ភ្នំពេញៈ មន្ត្រី​ ៦ ​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ពួកគេ​ចូលក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ បន្ទាប់ពី​សេចក្តី​សម្រេច​មួយ​ដោយ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បញ្ចប់​កាលពី​ខែ​មុន​។

នៅ​ក្នុង​លិខិត​ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​​ ៦ កុម្ភៈ និង​ចែកចាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ ៦ ​នាក់​ក្នុង​ចំណោម​មន្ត្រី​ ៧ ​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​មករា​បាន​ពន្យល់​ថា ការ​បណ្តេញ​ពួកគេ​ «​បំពាន​លក្ខន្តិកៈ​របស់​គណបក្ស​»​។

ពួកគេ​បាន​សរសេរ​ថា​៖ «[​សេចក្តី​សម្រេច​នេះ​] ​ប៉ះពាល់​អត្ថប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ហើយ​អយុត្តិធម៌​ណាស់​ចំពោះ​យើង​»​។

«​ហេតុ​ដូច្នេះ យើង​ខ្ញុំ​សូម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​សេចក្តី​សម្រេច​បង្គាប់​ឲ្យ​មាន​ការ​ទទួល​យក​ពួកយើង​ចូល​ជា​សមាជិកភាព​គណបក្ស​របស់​យើង​វិញ និង​ផ្តល់​យុត្តិធម៌​ដល់​យើង​»​។

មន្ត្រី​ទាំង​ ៦ ដែល​បាន​ប្តឹង​រួម​មាន លោក មាជ សំរួល កាន វុទ្ធី សួង ផល្លី គីម រ៉ាវី ណប់ ផន និង លោក​ សេង ហាក់ស្រ៊ុន ខណៈ​មន្ត្រី​ទី​ ៧ ដែល​ត្រូវ​បាន​បណ្តេញចេញ​ឈ្មោះ ភាព ភាជ មិន​បាន​ចុះហត្ថលេខា​លើ​ពាក្យ​បណ្តឹង​នេះ​។ ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញពី​គណបក្ស បន្ទាប់ពី​មាន​សំណើ​មួយ​ពី​លោក ​ហាក់ ស្រ៊ុន ដែល​ស្នើសុំ​ឲ្យ​បណ្តេញ​មន្ត្រី​ជាន់ខ្ពស់​ ២ ​នាក់​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​បក្ខពួក​និយម​។

លោក​ កាន វុទ្ធី ប្រធាន​រដ្ឋបាល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​ថ្លែងថា ពួកគេ​បាន​ដាក់​ពាក្យបណ្តឹង​ បន្ទាប់ពី​មិន​ទទួល​បាន​ចម្លើយ​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ​ចំពោះ​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​ព្រះអង្គ​កាលពី​ថ្ងៃ​ទី​ ៣០ ខែ​មករា​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​យើង​ធ្វើ​ខុស គណៈកម្មាធិការ​វិន័យ​គួរ​ហៅ​យើង​ទៅ​អប់រំ​។ វា​អយុត្តិធម៌​ទាំង​ស្រុង លិខិត​បញ្ឈប់​គឺ​មាន​លក្ខណៈ​មិន​ធម្មតា ពួកគេ​មិន​ប្រាប់​យើង​អំពី​មូលហេតុ​។ ពួកគេ​គួរតែ​ផ្តល់​សេចក្តី​លម្អិត​»​។

លោក​បាន​បន្ថែម​ថា​លោក​បាន​ធ្វើការ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តាំងពី​ឆ្នាំ​ ១៩៨០​។ «​ខ្ញុំ​មិន​យល់​អំពី​មូលហេតុ ថា​តើ​ពួកគេ​ច្រណែន​យើង​ដែល​បាន​ធ្វើការ​យូរ​មក​ហើយ​ [​ឬ​យ៉ាង​ណា​] ហើយ​ខ្ញុំ​ដឹង​ច្រើន​នៅ​ទី​នោះ​។ ខ្ញុំ​ជា​បុគ្គលិក​ចាស់​បំផុត​»​។

អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ឆ្នាំ​ ១៩៩៣ លោក​​ ញេប ប៊ុនជិន មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕ PS