ភ្នំពេញៈ ស្នង​ការ​នគរ​បាលរាជ​ធានី​ភ្នំពេញ​បាន​អះ​អា​ងថា​ម​ន្ត្រី​ជំ​នាញ​កំពុង​សាក​សួរ​មន្ត្រី​នគរបាល​នៃ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ម្នាក់​ បន្ទាប់​ពី​កោះហៅ​ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​លុយ ២ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​មួយ​ ខណៈ​ជនសង្ស័យ ២ នាក់​ទៀត ​ដែល​ចាប់​ខ្លួន​បាន​កំ​ពុងស្ថិត​ក្នុ​ងស​មត្ថ​កិច្ច​តុលាការ។

លោក ​ស​ ថេត​​ ស្នងការ​នគរ​បាល​រាជ​ធានី​ភ្នំពេញបាន​ថ្លែង​កាល​ពី​ម្សិល​មិ​ញ​ថា ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញបាន​កោះហៅ​​ជនស​ង្ស័យ​ម្នាក់​​ជា​មន្ត្រីន​គរ​បាល​មានឋា​​ន​ន្តរ​ស័ក្តិ​ជា​អនុសេ​នីយ៍ឯក​បម្រើ​ការ​ងារ​នៅ​ការិ​យា​ល័យ​ចរាចរ​ណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​ករណី​ទទួល​បញ្ញើ​ប្រាក់​ជន​សង្ស័យ ​២ នាក់ឈ្មោះ​ អៀម សំអន ​ ភេទ​ប្រុស ​អាយុ​ ៣៧ ឆ្នាំ​ ជា​យោ​ធា​ថ្នាក់​អនុ​សេនីយ៍​ឯ​កបម្រើ​ការ​ងារ​នៅ​នា​យក​ដ្ឋាន​កង​អង្គ​រក្ស​ និង​ឈ្មោះ វ៉ា សុខ ​ដែល​ត្រូវ​ចោទ​ប្រ​កាន់​ថា​ជា​អ្នក​លួច​លុយ​នោះ។

លោក​ ស ​ថេត​ ប​ញ្ជាក់​ថា៖ «យើង​មិន​ទាន់​បាន​ឃាត់​ខ្លួន​ទេ។រឿង​ហ្នឹង​គាត់​បាន​ទទួល​បញ្ញើ​ពី​ស្ត្រី​ម្នាក់​ដែល​យើង​បាន​ឃាត់​ខ្លួន​។ យើង​មិន​ទាន់​ដឹង​ថា​ពាក់​ព័ន្ធ​ស៊ី​ជម្រៅ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ។គាត់​ទទួល​បញ្ញើ​ហើយ ​យក​លុយ​ទៅ​ទុក​។ បន្ទាប់​ពី​ស្រាវ​ជ្រាវ​យើង​ក៏​ហៅ​គាត់​មកសួរ​នាំ​ហើយ​ក៏យក​​លុយ​បាន​មួយចំ​នួនគាត់​ថា ​គាត់បាន​ទទួល​លុយ​ តែ​មិន​ដឹង​លុយ​អ្វី​ទេ»។

កាលពី​​ថ្ងៃទី ​១៨​ ខែ ​កក្ក​ដា ​ឆ្នាំ​ ២០១៩ ​នគរ​បាល​ព្រហ្មទ​ណ្ឌ​ក្រសួង​មហាផ្ទៃ​រួ​មនឹ​ងនគ​របាល​ព្រហ្ម​ទណ្ឌ​រាជ​ធានី​​ស​ហ​ការ​ជា​​មួយ​នគរបាល​​ក្រុង​​បាវិត​ ខេត្ត​ស្វាយ​រៀង​បាន​ស្រាវ​ជ្រាវ​ឈាន​ដល់​ឃាត់​ខ្លួន​ជនស​ង្ស័យ​បាន ម្នាក់ឈ្មោះ វ៉ា​ សុខ នៅ​ក្រុង​បាវិត​និង​រឹប​អូស​បាន​ប្រាក់​​ ១៣ ​ម៉ឺន​ដុល្លារ​។

ចំណែ​កម្នា​ក់ទៀ​ត​ ​ឈ្មោះ អៀម​ សំអន ​អាយុ​ ៣៧ ​ឆ្នាំ ជា​យោធា​បម្រើ​ការងារ​នៅ​នា​យកដ្ឋា​​នកង​អង្គ​រក្ស​ត្រូវ​បាន​ឃាត់​ខ្លួន​នៅភ្នំ​ពេញ​​កាល​ពី​ថ្ងៃទី​ ១៩​​ ខែ​ កក្កដា​ ដោយ​ដក​ហូត​បាន​លុយ​ ២៥ ​ម៉ឺន​ដុល្លារ ​និង​អាវុធ ​ខ្លី ១​ដើម ម៉ាក kimBer។

បើ​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​នគរ​បាល​ចរាចរណ៍​ជើងគោក​រា​ជធា​នីរូ​ប​នោះ​ ឈ្មោះ ​លី ​អុិន ភេទ​ប្រុស ​អាយុ​ ៤១ ឆ្នាំ ហើយ​ការ​ឃាត់​ខ្លួន​ជនស​ង្ស័យទាំង​នេះ ​បាន​ធ្វើ​ឡើ​ង​បន្ទាប់​ពីមាន​ពាក្យ​បណ្តឹង​​របស់​ជនរ​ង​គ្រោះ​ ឈ្មោះ ​សំ ​ឆាយ​វ៉ាន់​ អាយុ​ ៧៨​ ឆ្នាំ​ ប្រធាន​ក្រុម​ហ៊ុន​ឆាយ​វ៉ាន់​ កាល​ពីយប់​ថ្ងៃទី ​១៦ ​កក្កដា​ ឆ្នាំ ២០១៩។

បើតា​មសារ​ព័​ត៌មាន​នេះ​ ដំបូងឡើយ​គឺម​ន្ត្រី​គណ​នេយ្យ​របស់​ក្រុម​ហ៊ុន ​ឆាយ​វ៉ាន់​ បាន​ឲ្យ​សែក​ ១​ សន្លឹក​ មាន​ទឹក​ប្រាក់​ ៥ លាន​ដុល្លារ​អាមេ​រិក​ ទៅ​បុគ្គលិក​ឈ្មោះ​ នី​ សំអាត​ និង​អ្នក​បើក​រថ​យន្ត​ ឈ្មោះ ​វ៉ា សុ​ខ ដើម្បី​ទៅ​បើក​ប្រាក់​ពី​ធនា​គារ ​CIMB ដែល​នៅ​ជិត​អតីត​ក្រសួង​ពាណិជ្ជ​កម្មតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខណ្ឌ​ដូនពេញ។

សារ​ព័ត៌​មាន​ដដែល​​ថា៖ ​«ជនស​ង្ស័យ​ឈ្មោះ វ៉ា សុខ បាន​ប្រើល្បិ​ច​ធ្វើជា​ឈប់​រថយន្ត​ចូល​ទិញ​ទឹក​ផឹក ​រួច​ត្រឡប់​ក្រោយ​វិញ​ និង​បាន​បើក​ទ្វា​​ររថយន្ត​ឆក់យក​សាក់​កាដូ​ពណ៌​ខ្មៅ​មួយ​ដែល​មាន​ទឹក​ប្រាក់ ​២ ​លាន ៤ សែន​ដុល្លារ​អាមេ​រិក ហើយ​បាន​គំរាម​មិន​ឲ្យ​ឈ្មោះ ​នី សំអាត ​ស្រែក ​រួច​រត់​ឡើង​ជិះ​ម៉ូតូ​បក្ខ​ពួក​របស់​គេ​គេច​បាត់​ទៅ»។

យ៉ាង​ណាក្ដី លោក​ អុី រិន្ទ​ អ្នក​នាំ​ពា​ក្យសា​លាដំ​បូង​រា​ជ​ធានី​ភ្នំ​ពេញ​បា​នថ្លែ​ង​កាល​ពីម្សិ​លមិ​ញ​ថា​ ជនស​ង្ស័យ ២​ នាក់​នោះ​មិន​ទា​ន់​ត្រូវ​បាន​បញ្ជូន​មកដ​ល់ចៅ​ក្រម​នៅ​ឡើ​យ​ទេ។​ ប៉ុន្តែ​លោក​ គុជ ​គឹម​ឡុង ដែល​ជា​អ្នក​នាំ​ពាក្យ​អយ្យ​ការ​សាលា​ដំ​បូ​ងរា​ជ​ធា​នី​ភ្នំពេ​ញ​ បាន​បញ្ជាក់​ថា​ករណី​នេះ កំ​ពុ​ងស្ថិ​ត​នៅ​ក្នុង​នីតិ​វិធី​សាក​សួរ​របស់​អយ្យការ​នៅ​ឡើយ​៕