ភ្នំពេញៈ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បានប្រកាស​ឱ្យដឹងថា ការនេសាទ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ នៅតាម​គន្លង​ដាយ​នេសាទ​ត្រី​ក្នុង​ដង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និងខេត្ត​កណ្ដាល​អាច​នឹង​ទទួល​បាន​ផល​ច្រើន​ក្នុង​រយៈពេល​ជិត​ ១ ​សប្ដាហ៍​។ យោង​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ជលផល​ស្ដីពី​ «​រដូវ​ធ្វើ​ប្រហុក ផ្អក​» ចុះ​ថ្ងៃទី​ ១៥ ខែ ធ្នូ ឆ្នាំ​ ២០២០​។

លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ថា ប្រសិន​បើ​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​ទេនោះ គន្លង​ដាយ​នៅតាម​ដង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ រាជធានីភ្នំពេញ និង​ខេត្តកណ្តាល​អាច​នេសាទ​ត្រី​បាន​ច្រើន​ចាប់ពី​ថ្ងៃទី​ ២០ រហូតដល់​ថ្ងៃទី​ ២៦ ខែធ្នូ​នេះ​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​និយម​ចូលចិត្ត​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ ប្រញាប់​អញ្ជើញ​មក​ទិញ​ត្រី ក្នុង​ខែ​បុស្ស​នេះ ឱ្យ​បាន​រួសរាន់ តាម​ពេលវេលា និង​ទីកន្លែង​ដូច​បាន​ជម្រាបជូន​។

ទោះជា​បែបណា​ក្ដី​នៅ​ថ្ងៃទី​ ១៧ ខែ ធ្នូ ឆ្នាំ​ ២០២០ លោក ហេង សុភារិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា នៅតាម​គន្លង​ដាយ​ត្រី​នីមួយៗ​ក្នុង​ដង​ទន្លេសាប​ភូមិសាស្ត្រ​ស្រុក​ពញាឮ មាន​ការចាប់​ត្រី​បាន​ច្រើន​បង្គួរ គឺ​ចន្លោះ​ពី​ ២៥០ ​គីឡូក្រាម​ទៅ​ ៣០០ ​គីឡូក្រាម​ក្នុង​ ១ ​សំណាញ់​ដាយ​ត្រី​។ ចំនួន​នេះ​គឺ​គេ​ចាប់បាន​រាល់​ ១ ​ម៉ោង​ម្ដង​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការចុះពិនិត្យ​ស្ថានភាព​នៃ​ការនេសាទ​ត្រី​តាម​គន្លង​ដាយ​ត្រី​នាពេល​នេះ​យើង​រំពឹងថា ត្រី​នឹង​ចាប់​បាន​កាន់តែ​ច្រើន​ថែមទៀត​ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃ​​ទី​ ២៦ ខែធ្នូ​នេះ ប៉ុន្តែ​តម្លៃ​ត្រី​ប្រហុក​អាច​នឹង​ថ្លៃ​ជាង​ឆ្នាំមុន​»​។

បើតាម​លោក សុភារិទ្ធិ តម្លៃ​ត្រី​ប្រហុក​ដែល​បាន​លក់​ចេញពី​គន្លង​ដាយ​ត្រី ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ នាពេល​នេះ​ថ្លៃ​ ៣ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម ​ជា​តម្លៃ​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រារែក​នៅក្នុង​ការចុះ​ប្រមូល​ទិញ​ត្រី ដើម្បី​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ សម្រាប់​បម្រុង​ទុក​បរិភោគ​ប្រចាំឆ្នាំ​។

ចំណែក​លោក ងិន ឌី នាយខណ្ឌ​ជលផល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា សម្រាប់​គន្លង​ដាយ​ត្រី​ទាំង​ ១០ ​ទីតាំង​ក្នុង​ដង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខាងជើង​រាជធានី​ភ្នំពេញ នាពេល​នេះ​ចាប់​ត្រី​បានជា​មធ្យម​ក្នុង​ចន្លោះ​ពី​ ១៥០ ​គីឡូក្រាម​ទៅ ២០០ ​គីឡូក្រាម ​ក្នុង​ ១ ​សំណាញ់​ដាយ​ត្រី និង​ក្នុង​រយៈពេល​ ១ ​ម៉ោង​ម្ដង​។

លោក ឌី បាន​ថ្លែងថា​៖ «​នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញថា​រដូវ​ត្រី​ប្រហុក​នឹង​មកដល់​នាដើម​សប្ដាហ៍​ខាងមុខនេះ​»​។

លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រាជធានី-ភ្នំពេញ​ជួយ​ការពារ​សុវត្ថិភាព សន្តិសុខ និង​សម្រួល​ដល់​ការស្នាក់នៅ​ជា​បណ្ដោះអាសន្ន​របស់​ប្រជាពលរដ្ឋ​ដែល​មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ ដើម្បី​ធ្វើ​ប្រហុក ផ្អក នៅ​តាម​តំបន់​នានា ដែល​មន្ត្រី​ជំនាញ​បាន​ជូនដំណឹង ហើយ​សកម្មភាព​នេះ​ចាប់ផ្ដើម​នា​ដើម​សប្ដាហ៍​ខាងមុខ​នេះ​៕

វីដេអូ៖