ភ្នំពេញៈ មន្ត្រី​ជំនាញ​របស់​ប្រទេស​​វៀតណាម​ផ្នែក cyber security និង social networks បាន​ចែករំលែក​បទពិសោធ និង​បង្រៀន​ដល់​​មន្ត្រី​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​រំលោភបំពាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ការ​គ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​បង្ការ​នូវ​បទល្មើស​បច្ចេកវិទ្យា ខណៈ​ដែល​កន្លង​ទៅ​មាន​កើត​​ករណី​នេះ​ជាច្រើន​។

លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី cyber security និង social Networks នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ម្សិលមិញ​ថា ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ការចែករំលែក​ព័ត៌មាន និង​ការទទួល​ព័ត៌មាន​បែប​ទំនើប​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​សាធារណជន ប៉ុន្តែ​វា​ក៏​បង្ក​ការប្រឈម​នឹង​លំហូរ​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ការចែករំលែក​បន្ត​ក៏​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ការចែករំលែក​បន្ត​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ កិត្តិយស និង​ការ​ខាតបង់​ផ្សេងៗ​ចំពោះ​បុគ្គល ស្ថាប័ន សណ្តាប់ធ្នាប់​សង្គម សេដ្ឋកិច្ច សន្តិសុខ​ជាតិ ប្រពៃណីជាតិ និង​ទំនាក់​ទំនង​ការទូត​ជាដើម​»​។

លោក​បាន​លើក​ឡើង​ថា​កន្លង​មក​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ មាន​គេហទំព័រ​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ និង​ព័ត៌មាន​ញុះញង់​ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ស​ និង​ថ្ងៃ​បោះឆ្នោត​ដែល​ជា​ការរំលោភ​ច្បាប់ បទបញ្ជា​ និង​​នីតិវិធី​នៃ​ការបោះឆ្នោត​ក្នុង​គោលដៅ​បំផ្លាញ​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត និង​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​។

លោក​បាន​បន្ថែម​ថា​ក្នុង​ឆ្នាំ​ ២០១៨ មាន​ករណី​ហេក​ចូល​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​ហ្វេសប៊ុក​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ទូរទស្សន៍​ជាតិ​កម្ពុជា ដោយ​ជនអនាមិក​ដែល​បាន​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​នោះ​រួច​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​​បាន​បំផ្លើស​។

លោក​បាន​បញ្ជាក់​ថា​៖ «​បទបង្ហាញ​ចែករំលែក​អំពី​បទពិសោធ​ជុំវិញ​ការគ្រប់គ្រង និង​ការដោះស្រាយ​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ និង​​ការបង្ការ​នូវ​បទល្មើស​បច្ចេកវិទ្យា​ជូន​ដល់​សិក្ខាកាម​គឺ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការងារ​ជំនាញ​ក្នុង​ក្រសួង​ស្ថាប័ន​របស់​​ខ្លួន​ដើម្បី​ទទួល​បាន​នូវ​បទពិសោធ​ថ្មីៗ​សម្រាប់​ការអភិវឌ្ឍ​ការងារ​ជំនាញ​របស់​ខ្លួន​»​។

លោក ហ៊ុយ សារ៉ាវុធ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​នីមួយៗ​ត្រូវ​ចាត់​វិធានការ និង​ផ្តល់ព័ត៌មាន​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​បាន​ប្រើប្រាស់​ហ្វេសប៊ុក​ធ្វើឲ្យ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​សណ្តាប់ធ្នាប់​សង្គម សេដ្ឋកិច្ច សន្តិសុខ​ជាតិ ប្រពៃណីជាតិ និង​ទំនាក់ទំនង​ការទូត ហើយ​ប្រសិន​បើ​មាន​ករណី​ហេក​ណា​មួយ ពលរដ្ឋ​ត្រូវ​ប្តឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា ក្រសួងមហាផ្ទៃ ហើយ​អ្នក​បច្ចេកទេស​គេ​នឹង​ធ្វើការ​តាមដាន​ស្រាវជ្រាវ​។

លោក VU QUANG MINH ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ប្រទេស​ប្រចាំ​កម្ពុជា​បាន​លើកឡើង​តាមរយៈ​អ្នក​បកប្រែ​ថា បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នៅ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ជះឥទ្ធិពល​អាក្រក់ ចំពោះ​ប្រទេស​កម្ពុជា​ និង​វៀតណាម​។ ​ទោះបី​យ៉ាង​ណា​លោក​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​អាច​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការគ្រប់គ្រង​បច្ចេកវិទ្យា ហើយ​លោក​បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា សិក្ខាសាលា​នេះ​នឹង​ជួយ​ចែករំលែក​បទពិសោធ និង​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​បន្ថែម​។

លោក​បាន​បន្ត​ទៀត​ថា​ការបើកចំហ​ទូលំទូលាយ​នូវ​ការចែករំលែក​ព័ត៌មាន និង​ការទទួល​ព័ត៌មាន​បែប​ទំនើប វា​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​​តែ​វា​ក៏​ធ្វើ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ងាយ​រងគ្រោះ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​មាន​ការយក​ចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​បញ្ហា​សន្តិសុខ​នេះ ជាពិសេស​ក្នុង​បរិបទ​ប្រទេស​ទាំង​ ២ ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាងខ្លាំង​...​វា​នាំ​មក​នូវ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ព័ត៌មាន​បំផ្លើស ជា​បញ្ហា​ប្រឈម​សម្រាប់​​អ្នក​ទាំងអស់​គ្នា ហើយ​ព័ត៌មាន​ក្លែងក្លាយ​បាន​ធ្វើឲ្យ​មាន​ការ​ញុះញង់ និង​អំពើ​ហិង្សា​»៕