កណ្តាលៈ មន្ត្រី​ជំនាញ​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ មនុស្ស ៨ នាក់​ស្លាប់​ និង​ម្នាក់​ស្ថិតនៅក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ ក្រោយពី​ពួកគេ​បាន​ផឹកស្រា​ផលិត​នៅក្នុង​ស្រុក កាលពី​ថ្ងៃទី ១០ ខែឧសភា នៅ​ក្នុង​ភូមិ​ស្គរ ឃុំ​សារិកា ស្រុក​ល្វាឯម គឺ​​​មក​ពី​​ស្រានោះ​​ ត្រូវ​បាន​អ្នក​លក់​ដាក់​លាយ​សារធាតុ​មេតាណុល​ខ្ពស់​លើស​កំណត់​​។

លោក ឌឹ​ម ថេ​ង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារ អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) កាលពី​ថ្ងៃទី ១៨ ខែឧសភា បានឱ្យដឹងថា ប្រភេទ​ស្រា​ដែល​ផលិត​ក្នុងស្រុក​ដែល​ជនរងគ្រោះ​ផឹក​នោះ មាន​សារធាតុ​មេ​តា​ណុល ២,៥% គឺជា​កម្រិត​ពុល​ខ្ពស់ ដែលជា​ទូទៅ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើតែ​កម្រិត ០,៥ ភាគរយប៉ុណ្ណោះ។

លោក ថេ​ង ថ្លែងថា៖ «នៅក្នុង​ករណីនេះ គឺ​ពួកគាត់​ផឹកស្រា​ដែលមាន​សារធាតុ​មេ​តា​ណុល​លើស​ជិត ២០ ដង។ ពួកគាត់​ក្នុងម្នាក់ៗ បាន​ពិសាស្រា​ក្នុងរ​ង្វ​ង់ ១ លីត្រ ឬ ៧០ មិល្លីលីត្រ ក្នុង​ម្នាក់»។

ករណីនេះ មន្ត្រី​ជំនាញ កំពុងតែ​ស្រាវជ្រាវ​បន្ត ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ព្រោះ​ការពុល​ស្រា​ភាគច្រើន មិនមែន មកពី​ការផលិត ឬបិតស្រា​នោះទេ គឺ​ដោយសារតែអ្នក​ពិសាស្រា ឬអ្នក​ដែល​លក់​ស្រា​ជា​អ្នក​លាយ​សារធាតុ​មេ​តា​ណុល​ហួស​កម្រិត។

លោក ឌឹ​ម ថេ​ង ថ្លែងថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន គឺ​មិនទាន់​យល់ ហើយ​ចាត់ទុកថា មេ​តា​ណុល មិនមែនជា​សារធាតុពុល​នោះទេ គាត់​យល់ច្រឡំ​ថា មេ​តា​ណុល​ជា​មេស្រា ដាក់​លាយ​ទៅ វា​ខ្លាំង ប៉ុន្តែ​គាត់​អត់​ដឹងថា ដាក់​ទៅ​ពុល​ដល់​ស្លាប់ ដូច្នេះ​បានជា​គាត់​លាយ។

លោក ឌឹ​ម ថេ​ង ថ្លែងថា ការដាក់​លាយ​សារធាតុ​មេ​តា​ណុល​ជាមួយ​ស្រាស ឬ​ស្រា​ត្រាំ​ថ្នាំ មិន​ត្រឹមតែ​បណ្តាលឱ្យ​ស្លាប់​នោះទេ ប៉ុន្តែបើ​ពុល​មិនទាន់​ស្លាប់​ក៏​ធ្វើឱ្យ​ង​ងឹត​ភ្នែក និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល​ផងដែរ។

លោក ហេង សុផល អធិការ​ស្រុក​ល្វាឯមថ្លែងថា មន្ត្រី​ជំនាញ​បាន​ស៊ើបសួរ និង​បាន​ប្រមូលទិញ​ទាំង​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​ទាំងអស់​យកទៅ​ពិនិត្យ​នៅ​ឡា​បូ ប៉ុន្តែ មិនទាន់​ទទួលបាន​លទ្ធផល និង​មាន​ចំណាត់ការ​យ៉ាងណា​នោះទេ។

លោកបញ្ជាក់​​ថា សមត្ថ​កិច្ច​បាន​បិទ​ដេប៉ូ​ចែកចាយ​និង​ទីតាំង​​បិតស្រា​មួយកន្លែង ដោយ​ហាម​មិន​ឱ្យមាន​ចរាចរណ៍ ឬ​ផលិត​នូវ​ស្រាស និង​ស្រាថ្នាំ​ជា​បណ្តោះអាសន្ន។

យោងតាម​របាយកាណ៍រ​បស់ សាខា ក.ប.ប ខេត្តកណ្តាល បង្ហាញថា បន្ទាប់ពី​ធ្វើតេស្ត​ដោយ​ឧបករណ៍​រថយន្ត​ពិសោធន៍​ចល័ត និង​ទទួលបាន​លទ្ធផល​បឋម បញ្ជាក់ថា ស្រាស​ត្រាំ​ថ្នាំ មាន​សារធាតុ​មេ​តា​ណុល ២,៥% ស្រាស មាន​សារធាតុ​មេ​តា​ណុល ២,៥% និង​ស្រាស​ទើបតែ​បិត​ហើយ មិនមាន​សារធាតុ​មេ​តា​ណុល​ទេ។

ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ បានសម្រេច​ឱ្យ​ម្ចាស់​សិប្បកម្ម​ធ្វើ​កិច្ចសន្យា​បិទ​សិប្បកម្ម​ផលិត​ស្រាស និង​ស្រាថ្នាំ​ជា​បណ្តោះអាសន្ន រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត៕