កំពង់ឆ្នាំងៈ កាលពី​ថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ មន្ត្រី​ជំនាញ​ខាង​ផ្នែក​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃឈើ​រដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​រឹប​អូស​ត្រាក់ទ័រ​ចំនួន ៤ គ្រឿង ប៉ុន្តែ​ជន​ប្រព្រឹត្ត​បាន​រត់​គេច​ខ្លួន​បាត់។

លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា សកម្មភាព​បង្ក្រាប​ដែល​មាន​ការ​អនុញ្ញាត​ពី​តុលាការ​ខេត្ត​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​ដំណឹង​ថា ដី​គម្រប​ព្រៃឈើ​រដ្ឋ​ចំនួន ៧ ហិកតា​ក្នុង​ចំណោម​ជិត ១ ពាន់​ហិកតា​ក្នុង​ស្រុក​ក្រាំង​ល្វា ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​កំពុង​ឈូស​ឆាយ​រំលោភ​កាន់​កាប់​ជា​កម្មសិទ្ធិ ស្រប​ពេល​ទីតាំង​នោះ គឺជា​ដីព្រៃ​រេចរឹល​ដែល​រដ្ឋ​គ្រោង​ដាំ​ដើម​ឈើ​ឡើង​វិញ បង្កើត​ទៅ​ជា​តំបន់​បៃតង។

លោកថ្លែងថា៖ «យើង​ចុះទៅ​ដល់​វា​ឈូសឆាយ​ទើបបាន ១ ហិកតា​ទេ។ ធម្មតា​ឡាន​យើង​បើក​ទៅ វា (អ្នក​រំលោភ​ដីព្រៃ) គ្រាន់​តែ​ឃើញ​រត់​បាត់ ជាក់​ស្ដែង​ខ្លួន​ខ្ញុំ​ដែល​ចុះ​បង្ក្រាប​ផ្ទាល់​រត់​ឡើង​ចង់​ដាច់​ខ្យល់ ហើយ​វា​ឃើញ​យើង​រត់​ដេញ​តាម ពួកវា​រត់​ចូល​ព្រៃ​អស់»។

លោក​បន្តថា ក្នុងការ​បង្ក្រាប​នោះ គឺ​រឹបអូស​បានតែ​ត្រាក់ទ័រ​សម្រាប់​ឈូស​ឆាយ​ដី​ចំនួន ៤ គ្រឿង ហើយ​កំពុង​រក្សា​ទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​កំពង់​ត្រឡាច ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ដោះស្រាយ។

លោក​ថ្លែងថា៖ «តាមច្បាប់​ព្រៃឈើ យើង​ធ្វើ​សេចក្ដី​ជូន​ដំណឹង ១ ខែ ដើម្បី​រក​ម្ចាស់ ហើយ​បើ​អត់​មាន​ម្ចាស់ (ចេញ​មុខ) ទេ យើង​កសាង​សំណុំ​រឿង​ទៅ​តុលាការ ចោទ​ពី​បទ​ការ​ហ៊ុមព័ទ្ធ​ឈូស​ឆាយ​រំលោភ​ដីព្រៃ​ឈើ​របស់​រដ្ឋ។ ចោទ​ពី​បទ​ហ៊ុមព័ទ្ធ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​នេះ គឺ​អាច​ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ ដល់​ឆ្នាំ ៥ ឆ្នាំ»។

បើតាម​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដដែល​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ឈូស​ឆាយ​រំលោភ​ដីព្រៃ​ជា​បន្ត​បន្ទាប់​នេះ​កើត​ឡើង ដោយសារ​ជា​កំហុស​ភូមិ​ឃុំ​ដែល​តែង​ចេញ​លិខិត​បញ្ជាក់​កាន់​កាប់​ដី​មិន​បាន​ត្រឹមត្រូវ។

លោក​អះអាងថា៖ «ចង់​និយាយថា​ឥឡូវ​វា​កក្រើក​ការ​មក​រំលោភ​ដីព្រៃ​របស់​រដ្ឋ​អ៊ីចឹង ចង់​និយាយ​ថា តាម​យើង​មើល​ទៅ ច្រើន​មក​ពី​ខាង (ខេត្ត) កំពង់សោម​កំពង់ស្ពឺ​អ៊ីចឹង ជា​ទូទៅ​គេ​មាន​លុយ​មាន​កាក់ មក​ទិញ​ដី​នៅ​ខាង (ខេត្ត) កំពង់ឆ្នាំង ដែល​កន្លង​មក​អាជ្ញាធរ​ភូមិ​ឃុំ​ចេះ​តែ​បញ្ជាក់ (លិខិត​កាន់​កាប់) ឱ្យ ដោយសារ​ប្រជា​ពលរដ្ឋ​នៅ​ហ្នឹង​ចេះ​តែ​បញ្ជាក់​ថា ដី​ធ្លាប់​កាន់​កាប់»។

លោក​ ឃ្លាំង រ៉ី មេឃុំ​ក្រាំង​ល្វា បាន​ថ្លែងថា រាល់​ការចេញលិខិត​កាន់កាប់​ទៅ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់ គឺ​តែង​សំអាង​ទៅ​លើ​ដី​នោះ មាន​ពលរដ្ឋ​បង្ក​បង្កើន​ផល​ដំណាំ​ផ្សេងៗ​សម្រាប់​អាស្រ័យ​ផល ប៉ុន្តែ​មិន​ទាន់​អាច​បកស្រាយ​ឱ្យ​ច្បាស់​អំពី​ករណី​ឈូស​ឆាយ​ដី​រដ្ឋ​ក្នុង​តំបន់​ព្រៃ​ការពារ​នោះ​ទេ ដោយសារ​មិន​ទាន់​បាន​ចុះ​ទៅ​មើល​កន្លែង​នោះ​ផ្ទាល់។

លោកថ្លែងថា៖ «មាន​ដី​ប្រជាពលរដ្ឋ​នៅ​ហ្នឹង (ដីព្រៃ​រដ្ឋ) ដែរ ហើយក៏​មាន​ការ​លក់​ដូរ​របស់​គាត់ (ពលរដ្ឋ) ហើយ​អាការ​ឈូស​ឆាយ​ហ្នឹង គាត់​សុំ​ច្បាប់​ឬក៏​មិន​សុំ​ច្បាប់​យើង​មិន​ទាន់​ដឹង ដែរ មាន​តែ​ប៉ុណ្ណឹង។ អត់​ច្បាស់​ថា​អ្នក​ណា​ជា​ម្ចាស់​នៅ​កន្លែង​ឈូស​ឆាយ​ដី​នៅ​ហ្នឹង​ទេ ចាំ​ចុះ​ទៅ​មើល​សិន»។

លោក ​សំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា មូល​ហេតុ​មាន​ការ​ឈូស​ឆាយ​ដីព្រៃ​កន្លង​មក កើត​ឡើង​ដោយសារ​ការ​អនុវត្ត​ច្បាប់​មិន​បាន​តឹងរ៊ឺង និង​មួយ​ទៀត ជន​ដែល​បាន​រំលោភ​លើដី​ព្រៃ តែង​មិន​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួនបាន​ម្ដង​ណា និង​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​ខ្នង​បង្អែក​ជា​អ្នក​មាន​អំណាច មិន​បាន​ខ្លាច​រអា​ហើយ​ចេះតែ​រំលោភ​បំពាន​ដីព្រៃ​ជា​បន្ត​បន្ទាប់​មិន​ឈប់​ឈរ។

លោក​ថា៖ «ទី២ អាជ្ញាធរ​ដែនដី​នេះ (មេភូមិ និង​ឃុំ) លោក​អត់​យល់​អំពី​សិទ្ធិ​សម្រេច​ប្រគល់​ដី​ទៅ​ឱ្យ​ជន​ណា​ម្នាក់​ទេ អ៊ីចឹង​ហើយ​គាត់​យល់​ថា ដី​ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​របស់​គាត់​កាន់​កាប់​គឺ​គាត់​មាន​អំណាច អ៊ីចឹង​អាជ្ញាធរ (ថ្នាក់​លើ) ត្រូវ​ហៅ​គាត់​មក​ណែនាំ។ ទី ៣ ជា​ចំណុច​សំខាន់ អាជ្ញាធរ​ត្រូវ​តែ​ប្រញាប់​ក្នុង​ការ​ចុះ​បញ្ជី​ដី​រដ្ឋ​ឱ្យ​ប្រញាប់​ប្រញាល់​តិច​ទៅ ដី​កន្លែង​ណា​ជា​ដីព្រៃ​ឈើ កន្លែង​ណា​ជា​របស់​បរិស្ថាន និង​ដី​ណា​របស់​ជល​ផល គឺ​ត្រូវ​ចុះ​បញ្ជី​ឱ្យ​ច្បាស់​លាស់ កុំ​ទុក​បណ្ដែត​បណ្ដោយ​អ៊ីចឹង ព្រោះ​បើ​បណ្ដែត​បណ្ដោយ​អ្នក​មាន​អំណាច និង​លុយ​កាក​នឹង​ទៅ​បំពាន​ហើយ»។

លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី ថ្លែងថា មិន​ថា​ដីព្រៃ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ទេ​ដែល​ភាគ​ច្រើន​មិន​ទាន់​បាន​ចុះ​បញ្ជី ប៉ុន្តែ​សូម្បី​ដីព្រៃ​ស្ថិត​ក្នុង​ខេត្ត​ផ្សេង​ទៀត ក៏​មិន​ទាន់​ចុះ​បញ្ជី​ដែរ ព្រោះ​ថា ពុំទាន់​មាន​ថវិកា។ រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ផែនទី​គម្រប​ព្រៃឈើ​ក្នុង​ឆ្នាំ ២០០២ ជា​គោល​ដើម្បី​ប្រើប្រាស់​សព្វ​ថ្ងៃ​នេះ៕