ត្បួងឃ្មុំៈ មន្ត្រីជំនាញខាងសុខភាពសត្វកំពុងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងតាមដានការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ខណៈដែលមានការសង្ស័យថា ខេត្តមួយចំនួននៅជាប់ព្រំដែនកម្ពុជា វៀតណាមអាចមានកើតជំងឺនេះ បន្ទាប់ពីខេត្តរតនគិរី ដែលគេរកឃើញជ្រូកមានកើតជំងឺនេះកាលពីជាងពាក់កណ្តាលខែមីនា។ នេះបើតាមមន្ត្រី។
លោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តត្បូងឃុំ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា មកដល់ពេលនេះ លោកពុំទាន់ទទួលបានព័ត៌មានជាផ្លូវការថា ខេត្តត្បូងឃ្មុំ បានផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកនៅឡើយទេប៉ុន្តែលោកបានដឹងតាមរយៈលោក តាន់ ផាន់ណារ៉ា អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានប្រកាសយ៉ាងខ្លី នៅក្នុងក្រុមតេលេក្រាមថា មានខេត្តជាប់ព្រំដែនផ្សេងទៀតបានផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្រ្វិក។
លោកថា៖ «យើងឃើញគាត់ (តាន់ ផាន់ណារ៉ា) មកប្រហែលបួនដប់ថ្ងៃមុន គាត់យកតេស្ដឈាម នៅខាងស្រុកអូររាំងឪ ក៏ប៉ុន្តែមិនទាន់ចេញលទ្ធផលជាផ្លូវការទេគាត់គ្រាន់តែចូលក្រុមតេលេក្រាមការិយាល័យមន្ទីរ ហើយគាត់ថា នឹងចេញសេចក្ដីជូនដំណឹងតាមក្រោយ។ អ៊ីចឹងខ្ញុំក៏មិនទាន់ច្បាស់ថា ខេត្តខ្ញុំផ្ទុះជំងឺប៉េស្តជ្រូកដែរ កាលមុនយើងមានខេត្តរតនគិរីមួយ អ៊ីចឹងខេត្តនៅតាមព្រំដែនវាមានទាំងត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវអ៊ីចឹងណា៎ ហើយគាត់ដាក់តាមតាមតេឡេក្រាមថា មានខេត្តមួយចំនួននៅជាប់ព្រំដែនអ៊ីចឹងណា៎ ប៉ុន្តែគាត់មិនទាន់បញ្ជាក់ថា ខេត្តណាទេ»។
ប៉ុន្តែលោកបញ្ជាក់ថា ការចុះមកស្រាវជ្រាវផ្ទាល់ដល់ស្រុកអូររាំងឪរបស់លោក ផាន់ណារ៉ា បន្ទាប់ពីស្រុកនេះមានជ្រូកមួយចំនួនរបស់ប្រជាពលរដ្ឋចំនួន ២-៣ គ្រួសារ បានងាប់កាលពីខែឧសភា ហើយក្រោយមក ក៏ឮដំណឹងថា ជ្រូកដែលប្រជាពលរដ្ឋបានទិញពីស្រុកអូររាំងឪ ទៅកាន់ខេត្តកំពង់ចាមបានធ្លាក់ខ្លួនឈឺ។
លោកថា៖ «មួយរយៈនេះ យើងតែងប្រជុំប្រចាំខែសួរមន្ត្រីតាមស្រុក ប៉ុន្តែរបាយការណ៍វាអត់មានអ៊ីចឹងយើងរាយការណ៍ទៅលើ ថាអត់មានបញ្ហាអីទេ»។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបំភ្លឺបន្ថែមពីលោក តាន់ ផាន់ណារ៉ា បានទេ កាលពីថ្ងៃពុធ ដោយសារតែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
កម្ពុជាបានផ្ទុះជំងឺប៉េស្ដជ្រូកអា្រហ្វិកដំបូងកាលពីថ្ងៃទី ២២ ខែមីនាស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្រោយមកជំងឺនេះ បានរាលដាលទៅដល់ស្រុកមួយទៀត គឺស្រុកអូរជុំ។
លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានថ្លែងកាលពីថ្ងៃពុធថា ថ្វីដ្បិតជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនបានរាលដាលទៀតក្ដី ប៉ុន្តែបច្ចុប្បន្ន មន្ត្រីជំនាញខេត្តបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត មិនឱ្យមានការចរាចរនាំជ្រូកចេញចូលទៅកាន់ស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ ឬពីខេត្តរតនគិរីទៅកាន់ខេត្តផ្សេងឡើយ។
លោកថា៖ «យើងបានទប់ស្កាត់មិនឱ្យនាំជ្រូកចេញក្រៅទេ»។
កាលពីខែ ឧសភា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញសេចក្ដីណែនាំមួយ ស្ដីពីវិធានការបន្ទាន់ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺប៉េស្ដជ្រូកអាហ្រ្វិក ដោយជំរុញឱ្យគ្រប់មន្ទីរត្រូវសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់តាមព្រំដែន និងមធ្យោបាយផ្សេងៗទៀតហើយប្រសិនបើមន្ទីរណាអនុវត្តមិនត្រឹមត្រូវឬថ្លោះធ្លោយនឹងត្រូវទទួលខុសត្រូវចំពោះមុខក្រសួងនិងចំពោះមុខច្បាប់ជាធរមាន។
យ៉ាងនេះក្ដី កាលពីពេលថ្មីៗនេះ លោក តាន់ ផាន់ណារ៉ា ធ្លាប់បញ្ជាក់ថា ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយមានការលួចនាំចូលជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ច្រើនជាងគេ។
ជាមួយគ្នានេះលោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តត្បូងឃុំអះអាងថា ក្នុងពេលមានចំណាត់ការពីក្រសួងឱ្យទប់ស្កាត់ការនាំជ្រូកខុសច្បាប់ពីវៀតណាម គឺនៅខេត្តត្បូងឃ្មុំបង្ក្រាបករណីនាំចូលជ្រូកខុសច្បាប់បានប្រហែល ៣០ ករណី ដែលមានសត្វជ្រូកជិត ៧០០ ក្បាល ប៉ុន្តែលោកថា តាមការធ្វើតេស្ដឈាមជ្រូកទាំងអស់នោះមិនបានរកឃើញជំងឺប៉េស្ដជ្រូកអាហ្រ្វិកឡើយ។
លោកថា៖ «ខ្ញុំកំពុងឈឺក្បាលអារឿងហ្នឹងនាំចូលក៏ច្រើនចាប់បានក៏ច្រើនដែរ។ មានករណីច្រើន ទី១ ជ្រូកនៅវៀតណាមថោក ទី២ ផ្លូវរបៀងនៅត្បូងឃ្មុំច្រើនមែនទែន ហើយផ្លូវជាប់ព្រំដែនជាង ១៤០ គីឡូ ហើយមានបញ្ហាស្មុគស្មាញក្នុងការទប់ស្កាត់ ហើយម្យ៉ាងយើងខ្វះកម្លាំងច្រើនណាស់ ព្រោះមន្ត្រីការិយាល័យមានតែ ៨ នាក់ហ្នឹង»។
ជាមួយគ្នានេះ មន្ទីរកសិកម្មខេត្តព្រៃវែង ក៏កំពុងបន្តធ្វើយុទ្ធនាការបាញ់ថ្នាំ Antiseptic នៅកន្លែងចិញ្ចឹមសត្វគ្រប់ប្រភេទជាពិសេសកន្លែងចិញ្ចឹមជ្រូក ដើម្បីការពារការផ្ទុះឡើង ជំងឺឆ្លងប៉េស្ដជ្រូកអាហ្រ្វិកស្របពេលខេត្តនេះ នៅមានការលួចនាំចូលជ្រូកខុសច្បាប់ពីវៀតណាម និងការផ្លាស់ប្ដូរទំនិញសាច់ជ្រូកគ្នា នៅតាមព្រំដែន រវាងពលរដ្ឋខ្មែរ និងវៀតណាម។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង បានថ្លែងថា ខាងមន្ទីរចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីបាញ់ថ្នាំការពារជំងឺឆ្លងនៅតាមកន្លែងចិញ្ចឹមសត្វ កាលពីពាក់កណ្ដាលខែឧសភា ហើយមកដល់ពេលនេះការប្រើប្រាស់ថ្នាំ Antiseptic បាញ់កម្ចាត់មេរោគអស់ចំនួន ២ ពាន់លីត្រឬស្មើ ២ តោន ដែលបានបាញ់នៅតាមកន្លែងចិញ្ចឹមជ្រូកចំនួន ១ ០៨៦ កន្លែង និងទីតាំងសត្តឃាត ១១០ កន្លែង រួមទាំងមធ្យោបាយដឹកជញ្ជូនសត្វនៅគ្រប់ស្រុកនៃខេត្តព្រៃវែង។
លោកបញ្ជាក់ថា៖ «ប្រភេទថ្នាំដែលយើងប្រើហ្នឹង ជាថ្នាំកម្ចាត់មេរោគ ជាទូទៅយើងប្រើប្រាស់វាជាប្រចាំនៅតាមបណ្ដាកសិដ្ឋានចិញ្ចឹមជ្រូកនានា ក៏ដូចជាកន្លែងចិញ្ចឹមសត្វគ្រប់ប្រភេទ មិនថាមាន់ឬក៏ទាអីទេ អាហ្នឹងយើងត្រូវបាញ់ ដែលយើងប្រើសម្រាប់សម្លាប់មេរោគផ្សេងៗ ដែលវានៅតាមលាមកតាមអីហ្នឹង»។
យ៉ាងណាក្តីលោកអះអាងថា ខេត្តព្រៃវែងមិនទាន់មានករណីផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកនៅឡើយទេ៕