ភ្នំពេញៈ ក្រុមការងារ​បុរាណវិទ្យា​នៃ​ក្រសួងបរិស្ថាន​កំពុង​សិក្សា​ហ្វូស៊ីល​ឆ្អឹង ដែល​បាន​រកឃើញ​នៅ​កោះប៉ោ​ជាប់​ដែនជម្រក​សត្វព្រៃ​តាតៃ ស្ថិតក្នុង​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។ ការសន្និដ្ឋាន​ដំបូង​ហ្វូស៊ីល​នេះ​អាចមាន​ទំនាក់ទំនង​នឹង​សត្វ​ដែល​រស់នៅ​ក្នុងពេល​ដាយណូស័រ​នៅមាន​ជីវិត​។

លោក​ លឹម វណ្ណច័ន្ទ ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៩ មីនា​ថា ហ្វូស៊ីល​ឆ្អឹង​សត្វ​កប់​ក្នុង​ថ្ម​ដែល​ត្រូវបាន​រកឃើញ​នេះ​មាន​ប្រវែង​ ៧០ ​ស.ម. ​និង​ទទឹង​ ២០ ​ស.ម.។

លោក​ វណ្ណច័ន្ទ បន្ថែមថា​ជំហាន​ដំបូង​ក្រុម​ការងារ​សន្និដ្ឋាន​ថា នេះ​អាច​ជា​ហ្វូស៊ីល​ឆ្អឹង​សត្វ​ដំបូង​ដែល​រកឃើញ​នៅ​កម្ពុជា និង​លេច​ចេញមក​ក្នុង​ស្រទាប់​ថ្មភក់​ផ្នែក​ខាងក្រោម​នៃ​កោះ ខណៈ​ដែល​ទឹកសមុទ្រ​ច្រោះ​ជា​រៀងរាល់ថ្ងៃ​។

លោក​ថា​៖ «​តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រ តំបន់​នេះ​មាន​អាយុកាល​ក្នុង​ស័ក​ទី​ ២ (៦៥ ​លាន ១៩០ ​លាន​ឆ្នាំ​) ​មាន​ន័យ ថា​អាចមាន​ទំនាក់ទំនង​នឹង​សត្វ​ដែល​រស់នៅ​ក្នុង​ពេលដែល​ដាយណូស័រ​នៅមាន​ជីវិត​។ ក្រុមការងារ​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន​នឹង​បន្ត​សិក្សា​បន្ថែមទៀត ដោយ​សហការ​ជាមួយ​អ្នកជំនាញ​ផ្នែក​សត្វបុរាណ​ជួយ​ក្នុងការ​កំណត់​ប្រភេទ​សត្វ​»​។

បើតាម​ក្រសួងបរិស្ថាន ការសិក្សា​ពី​ហ្វូស៊ីល​ឆ្អឹង ដែល​បាន​រកឃើញ​នៅ​កោះប៉ោ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមការងារ​សិក្សា​ហ្វូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ ក្រសួងបរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បន្ទាប់ពី​បាន​ចុះ​សិក្សា​ពី​របកគំហើញ​ថ្ម​មួយ​ស្តីពី​ហ្វូស៊ីល​ខ្យង អាម៉ូនីត Ammonite​។

អ្វី​ជា Ammonite? ក្រសួង​អះអាង​ថា ជា​ប្រភេទ​សត្វ​ដែល​ស្ថិតក្នុង​សាខា​នៃ​ពពួក​ខ្យង និង​ពពួក​មឹក​។ តាម​ការពិនិត្យ​បឋម ទំហំ​សត្វ​ទាំងនេះ​មាន​ដល់​ ២៥ ​ស.ម.។ ពូជ​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​នៅ​ខេត្តមណ្ឌលគិរី​នៅ​ឆ្នាំ​ ២០១៩ ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​ភ្នំ​ ២​។ តាម​តារាង​នៃ Geologic Time Chart ហ្វូស៊ីល​អាម៉ូនីត​កើតឡើង​ក្នុងសម័យ​មេសូស្យូអ៊ីក​ (​ស័ក​ទី​ ២) ​នៅ​ចន្លោះ​ ២២៥ ​លាន​ដល់​ ៦៥ ​លាន​ឆ្នាំ​។ នេះ​ជា​ទិន្នន័យបឋម​របស់​ក្រុមការងារ​ដែល​ត្រូវ​សិក្សា​ជា​បន្តទៀត​នាពេល​អនាគត​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ពី​ម្សិលមិញ​ថា ការស្រាវជ្រាវ ហ្វូស៊ីល​ឆ្អឹង​សត្វ គឺជា​ក្របខ័ណ្ឌ​មួយ​របស់​ក្រសួង​បរិស្ថាន ដើម្បី​ពិនិត្យមើល​ពី​ប្រវត្តិ​នានា​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ពាក់ព័ន្ធ​នឹង​ការវិវឌ្ឍ​ធនធាន​ធម្មជាតិ​តាំងពី​ដើម​មក​។ បន្ថែម​ពីនេះ​លោក​ថា វា​ក៏​ជាការ​សិក្សា​ពី​សក្តានុពល​នៃ​ប្រភេទ​ធនធាន ធម្មជាតិ និង​តំបន់​មួយចំនួន​ដែល​បន្សល់​ទុក​ហ្វូស៊ីល ដើម្បី​ផ្សារភ្ជាប់​បច្ចុប្បន្ន និង​អតីត​កាលពី​ការវិវឌ្ឍ​នៃ​ប្រភេទ​ធនធាន​ធម្មជាតិ​ទូទាំងប្រទេស​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា តំបន់​ការពារ​ធម្មជាតិ​របស់​យើង​នេះ​មិនមែន សម្បូរ​តែ​ធនធាន​ធម្មជាតិ ឬ​សត្វព្រៃ ព្រៃឈើ​នោះទេ​ក៏ប៉ុន្តែ​គឺមាន​ប្រាង្គ​ប្រាសាទ​។ អ៊ីចឹង​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ គឺ​ធ្វើការ​សិក្សា​នេះ ដើម្បី​ចងក្រង​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់​។ ទី​២ ​គឺ​ដើម្បី​ធ្វើការ​ផ្សារភ្ជាប់​ទេសចរណ៍​ផងដែរ ព្រោះ​ការងារ​ចូលទៅ​ទស្សនា​ក្នុង​តំបន់​ការពារ​ធម្មជាតិ​គឺ​មិនមែន​មើល​ត្រឹម​ព្រៃ ឬ​សត្វព្រៃ​នោះទេ ក៏ប៉ុន្តែ​ក៏​ត្រូវ​ស្វែងយល់​អំពី​អតីតកាល​នៃ​តំបន់​ផងដែរ​»​។

កាលពី​ឆ្នាំ​ ២០១៩ ​ក្រុមការងារ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ពី​ហ្វូស៊ីល​ឈើ​ដែល​ក្លាយជា​ថ្ម នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី ដោយ​មាន​ការចូលរួម​ពី​អ្នក​បច្ចេកទេស​ពី​រាជបណ្ឌិត្យ​សភា​កម្ពុជា ក្រសួង​វប្បធម៌ អ្នកស្រាវជ្រាវ​សត្វ អ្នក​ធរណីវិទ្យា ក្រុមការងារ​ស្ម័គ្រចិត្ត​ និង​មន្ត្រី​ឧទ្យានុរក្ស​។ លទ្ធផល​កំណាយ​ហ្វូស៊ីល​ឈើ​ ១ ​ដើម​ដែល​នៅមាន​រូបរាង​ជាដើម​ឈើ​មាន​ប្រវែង​ ១៣ ​ម៉ែត្រ និង​កំពុង​បន្ត​ពិនិត្យ​ទីតាំង​ហ្វូស៊ីល​ឈើ​ ១៨ ​ដើម​ទៀត​។

ហ្វូស៊ីលត្រី​ជា​សំណាក​ត្រី​ដែល​បាន​កប់​ក្នុង​ដី​ហើយ​ប្រែក្លាយ​ទៅជា​ថ្ម ហើយ​សល់​ផ្នែក​ខាង​ក្បាល​មាន​ភ្នែក និង​ព្រុយ​នៅ​ពាក់កណ្តាល​ខ្លួន​បែក​ ១ ​កំណាត់​ផ្នែក​កន្ទុយ​មាន​ទំហំ​ប្រមាណ​ ៣ ​ស.ម និង​បណ្តោយ​ ៨ ​ស.ម និង​មាន​សំណាក​ហ្វូស៊ីល​ផ្សេងៗ​ជាច្រើន​ទៀត​ក៏​ត្រូវបាន​ប្រទះឃើញ​ផងដែរ​។

ហ្វូស៊ីល​ត្រី​នេះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុមការងារ​សិក្សា​ហ្វូស៊ីល​របស់​នាយកដ្ឋាន តំបន់​បេតិកភណ្ឌ​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន​នៅ​ឆ្នាំ​ ២០១៩ ស្ថិតនៅ​ភ្នំ​ស្វាយ ខេត្ត​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​ភ្នំ​ស្វាយ​បាន​ក្លាយជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ «​ភ្នំ​ស្វាយ​» ដែលមាន​អតីតកាល​ស្ថិត​ជា​សមុទ្រ​បាន​កើតឡើង​ដោយ​កំណក​នៃ​សារធាតុ​កំបោរ​តាមរយៈ​ផែនទី Geological map of Cambodia​។ ភ្នំ​ទាំងនេះ​ត្រូវ​បានកំណត់​ក្នុង​សម័យកាល Permian (២២៥-២៨០ ​លាន​ឆ្នាំ​) ក្នុង​ស័ក​ទី​ ១ ដែល​ហៅថា Paleozoic នេះ​អាចជា​សំណាក​ហ្វូស៊ីល​ត្រី​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​៕