ភ្នំពេញៈខណៈ​មាន​ការ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ដែល​ថា​ កម្ពុជា​កំពុង​រង​ការ​សាយ​ភាយ​ខ្យល់​កខ្វក់​ពី​ប្រទេស​ ​ថៃ ​នោះ ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ជា​ថ្មី​ថា​ កម្ពុជា​ពុំ​មាន​ករណី​នេះ​កើត​ឡើង​ទេ ហើយក៏ពុំ​អាច​កើត​មាន​​ខ្យល់​កខ្វក់​គ្រប​ដណ្ដប់​ដូច​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រ​ទេស​ ​ថៃ​​​ នោះ​ដែរ​។

រដ្ឋ​លេខា​ធិ​ការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក នេ​ត ភក្ត្រា បានប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា តាម​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​​មន្ត្រី​ជំនាញ​រយៈពេល​ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង បង្ហាញ​ថា ខ្យល់​ក្នុង​ប្រទេស ​កម្ពុជា​ នៅ​មាន​គុណភាព​ល្អ​ដូច​ធម្មតាហើយ​មិន​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ខ្យល់​កខ្វក់​របស់​ប្រទេស​ថៃ​នោះ​ទេ​។ ​រីឯ​ការ​ចុះ​ផ្សាយ​ផ្ទុយ​ពី​នេះ​គឺជា​ពាក្យ​ច​ចាម​អារ៉ាម​របស់​ជនខិលខូច​ប៉ុណ្ណោះ ហើយ​លោក​បាន​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​បារម្ភ។

លោកបាន​បន្ត​ថា កម្ពុជា​មិន​អាច​ទទួល​រង​ការ​ខ្យល់កខ្វក់ដូច​ក្នុង​ប្រទេស​ថៃ​ឡើយ ដោយ​សារ​កម្ពុជា​មាន​ព្រៃ​ឈើ​ដែល​អាច​ស្រូប​ឧស្ម័ន​កាបូនិ និង​បញ្ចេញ​មក​វិញ​នូវ​ខ្យល់​អុកស៊ីហ្ស៊ែន។ ម្យ៉ាង​ទៀត​កម្ពុជា​ក៏ពុំ​មានរថយន្ត​ច្រើន​ដូច​នៅក្នុងទី​ក្រុង​បាងកក​ប្រទេស​ ​ថៃ​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បរិយា​កាស​នោះ​ដែរ។

លោក​ថ្លែងថា៖ «ទីក្រុង​បាងកក​ដែល​គាត់​មាន​ខ្យល់​ពុល​អី​ច្រើន ដោយសារ​កន្លែង​នោះ តាម​ការ​សិក្សា មាន​រថយន្ត​ច្រើន​រហូត​ទៅ​ដល់ ​៦ លាន​គ្រឿង អ៊ីចឹង​មិន​មែន​ត្រឹម​ផ្សែង​ចេញ​ពីរថយន្ត​ទេផ្សែង​ហ្គាស់​រួមទាំង​ផ្សែង​អីផ្សេងៗ​ទៀត ។ សម្រាប់​កម្ពុជា​យើង​មិន​មាន​បញ្ហា​កើត​ឡើង​អ៊ីចឹង​ទេ​បាទ ពីព្រោះ​ថា​ ស្ថាន​ភាព​ខ្យល់​របស់​យើង​ពិនិត្យ​ទៅ​វា​នៅ​ល្អ។

កាល​ពី​ថ្ងៃ​ទី​ ២ ខែកុម្ភៈ ក្រសួង​បរិស្ថាន​ក៏​ធ្លាប់​បញ្ជាក់​ម្ដង​ហើយ​ថាតាម​ឧបករណ៍​ត្រួត​ពិនិត្យ​ មិន​បាន​បង្ហាញ​អំពី​កម្រិត​ភាគ​ល្អិត​និចល ​PM2.5 ក្នុង​ខ្យល់​នៅ​កម្ពុជា​ឡើង​ដល់​កម្រិត​ដែល​អាច​​ប៉ះពាល់​សុខភាព​មនុស្ស​នោះ​ទេ។

បើ​តាម​ក្រសួង​នេះ «PM2.5 គឺជា​ភាគ​ល្អិត​និចល​តូចៗ​នៅ​ក្នុង​ខ្យល់​ដែល​មាន​អង្កត់​ផ្ចិត​តូច​ជាង ២,៥ មី​ក្រុង ហើយ​ភាគ​ល្អិត​និចល​នេះ​ កើត​មាន​ពី​ប្រភព​ការដុត​ឥន្ធនៈ​ហ្វូស៊ីល និង​កម្ទេច​ធូលី​ផ្សេងៗ។ភាគ​ល្អិត​និចល PM2.5 គឺអាច​ស្រូប​​ដល់​សួត​ និង​សរសៃ​ឈាមដែល​អាច​បង្ក​ផល​ប៉ះពាល់​សុខ​ភាព​មនុស្ស​ ប្រសិន​បើ​ស្រូប​ចូល​លើស​កម្រិត»។

កាសែត​បាងកក​ប៉ុស្តិ៍​ពី​ម្សិល​មិញ ​បាន​ចុះ​ផ្សាយ​ដែរ​ថា បន្ទាប់​​ពី​មនុស្ស​​ក្នុង​ទី​ក្រុង​បាងកក​កំពុង​ប្រឈម​នឹង​ខ្យល់​ពុល​រយៈ​ពេល​ ២-៣ សប្ដាហ៍​នេះ ស្ថានភាព​នៅតែ​អាក្រក់​ដដែល និង​កំពុង​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែត្រូវការ​ពាក់​ម៉ាស់​ច្រើន​។ ជា​មួយ​គ្នា​នេះ ​កាល​ពី​សប្ដាហ៍​មុន​ ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស ​ថៃ ក៏​បាន​អំពាវ​នាវ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ប្រទេស​ជិត​ខាង​នេះ ​ត្រូវ​ប្រុង​ប្រ​យ័ត្ន​និង​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​បញ្ចៀស​ផលប៉ះ​ពាល់​សុខ​ភាព​ដែល​អាច​បង្ក​ឡើង​ពី​ខ្យល់​កខ្វក់។

លោក លី សុវណ្ណ មន្ត្រី​នាំ​ពាក្យ​សុខា​ភិ​បាល និង​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ មិន​បាន​ទទួល​ទូរស័ព្ទ​ទេ​នៅ​ពេល​ទាក់​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​កាលពីម្សិល​មិញ​​។

ប៉ុន្តែ លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ខេត្ត​របស់​លោក​ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ មិន​បាន​ទទួល​រង​ការ​សាយភាយ​ខ្យល់​ពុល​ពី​ប្រទេស ​ថៃ ​ឡើយ​ ហើយ​ស្ថាន​ភាព​ខ្យល់​ក្នុង​ខេត្ត​ ក៏​មិន​ខុស​ប្លែក​ពី​សព្វ​ដង​នោះ​ដែរ។

លោក​បញ្ជាក់​ថា៖​ «ពី​ទីក្រុង​បាង​កក​មក​បាត់​ដំបង​ឆ្ងាយ​ដែរ​ហើយ​ខ្យល់​នៅ​បាង​កក​គឺ​បក់ទៅរក​សមុទ្រ​ឯណោះ​ទេ អា​ហ្នឹង​បើ​និយាយ​អំពី​កត្តា​ភូមិ​សាស្ដ្រ។ជាក់​ស្ដែង​មិន​មាន​អី​ទេ ហើយមិន​មាន​ឮការ​ប្រ​ឈម​បញ្ហា​សុខភាព​ដោយ​សារ​បរិស្ថាន​ពុល​អី​ទេ»។

លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ ក៏បាន​អះ​អាង​ដែរ​ថា នៅ​ក្នុង​ទីក្រុង​ខ្មែរ​ជាប់​ព្រំដែន​ថៃ​នេះក៏​មិន​កើត​មាន​ករណី​ខ្យល់​កខ្វក់អី​នោះ​ដែរ។

លោក​ថា៖ «ធម្មតា​ដូច​ជា​ មិន​ទាន់​មាន​ស្អី​ទេ។ខ្ញុំ​បាន​ជូន​ដំណឹង​តែ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ ពាក់ព័ន្ធ​នឹង​[ខ្យល់​កខ្វក់]​នៅ​ទី​នេះ​ ដូច​ជា​មិន​មាន​អី​គួរ​កត់​សម្គាល់​ គួរ​ឱ្យ​ព្រួយ​បារម្ភ​អី​នោះទេ»​៕