ភ្នំពេញៈ មន្ត្រី​ជំនាញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ជុំវិញ​ការ​បំផ្លាញ​បុរាណ​ស្ថាន​នានា​នៅ​ទូទាំង​ប្រទេស ដោយសារ​តែ​មូល​ហេតុ​នៃ​កំណើន​ជីក​កាយ​យក​អាចម៍​ដី​ទៅ​ចាក់​សម្រាប់​ពុះ​ដីឡូត៍​លក់ និង​ការ​ឈូស​ឆាយ​ដី​ព្រៃ​កាន់​កាប់។

លោក​​ វឿន វុទ្ធី ប្រធាន​នាយកដ្ឋា​ន​បុរាណវិទ្យា និង​បុ​រេ​វិទ្យា​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា បច្ចុប្បន្ន​បុរាណ​ស្ថាន​រង​ការ​បំផ្លាញ​កាន់​តែ​ខ្លាំង ដោយសារ​កើត​មាន​កាន់​តែ​ច្រើន​នូវ​ការ​ពុះ​ដីឡូត៍​លក់ ការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​សាធា​រណៈ និង​ដីព្រៃ​ធ្វើជា​កម្ម​សិទ្ធិ​ឯកជន។

លោក​ឲ្យ​ដឹងថា បុរាណ​ស្ថាន​ឬ​ហៅថា ទួល​បុរាណ​គឺ​សំដៅ​ទៅលើ​ទួល​ប្រាសាទ គ្រឹះ​ប្រាសាទ វត្ត​បុរាណ ស្រះ​បុរាណ ឬ​ស្ពាន​បុរាណ​ជាដើម។ ទួល​បុរាណ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា ៣ ប្រភេទ ទី ១ ទួល​គោរព​បូជា​ដែល​មាន​ជា​ទួល​ប្រាសាទ ទួល​អ្នកតា ឬ​ទួល​តម្កល់​ព្រះ​បដិមា ទី ២ កន្លែង​កប់​សាក​សព​បុរាណ​ដែល​សព្វថ្ងៃ​កំពុង​រង​ការ​បំផ្លាញ​ដោយសារ​ការ​ជីក​រុក​រក​វត្ថុ​មាន​តម្លៃ ដូចជា​អង្កាំ និង​មាស​ជាដើម ហើយ​ទី ៣ កន្លែង​មនុស្ស​រស់​នៅ​ដែល​ជា​ភូមិ​ចាស់។ ករណី​នេះ​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ឡើង​តុលាការ​ជុំវិញ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បុរាណ​ស្ថាន គឺ​មាន ៤ ករណី ដោយ ១ ករណី​ស្ថិត​នៅ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ក្បែរ​ភ្នំ​ប្រសិទ្ធិ៍ ស្រប​ពេល​ទីនោះ​បាន​កើត​មាន​ការ​ជីក​យក​អាចម៍​ដី​ពី​បុរាណ​ស្ថាន​សម្រាប់​យក​ទៅ​ចាក់​ធ្វើ​ជា​ដីឡូត៍ លក់ និង ២ ករណី​ទៀត​កើត​មាន​នៅ​ស្រុក​កៀនស្វាយ និង​ស្រុក​កណ្ដាល​ស្ទឹង ហើយ​ករណី​ប្ដឹង​ផ្ដល់​គ្នា​ក្ដៅ​គគុក​បំផុត​គឺ នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ស្ថិត​ក្នុង​សង្កាត់​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ដលគិរី។

លោក​ថា៖ «បើ​និយាយ​អំពី​បញ្ហា​ប្រឈម​នៅលើ​ការ​គ្រប់គ្រង​បុរាណ​ដ្ឋាន​ទាំង​អស់ គឺ​យើង​មាន​ការ​ប្រឈម​ខ្លាំង​ណាស់​ឥឡូវ ដោយសារ​សម្ទុះ​នៃ​ការ​វិវឌ្ឍ​ដីធ្លី មនុស្ស​ចេះ​តែ​កើត តែ​ដី​វា​អត់​កើត ដល់​អ៊ីចឹង ការ​ច្បាម​យក ការ​លួច​បំផ្លាញ និង​ការ​ជីក​រក​វត្ថុ​បុរាណ​សុទ្ធ​តែ​ជា​បញ្ហា​ប្រឈម។ ចំពោះ​ករណី​ប្ដឹង​ផ្ដល់​គ្នា​មាន​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ ដែល​បងប្អូន​ជន​ជាតិ ភាគ​តិច​ប្រហែល ១ ពាន់​គ្រួសារ​ជាង​ប្ដឹង​មក​ក្រសួង ហើយ​ក្រសួង​បាន​ធ្វើ​កិច្ច​ការងារ​នេះ​តាំង​ពី​ឆ្នាំ ២០១៦ ដែល​មាន​ការ​ព័ទ្ធ​យក​ដី​ហើយ​ឈូស​ឆាយ​កាប់​ព្រៃ​ទន្ទ្រាន​ដែល​ជា​មជ្ឈមណ្ឌល​ជន​ជាតិ​ភាគ​តិច និង​ជាទី​តាំង​បុរាណ​ស្ថាន»។

លោក វុទ្ធី អះអាងថា បើ​គិត​ចាប់ពី​ឆ្នាំ ២០០៣ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ខាង​បេតិកភណ្ឌ​ចេញ​បង្ក្រាប​ការ​រំលោភ​បុរាណ​ស្ថាន​បាន​ជិត ៧០០ ករណី។ ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ឱ្យ​មន្ទីរ​របស់ខ្លួន​គ្រប់​ខេត្ត-ក្រុង​ចុះ​ប្រមូល​និង​ចុះ​បញ្ជី​រាល់​បុរាណ​ស្ថាន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដើម្បី​ថែរក្សា និង​អភិរក្ស​ជា​សម្បត្តិ​ជាតិ ស្រប​ពេល​មាន​បុរាណ​ស្ថាន​ចំនួន ៦៦៤៤ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កំពុង​បន្ត​ស្វែងរក​បុរាណ​ស្ថាន​ផ្សេង​ទៀត​ដើម្បី​កំណត់ និង​ចុះ​បញ្ជី​បន្ថែម។

លោក ជុំ វុ​ឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ បាន​អះអាង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​ជំនាញ​តែង​ចុះ​ទៅ​តាម​ដាន​អំពី​ទីតាំង​បុរាណ​ស្ថាន​ទាំង​អស់​ដែល​ចុះ​បញ្ជី។

លោក​ថា៖ «ការងារ​នេះ យើង​ធ្វើ​យូរហើយ ហើយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព តាម​ផែនការ​របស់​ក្រសួង ថា​តើ​អ្វី (បុរាណ​ស្ថាន) ហ្នឹង​ដែល​បាន​ចុះ​បញ្ជី​ហើយ មាន​រេចរឹល​យ៉ាង​ម៉េច ឬ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ?។ ចង់​និយាយ​ថា យើង​ចុះ​ទៅ​ឆែក និង​កំណត់​ទំហំ​ពី​ព្រោះ​កន្លង​មក ទួល​បុរាណ​យើង​អត់​ទាន់​កំណត់​ទំហំ​ឱ្យ​អស់​ទេ កំណត់​តាមរយៈ​បោះ​បង្គោល​អ៊ីចឹង តែ​លើក​ហ្នឹង​យក​ទៅ​កំណត់​ទំហំ ថា​ឥឡូវ​ប៉ុន្មាន​ម៉ែត្រ​ការ៉េ ដើម្បី​ចៀស​វាង​ការ​ភាន់​ច្រឡំ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ហ្នឹង»។

លោក វុទ្ធី ថា ច្បាប់​សម្រាប់​ការពារ​បុរាណ​ស្ថាន​ត្រូវបាន​បង្កើត​តាំង​ពី​ឆ្នាំ ១៩៩៣៕