តាកែវៈ សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​ផឹក ខណៈ​រដូវប្រាំង​ក្តៅ​ហួតហែង​បាន​ឈានចូល​មកដល់ ក៏ប៉ុន្តែ​ក្រុមមន្ត្រី​បាន​ប្រើ​មធ្យោបាយ​ដឹក​ទឹក​ពី​​កន្លែង​ផ្សេង​ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​របស់​រដ្ឋបាល​ព្រៃឈើ​។

រដ្ឋបាល​ព្រៃឈើ​បាន​គូសបញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ពី​វិធានការ​ឆ្លើយតប​របស់​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ក្នុង​កិច្ចប្រឹងប្រែង​ការពារ និង​អភិរក្ស​សត្វព្រៃ​នៅ​ទីនោះ​ដោយ​​បាន​ប្រើ​មធ្យោបាយ​ដឹក​ទឹក​រៀងរាល់​ ១ ​សបា្តហ៍​ម្ដង​ ពី​ទន្លេបាទី​ទៅ​ចាក់​ចូលក្នុង​អាងទឹក​ដែល​បាន​សាងសង់​កាលពី​ឆ្នាំ​កន្លង​មក​សម្រាប់​ឲ្យ​សត្វព្រៃ​ផឹក​។

លោក សួន សុវណ្ណ អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា តំបន់​ព្រៃ​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​បាន​ជួប​ប្រឈម​បញ្ហា​កង្វះ​ទឹក​តាំងពី​ដើម​ខែមីនា​មក​ម្ល៉េះ​។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​បញ្ហា​នេះ រដ្ឋបាល​ព្រៃឈើ​តាមរយៈ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​បាន​ចាត់វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​បាន​ដឹក​ទឹក​ពី​ទន្លេ​បាទី​ទៅ​ចាក់​ចូលក្នុង​អាងទឹក​ដែល​បាន​សង់​រួច​នៅ​ទីនោះ​ទុក​សម្រាប់​ឲ្យ​សត្វ​ផឹក​។

លោក សុវណ្ណ បាន​បញ្ជាក់ថា​៖ «​មិនមែន​តែ​នៅក្នុង​តំបន់​ព្រៃ​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ទេ​ដែល​ខ្វះ​ទឹក ប៉ុន្តែ​នៅ​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​មួយ​ចំនួន​ទៀត​ក៏ត្រូវ​បាន​អនុវត្ត​​នូវ​វិធានការ​ឆ្លើយតប​បែបនេះ​ដែរ ព្រោះ​បើ​គ្មាន​ទឹក​ផឹក សត្វ​នឹង​ឈឺ​ងាប់​»​។

បើ​តាម​លោក សុវណ្ណ ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា និង​ពី​ការជួយ​ឧបត្ថម្ភ​របស់​អង្គការ​ជា​​ដៃគូ ព្រមទាំង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​មួយចំនួន​ទៀត​តាមរយៈ​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ការទិញ​ចំណីអាហារ ថ្នាំ​ព្យាបាល និង​ការអនុវត្ត​លើ​វិធានការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ខ្វះ​ទឹក​នេះ​។

ជុំវិញ​ករណី​នេះ​លោក ញឹក រតនៈពេជ្រ នាយក​គ្រប់គ្រង​​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ​។ យ៉ាងណា​ក៏ដោយ​មន្ត្រី​ពេទ្យសត្វ​​ប្រចាំ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ លោក ញឹម ធី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​ ករណី​ខ្វះ​ទឹក​នៅក្នុង​ព្រៃ​នៃ​តំបន់​ឧទ្យាន​សួនសត្វ​នេះ​ធ្លាប់​បាន​កើតឡើង​ជា​រៀងរាល់​ឆ្នាំ ដោយសារ​ប្រភពទឹក​ក្នុង​តំបន់​នេះ​រាក់​ពេក ធ្វើឲ្យ​​រីងស្ងួត​នៅ​រដូវប្រាំង​។

លោក ញឹម ធី បាន​បន្តថា ក៏ប៉ុន្តែ​មុនពេល​រីងស្ងួត​អស់ពី​ត្រពាំង និង​អាង​ស្តុក​នោះ​ក្រុមការងារ​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​តែងតែ​ទៅ​ដឹក​ទឹក​​ពី​ទន្លេបាទី​ដែល​ជា​ប្រភពទឹក​តែមួយគត់​ក្នុង​តំបន់​នេះ​ដើម្បី​យក​មក​ចាក់​បំពេញ​ក្នុង​ត្រពាំង​តូចៗ​មួយចំនួន និង​អាង​ស្តុកទឹក​សម្រាប់​ទុក​ឲ្យ​សត្វព្រៃ​ផឹក​។

លោក ធី បាន​បញ្ជាក់ថា​៖ «​រហូត​មក​ទល់​ពេលនេះ​ពុំ​មាន​សត្វព្រៃ​ងាប់ ឬ​មាន​ជំងឺ​ដោយសារ​តែ​បញ្ហា​ខ្វះ​ទឹក​នេះ​ទេ ថ្វីដ្បិតតែ​សត្វ​ខ្លះ​មាន​សភាព​​ស្គមស្គាំង​បន្តិច​ក្ដី​»៕