ស្ទឹងត្រែងៈ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង បាន​ណែនាំ និង​អប់រំ​ប្រជា​នេសាទ​ជាង ១០០ នាក់ បន្ទាប់ពី​ពួកគេ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ ដែល​ត្រូវបាន​ហាមឃាត់​ក្នុង​អំឡុងពេល​បិទ​នេសាទ​ទូទាំង​ប្រទេស ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ត្រីពង។

ទីតាំង​ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​បាន​ធ្វើការ​អប់រំ ណែនាំ​ដល់​ប្រជានេសាទ​នេះ​ស្ថិត​នៅ​ទន្លេ ៤ គឺមាន​ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ដែល​ទន្លេ​ទាំង ៤ នោះ​ជា​តំបន់​ជង្រុក ត្រី​មេពូជ​សំខាន់ៗ និង​អន្លង់ជ្រៅៗ ដែល​ជា​ទីជម្រក​ត្រី និង​មួយចំនួន​ជា​តំបន់​ផ្សោត។

រដ្ឋាភិបាល​បាន​ប្រកាស​បិទ​រដូវនេសាទ​សម្រាប់​ឆ្នាំ ២០២១ ចាប់ពី​ថ្ងៃទី១ មិថុនា ដល់​ថ្ងៃទី ៣០ កញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​នៅ​ប៉ែក​ខាងជើង​ខ្សែស្រប​ទន្លេ​ចតុមុខ។ ចំណែក​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​ខ្សែស្រប​ទន្លេចតុមុខ រដូវ​បិទ​នេសាទ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ ខែកក្កដា ដល់ទី ៣១ ខែតុលា ខណៈ​ខេត្ត​ស្ទឹងត្រែង រដូវ​បិទ​នេសាទ ត្រូវបាន​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ ឧសភា ដល់​ខែតុលា។ ព្រោះ​ត្រី​មេ​ពូជ​មួយ​ចំនួន​បានចាប់ផ្ដើម​បង្កាត់​ពូជ និង​ពង កូន​ជា​បណ្ដើរៗ​នៅ​តាម​អន្លង់​ទឹកជ្រៅ។

លោកស្រី សមវិចិត្រ នាយក​ស្ដីទី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃនេះ​ថា ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​បិទ​រដូវនេសាទ ក្នុង​ខេត្ត​នេះ​គឺ​មាន​អ្នកនេសាទ​ជាង ១០០ នាក់ ដែល​ត្រូវ​បាន​ទទួល​ការអប់រំ ណែនាំ ដោយសារ​តែ​ពួកគាត់ ប្រើប្រាស់​ឧបករណ៍​ដែល​បាន​ហាមឃាត់។ លោក​បន្តថា ក្នុង​ពេលនេះ គឺ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត មិនទាន់​ដាក់ទោស​ទណ្ឌ​អ្នក​នេសាទ​ណា​ម្នាក់​នោះ​ទេ ដោយ​ប្រើប្រាស់​យន្តការ​នៃ​ការអប់រំ​ជាមុនសិន។

លោក​បន្តថា៖ «ខេត្ត​យើង ដល់​រដូវ​បិទ​នេសាទ អ៊ីចឹង​ប្រជានេសាទ​យើង​នៅ​ប្រើប្រាស់​ឧបករណ៍​មុង ដូច្នេះ​ខាងយើង​ក៏​បាន​អប់រំ ណែនាំ ចុះ​ផ្សព្វផ្សយ [ជូន] ពួកគាត់។ នៅក្នុងពេល​បិទ​នេសាទ​នេះ នៅពេល​យើង​ចុះទៅ​ឃើញ ជា​ជំហាន​ដំបូង យើង​អប់រំ​គាត់ ដោយ​មិនទាន់​ធ្វើ​វិធានការ​ក្តៅ​ទេ ដោយ​ចង់​អប់រំ​សិន។ ប្រសិន​ជា​គាត់​មិន​ស្តាប់​បាន យើង​អនុវត្ត​តាម​ច្បាប់»។

ក្រៅពីនេះ​លោក​ក៏បាន​អំពាវនាវ​ដល់​អ្នកនេសាទ​ទាំងអស់ អំឡុងពេល​បិទ​នេសាទ​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​មង​គ្រប់​ប្រភេទ ឬ​ឧបករណ៍​ដែល​បាន​ហាមឃាត់​ដទៃទៀត​នោះទេ។ ព្រោះថា ក្នុង​រដូវ​នេះ គឺ​នឹង​ប៉ះពាល់​ត្រី​មេពូជ​អំឡុងពេល​បង្ក​កំណើត។

លោក​បញ្ជាក់ថា៖ «ក្នុង​រដូវ​បិទ​នេសាទ សូម​ឲ្យ​បងប្អូន​មេត្តា​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា ឆក់ ប្រើ​ថ្នាំ បំពុល និង​គ្រឿងផ្ទុះ ដែល​នាំ​ឲ្យ​វិនាស​អន្តរាយ​ដល់​ធនធាន​ជលផល និង​មច្ឆាជាតិ​យ៉ាងធ្ងន់ធ្ងរ។ ព្រោះថា​ទិន្នផល​ត្រី​ក្នុង​រដូវ​នេះ យើង​មិនទាន់​អាច​ព្យាករណ៍​បាន​នោះទេ ហើយ​ការទទួលបាន​ទិន្នផល​ត្រី​ច្រើន ក៏​អាស្រ័យ​លើ​កត្តា​ទាំង​ផងដែរ ដោយ​យើង​បាន​ទប់ស្កាត់​ក្នុង​រដូវ​បិទ​នេសាទ​បានល្អ និង​កត្តា​ធម្មជាតិ»៕

វីដេអូ៖