ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃអគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ថ្លែង​ថា ​សមិទ្ធផល​មួយ​ក្នុង​ការ​គ្រប់គ្រង​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​ ចុងក្រោយ​គឺ​មិន​មាន​ការ​បះ​បោរ​តដៃ​ពី​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ និង​មាន​កិច្ច​សហការ​ល្អ​ក្នុង​ការ​ដឹក​ជញ្ជូន​ជនជាប់​ចោទ​ទៅ​តុលាការ​ និង​រក្សា​សុវត្ថិភាព​បាន​ល្អ ​ប៉ុន្តែថា ​ភាព​ចង្អៀត​ណែន​នៅ​តែ​ជា​បញ្ហា។

លោក​ ចាន់ គីមសេង ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ចន្ទម្សិល​មិញ​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​ ៥ ឆ្នាំ​ ២០១៩-២០២៣ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ នៅ​ក្រសួង​មហា​ផ្ទៃ ​ដោយ​លោក​លើក​ឡើង​ថា​ អគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ​បាន​ធ្វើ​ការ​យ៉ាង​ល្អក្នុង​ការ​គ្រប់​គ្រង​សុវត្ថិភាព​ពន្ធនាគារ។

លោក​ថ្លែង​ថា​៖ «សកម្មភាព​ផ្សេងៗ​ ពិសេស​ភាព​ចលា​ចល ការ​បះ​បោរ​ផ្សេងៗ​នៅ​ក្នុង​ពន្ធនា​គារ​រយៈ​ពេល​ ៥ ​ឆ្នាំ​កន្លង​មក​នេះ​ យើង​អត់​ដែល​បាន​ជួប​ប្រទះ​ទេ។ អ៊ីចឹង​យើង​ត្រូវ​វាយ​តម្លៃ​ថា​ នេះ​គឺ​ជា​សមិទ្ធផល​ដ៏​ធំ​មួយរបស់​យើង។ ពិត​ហើយ​នៅ​ក្នុង​ដំណើរ​ការ​គ្រប់គ្រង​កន្លង​មក​នេះ មាន​អង្គភាព​ខ្លះ មាន​មណ្ឌល​អប់​រំ​កែ​ប្រែ​ខ្លះ​ ពន្ធនាគារ​ខ្លះ​ អាស្រ័យ​ដោយ​ការ​ធ្វេ​ស​ប្រហែស​ អាស្រ័យ​ដោយ​ការ​ខ្វះ​ចន្លោះ​ មាន​ជន​ជាប់​ឃុំ​រត់​គេច។ ការ​រត់​គេច​នេះ​ក៏​ជា​ផ្នែក​មួយ​ពាក់ព័ន្ធ​នឹង​ផ្នែក​សន្តិសុខ​សុវត្ថិភាព​ដែរ»។

លោក​បន្ត​ថា​៖ «ប៉ុន្តែ​ភាព​ធ្ងន់​ធ្ងរ​ជាង​នេះ​ដែល​ធ្លាប់​មាន​ពី​មុន​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​នេះ​ យើង​អត់​ជួប​ប្រទះ​ទេ​ គឺការ​បះ​បោរ ​ការងើប​ឡើង​តដៃ​ ប្រឆាំង​ជា​មួយ​មន្ត្រី​ពន្ធនាគារ​របស់​ជន​ជាប់​ឃុំ​ ៥​ ឆ្នាំ​កន្លង​មក​នេះ។ ​នៅ​ពេល​យើង​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​នេះ ​គឺ​យើង​អត់​ជួប​ប្រទះ។ នេះ​ជា​ចំណុច​ល្អ​របស់​យើង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក»។

អគ្គនាយក​ពន្ធនាគារ​រូបនេះ ​បន្ថែម​ថា ​សមិទ្ធផល​មួយ​ទៀត​គឺ​ការ​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ទៅ​តុលាការ​ត្រូវ​បាន​ដំណើរ​ការ​ល្អប្រសើរ ​ធានា​ដល់​ការ​អនុវត្ត​នីតិ​វិធី​របស់​តុលាការ។ កាល​ពី​បូក​សរុប​ការងារ​ឆ្នាំ​ ២០១៨ ​មាន​ដីកា​បង្គាប់​រាប់​ម៉ឺន​ដីកា​ដែល​ឲ្យ​នាំជន​ជាប់​ឃុំ​ទៅ​តុលាការ​។ ទោះ​យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា​ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​បន្តិច​បន្តួច​នៅ​ឡើយ។

លោក​ ចាន់ គឹមសេង​ និង​ អ្នកនាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ​លោក​ នុត សវនា​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាល​ពី​ម្សិល​មិញ។ ប៉ុន្តែ​លោក​ នុត សវនា ​ប្រាប់​ក្រុមសារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា ​បញ្ហា​ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ភាពចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​ និង​មណ្ឌល​អប់​រំ​កែប្រែ​ទាំង​ ២៨​ នៅទូទាំង​ប្រទេស​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ្នក​ជាប់​ឃុំ។

សារព័ត៌មាន​ ហ្រ្វេសញូ ​បាន​ស្រង់​សម្ដី​លោក​ នុត សវនា ​ដែល​លោក​បាន​ថ្លែង​ថា​៖ «ភាពចង្អៀត​ណែន​នេះ​ វា​មិន​មែន​តែ​ជា​បញ្ហា​មួយ​ដោយ​ឡែក​នោះ​ទេ ​គឺ​វា​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដទៃៗ​ទៀត​ ដែល​ធ្វើ​ឲ្យ​អង្គ​ភាព​អនុវត្ដ​ការងារ​ប្រឈម ​និង​ជួប​ប្រទះ​ផ្ទាល់​ ដែល​យើង​ត្រូវ​រក​ដំណោះ​ស្រាយ។ អ៊ី​ចឹង​ហើយ​បាន​យើង​ចាំ​បាច់​ណាស់​ ត្រូវ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ដ្រ​ ឲ្យ​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង»។

លោក អំ សំអាត​ ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ដែល​ជា​អង្គការ​អនុវត្ត​គម្រោង​មួយ​ឈ្មោះ​ថា «គម្រោង​ពន្ធនាគារ» ​បាន​ថ្លែង​ថា​ លោក​ទទួល​ស្គាល់​ថា​ ការ​គ្រប់​គ្រង​ពន្ធនាគារ​ធ្វើ​បាន​ល្អក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​កា​របះបោរ​កើត​ឡើង។

ចំពោះ​ការ​ដឹក​ជញ្ជូន​ទៅ​តុលាការ លោក​ថា​ មាន​ភាព​ប្រសើរ​ដែរ​នៅ​ក្នុង​ក្រុង​ភ្នំពេញ ​ប៉ុន្តែ​ចំពោះ​ការ​ដឹក​ជញ្ជូន​ពី​ពន្ធ​នា​គារ​តាម​ខេត្ត​មក​សាលា​ឧទ្ធរណ៍​ ឬ​តុលាការ​កំពូល ​នៅ​មាន​ភាព​ខ្វះចន្លោះ​ គឺ​បណ្ដាល​ឲ្យ​មាន​អវត្តមាន​ច្រើន។

លោក​ថ្លែង​ថា​៖ «ទាក់​ទង​ការ​ដឹក​ជញ្ជូន​ពី​ខេត្ត​មក​សាលា​ឧទ្ធរណ៍ ​ឬ ​តុលាការ​កំពូល​ អាហ្នឹង​គឺ​យើង​ឃើញ​ថា​អវត្តមាន​ច្រើន​ណាស់។ យើង​ឃើញ​ហើយ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ ឬ ​តុលាការ​កំពូល ​អ្នក​ដែល​មក​ពី​បណ្ដា​ខេត្ត​អ៊ីចឹង​ បើ​គ្មាន​ថវិកា​ក្នុង​ការ​ចំណាយ​ដឹក​មក​ទេ​ គឺ​កម្រ​ឃើញ​ជន​ជាប់​ចោទ​ត្រូវ​ដឹក​មក ​ដោយ​សារ​តែ​ការ​ចំណាយ​ច្រើន​ដូច​ជាចំណាយ​លើ​អនុរក្ស​ពន្ធនាគារ​ដើម្បី​ការពារ​ជាដើម»។

លោក​បន្ត​ថា ​ការ​អវត្តមាន​ជនជាប់​ចោទ​នៅ​សវនាការ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​ដោយសារ​តែ​អវត្តមាន​ជន​ជាប់​ចោទ​ ធ្វើ​ឲ្យ​បាត់​ផ្នែក​មួយ​ព្រោះ​ជន​ជាប់ចោទ​ត្រូវ​ឆ្លើយ​បំភ្លឺ​ដោះសា។

លោក ​សំអាត ​ក៏​មើល​ឃើញ​ការ​លំបាក​នៅ​តាម​ពន្ធនាគារ​ដោយ​សារ​តែ​ភាព​ចង្អៀត​ណែន​ដែរ។ ប៉ុន្តែ​ថា​ បញ្ហា​នេះ​មិន​មែន​ជា​កំហុស​របស់​ពន្ធនាគារ​ទេ ​ព្រោះ​ថា ​ពន្ធនាគារ​កំពុង​រក​វិធី​ដោះ​ស្រាយ​ដូចជា​ ការ​ពង្រីក​ពន្ធនាគារ​ជា​ដើម។ ទោះ​យ៉ាង​ណា​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​តែ​កើន​ឡើង។លោក​ថា​ ក្រសួង​ពាក់​ព័ន្ធ​​គួរតែពន្លឿន​រក​ដំណោះ​ស្រាយ​រឿង​នេះ។​

ករណី​មួយ​ទៀត​ដែល​លោក​ស្នើ​ឲ្យ​ខាង​ពន្ធនាគារ​យក​ចិត្ត​ទុកដាក់​ដែរ​នោះ​គឺ​ការ​ស្លាប់​របស់​ជនជាប់​ឃុំ​នៅ​ពន្ធនាគារ។

លោក​ថ្លែង​ថា​៖ «បញ្ហា​នេះ​សូម​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់ ប្រសិន​បើ​អ្នក​ជំងឺ​មានភាព​ធ្ងន់​ធ្ងរ​ដែល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ សូម​បញ្ជូន​ទៅ​ឲ្យ​ទាន់​ពេលវេលា»៕