ភ្នំពេញៈ ក្រុមមន្ត្រី​ជំនាញ​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ​នៅកម្ពុជា​ កាលពី​ថ្ងៃ​ទី ៦ ខែវិ​ច្ឆិកា​ ​បាន​អំពាវនាវ​ និងជំរុញ​ដល់ក្រុម​សហគ្រិន​ និង​ពាណិជ្ជករ​ អ្នកផលិត ​និង ​អ្នកផ្គត់​ផ្គង់​ចំណីអា​ហារ ​ត្រូវ​បង្កើន​ការ​យក​​ចិត្ត​ទុក​ដាក់​អំពី​សុវត្ថិភាព​ និង ស្ដង់ដារ​ចំណីអាហារ​ ដើម្បី​ធានា​នូវ​សុខុ​មាល​ភាព ​សម្រាប់​អ្នក​បរិភោគ​។

ការ​អំពាវនាវនេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា ​«សប្ដាហ៍​និយាយ​អំពី​សុវត្ថិភាព​ចំណី​អាហារ​» ដែលរៀបចំ​ឡើង​ដោយ​វិទ្យា​ស្ថាន​មេគង្គ ​ក្រោម​កិច្ច​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​បច្ចេកទេស​វិទ្យា​សាស្ត្រ​កម្ពុជា​ នាយក​ដ្ឋាន​ស្ដង់​ដារ​កម្ពុជា ​កាំកុង​ត្រូល​ នាយក​ដ្ឋាន​ឱសថ​ចំណីអាហារ​បរិក្ខារពេទ្យ ​និងគ្រឿង​សំអាង​នៃ​ក្រសួង​សុខាភិបាល ​និង​មាន​ការ​ចូលរួម​ពី​ផ្នែក​ពាក់​ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​ទៀត។​

នៅក្នុង​វេទិការនោះ​ លោក​ Watcharas Leelawath នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​មេគង្គ ​ថ្លែងថា​៖ «នៅពេល​និយាយ​អំពី​សុវត្ថិភាព​ចំណី​អាហារ​ យើង​ចាំបាច់​ត្រូវ​និយាយ​អំពី​ស្ដង់​ដារ​ចំណី​អាហារ ​ហើយ​អ្នកណា​ខ្លះ​ដែល​ធ្វើ​ការពាក់​ព័ន្ធ​នៅក្នុង​បញ្ហា​នេះ​»។

លោក​បន្ថែមថា ​ការគិត​ដល់​បញ្ហា​ចម្បង​ទាំង​២ខាង​លើនេះ ​អ្នក​ផលិត​និង​ផ្គត់​ផ្គង់​ចំណី​អាហារ ​មានតួនាទី​ដ៏​សំខាន់​ក្នុងការ​ចូលរួម ​ជំរុញ​ឲ្យ​គោល​នយោបាយ​លើក​កម្ពស់​សុខុមាលភាព ​និង ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ​នៃ​រដ្ឋាភិ​បាល​របស់​ប្រទេស​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ ​ដែលរួមមាន​ កម្ពុជា​ វៀតណាម ​ឡាវ​ ថៃ ​និង ​ភូមា ​ទទួល​បានជោគជ័យ​យ៉ាង​ឆាប់​រហ័ស។

លោក Leelawath ​បញ្ជាក់ថា​៖ «ប្រទេស​ក្នុង​អនុតំបន់​មេគង្គ ​គឺជា​ប្រទេស​ដែល​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម​ ដូច្នេះ​យើង​អាចគិត​អំពី​ផលិតភាព​នៃការផ្គត់​ផ្គង់​សុវត្ថិភាព​ចំណី​អាហារ ​និង ស្ដង់​ដារ​មួយ​ ដែល​អាច​ទទួល​យក​បានទាំង​ក្នុង​កម្រិត​ថ្នាក់​ជាតិ ​តំបន់​ និង​អន្តរជាតិ ​ព្រោះ​យើង​ចាំបាច់​ត្រូវផលិត​ចំណី​អាហារ​សម្រាប់​ផ្គត់​ផ្គង់​ទាំង​ក្នុង​ស្រុក​ និង​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​»។

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមមន្ត្រី​ជំនាញ​នៃ​វិទ្យាស្ថាន​ស្ដង់​ដា​រកម្ពុជា​ បង្ហាញថា ​សហរដ្ឋ​អាមេរិក ​ជាប្រទេស​មួយដែល​មានការ​នាំ​ចូល​ចំណី​អាហារដ៏​មាន​សុវត្ថិភាព ​និងមានស្ដង់​ដារ​ខ្ពស់​ជាង​គេ។ ​ប៉ុន្តែ ​ក្រុម​ពាណិជ្ជករ​របស់​ពួកគេ​មួយ​ចំនួន ​នៅតែ​ឆ្លៀត​ឱកាស​លួច​ផលិត ​និង ​នាំចូល​នូវ​ចំណី​អាហារ ​ដែលមិនស្រប​តាម​ស្តង់​ដារ​ ដែលបង្កឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេសនេះ​ មាន​ការខាតបង់​នូវទឹក​ប្រាក់​ប្រមាណ​ជាង​៧ពាន់​លាន​ដុល្លារ​ជារៀងរាល់​ឆ្នាំ។

លោក​ លី ទីន ​អនុប្រធាន​នាយកដ្ឋាន ​វិញ្ញា​ប័នបត្រ​ នៃ​វិទ្យាស្ថាន​ស្ដង់​ដារ​កម្ពុជា​ និយាយថា ​ការត្រួត​ពិនិត្យ ​ស្ដង់​ដារ​ និង សុវត្ថិភាព​ចំណី​អាហារ​ គឺ​ ជាផ្នែក​មួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នូវ​សុខុមាលភាព ​និង ​វឌ្ឍនភាព​របស់​ប្រជាពលរដ្ឋ ​ប៉ុន្តែ​កិច្ចការនេះ ​វា​ចាំបាច់​ត្រូវមាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ពិសេស ​អ្នកផលិត ​និងអ្នកផ្គត់​ផ្គង់​ត្រូវតែ​មានទំនួល​ខុសត្រូវ​ ចំពោះ​សុវត្ថិភាព​របស់​អ្នក​បរិភោគ ​ហើយ​អ្នក​បរិភោគ ​គប្បី​ត្រូវ​ជ្រើសរើស​នូវ​ចំណី​អាហារ​ដែល​មាន​ស្លាក​សញ្ញា​ស្ដង់​ដារ ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​ជំនាញ ​ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដែល​អាចកើត​ឡើង​ជាយថា​ហេតុ​។

លោក​ ទីន បញ្ជាក់​ថា​៖ «អ្នកផលិត​ និង ​អ្នកផ្គត់​ផ្គង់​ចំណី​អាហារ ​ត្រូវ​មានភាព​ស្មោះ​ត្រង់ ​និងបញ្ឈប់​ការប្រើ​ប្រាស់​សា​រធា​តុ​គីមី​ពុល ​ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​អ្នក​បរិភោគ​»។

លោកឲ្យ​ដឹង​ទៀត​ថា គិត​រហូត​មក​ទល់​ពេល​នេះ នៅកម្ពុជាមាន​ក្រុមហ៊ុន​ប្រមាណ​ជាង ​២០០​ ក្រុម​ហ៊ុន​ប៉ុណ្ណោះ ​ដែល​បាន​ចុះស្ដង់​ដារ ​បញ្ជាក់​សុវត្ថិភាព​ចំណី​អាហារ​នៅក្នុង​វិទ្យាស្ថាន​ស្ដង់​ដារ​កម្ពុជា។

លោក​ ស៊ីន ស៊ីដេត ​នាយក​មន្ទីរ​ពិសោធ​កាំកុង​ត្រូល​ និយាយថា ​ជាទូទៅ​ប្រជាពលរដ្ឋ​ភាគច្រើន​បានវាយ​តម្លៃ​​ទៅ​លើ​ចំណី​អាហារ ​គ្រប់​ប្រភេទ​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង ​ដូចជា​ប្រទេស​វៀតណាម ​និងប្រទេស​ថៃ ​ជាដើម ​ថា​ជាទំនិញ​ខូច​គុណ​ភាព ​ឬ ​មានជាតិ​សារធាតុ​គីមី​ពុល ​ប៉ុន្តែ​ ការវាយ​តម្លៃ​ជារួម​ដូច្នេះ «មិន​ត្រឹមត្រូវ»​ នោះទេ ​ចំណី​អាហារមួយចំនួន​ដែល​នាំចូល​ពីប្រទេស​ជិត​ខាង​ទាំង២​ខាងលើនេះ ​មានមួយ​ចំនួន​ធំ​គឺ ​មានគុណភាព​ស្របតាម​ស្ដង់​ដារ​បច្ចេក​ទេស។

លោក​ថ្លែងថា​៖ «ចំណី​អាហារ​គ្រប់​ប្រភេទ ​ដែលនាំចូល​ពីក្រៅ​ប្រទេស​ វា​គ្មានបញ្ហា​ឬ​មានបញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់​ គឺ ​អាស្រ័យ​ទៅ​លើ​ពាណិជ្ជករ​ ដែលនាំចូល​នូវ​ទំនិញ​ជាចំណី​អាហារ​ទាំង​នោះ​មានភាព​ស្មោះត្រង់​ ឬ​អត់ ​អ៊ីចឹង ចំណី​អាហារ​នាំចូល​ពីក្រៅ​ប្រទេស ​និង ​ផលិត​ក្នុង​ស្រុក ​មានសុវត្ថិភាព ​និង ​គុណភាព​សម្រាប់​សុខភាព​អ្នក​បរិភោគ​ គឺ​អាស្រ័យ​លើ​អ្នកផលិត ​អ្នកនាំចូល​មានភាព​ស្មោះត្រង់ ​និងមានការ​ទទួល​ខុស​ត្រូវ​»៕