សាស្ត្រ ភូមិ​ស្វាយជ័យ ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​នៅ​ត្រង់​ចំណុច​ខាងកើត​ផ្លូវ​ចូល​ទៅ​អង្គភាព​កំចាត់មីន​ (​ស៊ីម៉ាក់​)​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹង​ថា ស្ពាន​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ជាម ប៊ុនណាត ចាក់ដី​លុប​ទាំងស្រុង​ដោយ​បន្សល់ទុក​តែ​ស្លាក​ឈ្មោះ​ដែល​សរសេរ​ដោយ​អាជ្ញាធរ​អប្សរា​ថា​ (​ស្ពាន​តូច​)​។

លោក​ ឈាន រដ្ឋា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ការចាក់​ដី​លុប​ពី​សំណាក់​ពលរដ្ឋ​ខាងលើ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កោះហៅ​បុគ្គល​រូបនេះ​ឲ្យ​ចូល​ខ្លួន​មក​ដោះស្រាយ និង​តម្រូវឱ្យ​កាយ​ដី​ដែល​បាន​ចាក់​លុប​នោះ​ចេញ​វិញ​។

លោក​បាន​បន្តថា ដោយសារ​តែ​ស្ពាន​បុរាណ​នេះ​ត្រូវបាន​ចាក់ដី​លុប​ទាំងស្រុង ដូច្នេះ​មន្ត្រី​ជំនាញ​កំពុង​សិក្សា​ពី​ផលប៉ះពាល់ និង​ប៉ាន់ប្រមាណ​ចំពោះ​ផលប៉ះពាល់​ដែល​អាច​នឹង​កើតមាន​ដល់​ស្ពាន​។ អាជ្ញាធរ​អប្សរា​ក៏​បាន​អះអាង​ថា បុគ្គល​ដែល​បាន​បំពាន​ចាក់ដី​លុប​ស្ពាន​នេះ​ព្រម​ទទួល​រាល់​ការចំណាយ​ទាំងស្រុង​។

លោក​បញ្ជាក់ថា​៖ «​គាត់​ព្រម​កាយ​ចេញ​វិញ ប៉ុន្តែ​អាជ្ញាធរ​យើង​មិន​អនុញ្ញាត​ឲ្យ​គាត់ កាយ​ចេញ​ដោយ​ខ្លួនឯង​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ស្ពាន​ដែល​យើង​ត្រូវ​កាយ​តាម​បច្ចេកទេស​ត្រឹមត្រូវ​។ ខាង​អាជ្ញាធរ​អប្សរា​កំពុង​រៀបចំ​គម្រោង​ថា ត្រូវ​ចំណាយ​ប៉ុន្មាន ហើយ​ភាគី​ខាង​ដី​ហ្នឹង គាត់​អ្នកចេញ​ថវិកា​»​។

ខណៈ​ដែល​មន្ត្រី​ជំនាញ​កំពុង​សិក្សា​ដើម្បី​កាយ​ដី​នេះ​ចេញ​វិញ លោក​ ឈាន រដ្ឋា​ បាន​អះអាង​ថា​ដោយសារ​តែ​បុគ្គល​រូបនោះ​បាន​ចូលខ្លួន​មក​ដោះស្រាយ និង​យល់ព្រម​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​ទាំងស្រុង​ក្នុង​ការកាយ​ដី​ដែល​បាន​ចាក់​លុប ដូច្នេះ​អាជ្ញាធរ​អប្សរា​សម្រេច​មិន​ប្តឹងផ្តល់​បុគ្គល​រូបនោះ​ទៅ​តុលាការ​ទេ​។

លោក​បាន​បន្ថែមថា​៖ «​ដោយសារ​យើង​មាន​គោលការណ៍​លើក​ទឹកចិត្ត​ដល់​ប្រជាជន​ដែល​គាត់​ជា​គំរូ​ដែល​គាត់​ស្ម័គ្រចិត្ត​ចូលរួម​សហការ និង​ទទួលកំហុស ព្រោះ​មាន​ប្រជាជន​ខ្លះ គាត់​រឹងរូស ហើយ​មិន​ព្រម​ទទួល​ស្គាល់ និង​មិន​មក​ចូលរួម​ដោះស្រាយ ទើប​យើង​ប្តឹង​គាត់​ទៅ​តុលាការ​។ ក្នុងករណី​គាត់​យល់​ពី​កំហុស​របស់គាត់​មាន​ន័យ គាត់​ធ្វើ​ដោយ​ពុំ​បាន​ដឹង​មុន​ថា ខុស យើង​គ្រាន់​តែ​ណែនាំ​គាត់ កុំ​ឲ្យ​មាន​ទៅ​ថ្ងៃក្រោយ​ទៀត​»​។

លោក​ ជាម ប៊ុនណាត មាន​លំនៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ដែល​បាន​ចាក់ដី​លុប​ស្ពាន​បុរាណ​នេះ មិនទាន់​អាច​ទាក់ទង​បានទេ កាលពី​ម្សិលមិញ​។

ប៉ុន្តែ​បើតាម​លោក ឈាន រដ្ឋា បាន​អះអាងថា ក្រោយពី​ធ្វើ​ការកាយ​ដី​ចេញ​ហើយ អាជ្ញាធរ​នឹង​កំណត់​ព្រំប្រទល់​ជុំវិញ​ស្ពាន​បុរាណ​នេះ ដើម្បី​ចៀសវាង​ការបំពាន​ជាថ្មីទៀត​។ ចំណែក លោក​ ជាម ប៊ុនណាត ដែលជា​ម្ចាស់​ដី​អាច​កាន់កាប់​ដី​របស់ខ្លួន​តាម​ការកំណត់ ក្រោយ​អាជ្ញាធរ​វាស់វែង​ព្រំប្រទល់​ចប់​រួចរាល់​។

ស្ពាន​បុរាណ​ទាំងអស់​ដែល​នៅ​ស្រប​ផ្លូវជាតិ​លេខ​ ៦ នាពេល​បច្ចុប្បន្ន​រួមទាំង​ស្ពាន​តូច​ដែល​ត្រូវបាន​គេ​ចាក់ដី​លុប​នេះ គឺជា​ស្ពាន​ដែល​តភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​ ៦ ហើយ​ភាគច្រើន​បាន​សាងសង់​ឡើង​ដោយ​ថ្ម​បាយក្រៀម​។ ​ប៉ុន្តែ​ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​ផ្លូវ​ថ្មី ស្ពាន​ទាំងនោះ​ក៏ត្រូវ​បាន​រក្សា​ទុកជា​បេតិកភណ្ឌ​ជាតិ និង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ថូ ថុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា ដោយសារ​តែ​ស្ពាន​នេះ​បាន​សាងសង់​ឡើង​ដោយ​ថ្មបាយក្រៀម មិន​មាន​ក្បាច់រចនា​ច្រើន ដូច្នេះ​ហានិភ័យ​នៃ​ផលប៉ះពាល់​ស្ពាន​មិន​គួរ​ឲ្យ​មាន​ការបារម្ភ​នោះទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ការកាយដី​នេះ​ចេញ​គឺ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ពាន ហើយ​ចង់​មិន​ចង់ វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ទាំងមូល​។

លោក​បញ្ជាក់ថា​៖ «​យ៉ាងណា​បើ​មាន​ការចាក់ដី​លុប​បែប​នេះ ប្រសិន​បើ​មាន​ការសង្កត់​ខ្លាំង​នឹង​ធ្វើឲ្យ​ខូច​រូបរាង​ដើម​របស់​ស្ពាន អ៊ីចឹង​យើង​ត្រូវ​កាយ​វា​ចេញ​វិញ​បាន តាមរយៈ​ដី​ដែល​ចាក់​ថ្មី​។ ប៉ុន្តែ​យើង​មិនដឹង​ថា ការអប់រំ​របស់​ពលរដ្ឋ​រូប​ហ្នឹង​មាន​ការអប់រំ​ប៉ុនណា​ពី​តម្លៃ​បេតិកភណ្ឌ​ហ្នឹង ព្រោះ​វា​មាន​តម្លៃ​ខ្ពស់​ណាស់ ដល់​តែ​មាន​ការចាក់​លុប​បែបនេះ វា​ប៉ះពាល់​ណាស់​។ ស្ពាន​នេះ​មាន​ប្រវត្តិ​ទាក់ទង​នឹង​អង្គរ​យើង​ណា ហើយ​វា​នឹង​ធ្វើឲ្យ​បាត់បង់​តម្លៃ​នៃ​ប្រវត្តិសាស្ត្រ​។ បន្ថែម​ពី​នេះ​នឹង​ធ្វើឲ្យ​អ្នកផ្សេង​ធ្វើ​តាម​ទៀត​»៕