ភ្នំពេញៈ អង្គភាព​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត លើ​ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​អស់​ប្រមាណ​ ៤០ ​តូប​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ពុធ​ម្សិលមិញ​។

លោក ​ព្រំ យ៉ន ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ​ខាងលើនេះ នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ការសន្និដ្ឋាន​ក្នុង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​មូលដ្ឋាន​ថា ករណី​អគ្គិភ័យ​នេះ​បណ្ដាល​មកពី​ «​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​»​។

លោក​ យ៉ន ​បាន​និយាយ​ថា​៖ «​សេចក្ដីសន្និដ្ឋាន​នេះ​នៅ​មិនទាន់​អាច​យក​ជា​ការ​បាន​ទេ ព្រោះ​ក្រុមអាជីវករ​ដែល​ជា​ម្ចាស់​តូប​ត្រូវ​ភ្លើង​ឆេះ​បាន​អះអាងថា ពួកគេ​បាន​បិទ​ភ្លើង​ [​ចរន្តអគ្គិសនី​] ​អស់​ហើយ​នៅពេល​ពួកគេ​ចាក់សោ​តូប​បិទ​ការលក់ដូរ​»​។

លោក​បន្តថា​៖ «​នៅពេល​នេះ​យើង​ក៏​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ទំហំ​នៃ​ការខូចខាត​ផងដែរ ខណៈ​ក្រុមមន្ត្រី​ជំនាញ​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បន្ត​ការស្រាវជ្រាវ​បន្ថែម​ទៀត​អំពី​មូលហេតុ​នៃ​ការឆេះ​នេះ​»​។

បើ​តាម​លោក​ ព្រំ យ៉ន អគ្គិភ័យ​បានចាប់ផ្ដើម​ឆាបឆេះ​តូប​លក់ដូរ​របស់​អាជីវករ​ក្នុង​ផ្សារ​ឃ្លាំងរំសេវ​នៅវេលា​ម៉ោង​ ១១:២០ ​នាទី​យប់​ថ្ងៃ​អង្គារ ហើយ​ត្រូវបាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ ១២:២០ ​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍​ពី​ក្រុម​កម្លាំង​នគរបាល​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ប្រើប្រាស់​ទឹក​អស់​ ២០ ​រថយន្ត​។

ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នោះ មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​រងរបួស​ដៃ​ដេរ​ ៨ ​ថ្នេរ ដោយសារ​មុត​បន្ទះ​ដែក​តូប​លក់ដូរ​របស់​អាជីវករ​នៅក្នុង​ផ្សារ​នោះ​។

តូប​លក់​ទូរស័ព្ទ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃទី​ ១០ ​ឈាន​ចូល​ថ្ងៃទី​ ១១ កញ្ញា​។ រូបថត ហ៊ាន រង្សី

លោក​ យ៉ន ​បាន​បន្តថា ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​តូប​លក់ដូរ​សរុប​ចំនួន ៤០ ​តូប ដែល​ភាគច្រើន​ជា​តូប​លក់​ទូរស័ព្ទដៃ គ្រឿងបន្លាស់​ទូរស័ព្ទដៃ និង​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក បាន​រង​ការឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ ក្នុងនោះ​តូប​ចំនួន​ ២៥ បាន​ឆេះ​ខូចខាត​ទាំងស្រុង និង ១០ ​តូប​ទៀត​ ខូចខាត​មធ្យម ខណៈ​តូប​ចំនួន​ ៥ ​ទៀត​បាន​រង​ការខូចខាត​បន្តិចបន្តួច​។

អាជីវករ​លក់ដុំ និង​លក់រាយ​ទូរស័ព្ទដៃ​នៅ​ផ្សារ​ឃ្លាំង​រំសេវ លោក ហេង ចំណាប់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទំនិញ​របស់គាត់​ទាំងអស់​ដែល​សរុប​ជា​ទឹកប្រាក់​ជាង​ ៣០ ​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ឆេះ​អស់​ទាំងស្រុង ខណៈ​បញ្ជី​ឈ្មោះ​អតិថិជន​ដែល​ទិញ​ទំនិញ​របស់​គាត់​បង់​រំលស់​ក៏​ត្រូវ​បាន​ឆេះ​អស់​ទាំង​ស្រុង​ផងដែរ​។

លោក​ចំណាប់​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិនដឹង​និយាយ​យ៉ាង​ដូចម្ដេច​ទេ​នៅពេល​នេះ​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​រកស៊ី​ជាង​ ១០ ​ឆ្នាំ​មក​នេះ ត្រូវ​បាន​ខាតបង់​ក្នុង​មួយប៉ប្រិចភ្នែក​។ តើ​ឲ្យ​ខ្ញុំ​ទៅ​ទាមទារ​សំណង​ពី​អ្នកណា​? បើ​ពេល​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការឆេះ​នេះ​។ នៅពេល​នេះ​ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​អតិថិជន​បង់​រំលស់​ទាំងអស់​មេត្តា​អាណិត​ដល់​ខ្ញុំ និង​ជួយ​បង់ប្រាក់​លើ​ទំនិញ​បង់​រំលស់​មក​ខ្ញុំ​តាម​កាលកំណត់​ផង ព្រោះ​ខ្ញុំ​គ្មាន​អ្វី​នៅ​សេសសល់​ទៀត​ទេ​»​។

លោក​ចំណាប់​បាន​និយាយ​ទៀត​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​អំពី​អគ្គិភ័យ​ឆាបឆេះ​តូប​នៅក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ភ្លាម គាត់ និង​ក្រុមគ្រួសារ​បាន​នាំ​គ្នា​ស្ទុះ​ទៅ​ផ្សារ​ភ្លាមៗ​ផងដែរ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​តូប​របស់​គាត់​ចំនួន​ ៣ ​ដែល​នៅ​ជាប់ៗ​គ្នា និង​តូប​របស់​អាជីវករ​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ទៅហើយ​។

លោក​បាន​និយាយ​ថា​៖ «​អារម្មណ៍​របស់ខ្ញុំ​នៅពេល​នោះ​តក់ស្លុត​ខ្លាំងណាស់​។ បងប្អូន​របស់ខ្ញុំ​ក៏​ដូចគ្នា​ដែរ ពួកយើង​បាន​ត្រឹមតែ​នាំ​គ្នា​ឈរ​យំ ដោយ​មិន​ដឹង​ថា​ត្រូវ​ទាមទារ​សំណង​ពី​អ្នកណា​ឡើយ​»​។

អាជីវករ​រូបនេះ​បន្តថា កាលពី​ព្រឹក​មិញ​ [​ព្រឹក​ថ្ងៃ​ពុធ​] អាជ្ញាធរ​មូលដ្ឋាន និង​អ្នកគ្រប់គ្រង​ផ្សារ​បាន​សន្និដ្ឋាន​ថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​អាច​បណ្ដាល​មកពី​ការផ្ទុះ​ថ្ម​ទូរស័ព្ទ​ពី​ក្នុង​តូប​អាជីវក​រណា​ម្នាក់ ឬ​អាច​បណ្ដាលមកពី​ការ​ទុស្សេ​ខ្សែភ្លើង​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​លទ្ធផល​នៃ​ការពិនិត្យ​អង្កេត​លើ​ករណីនេះ​នៅឡើយ​ទេ​។

លោក​ ទិត្យ សាមឿន ចៅសង្កាត់​ផ្សារ​ដើមគរ​បាន​បញ្ជាក់ថា រហូត​មក​ទល់​ថ្ងៃ​ម្សិលមិញ​នេះ សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​បញ្ចប់​នីតិវិធី​នៃ​ការស៊ើបអង្កេត​លើ​ករណី​នេះ​នៅ​ឡើយ​ទេ​៕