
ក្រុមការងារ អ្នកស្ម័គ្រចិត្តសង្គ្រោះបឋម ជួបជុំគ្នានៅឯទីលានប្រជាធិបតេយ្យកាលពីថ្ងៃចន្ទ។ ផា លីណា
ភ្នំពេញៈ មន្ត្រីក្រសួងអប់រំបានអះអាងថា ការចូលរួមលើការងារស្ម័គ្រចិត្តពីយុវជនកម្ពុជានៅមានកម្រិតតិចតួចនៅឡើយ ដោយសារពួកគេមិនទាន់យល់ច្បាស់ពីការរស់នៅក្នុងសង្គម ខណៈអង្គការសហប្រជាជាតិ និងក្រសួងអប់រំបានចាត់ទុកការងារនេះថាមានសារៈសំខាន់។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងក្នុងពេលចូលរួមបើកវេទិកាថ្នាក់ជាតិលើកទី ៨ ស្តីអំពីការងារស្ម័គ្រចិត្ត និងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តឆ្នាំ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលម្សិលមិញថា ការងារស្ម័គ្រចិត្ដជារឿងសំខាន់ដែលយុវជនកម្ពុជាត្រូវចូលរួម ព្រោះនេះមិនមែនជាការងារសម្រាប់តែខ្លួនឯងនោះទេ ប៉ុន្ដែសម្រាប់សង្គមកម្ពុជា និងពិភពលោក។
លោកបានបន្តថា៖ «ការចូលរួមរបស់យុវជនយើងជាមួយកិច្ចការងារស្ម័គ្រចិត្ដ នៅមានតិចតួច ដោយសារយុវជនយើងនៅមិនទាន់យល់ដឹងពិតប្រាកដពីជីវិតរស់នៅ។ ដូច្នេះតម្លៃជាវិជ្ជមានរបស់យុវជនយើងគឺត្រូវខិតខំពង្រឹងសកម្មភាព ដើម្បីបន្ដសកម្មភាពស្ម័គ្រចិត្ដនៅតាមសាលារៀន និងនៅក្រៅសាលារៀនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។
លោកបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបំផុសឲ្យយុវជនកម្ពុជាទាំងអស់ឱ្យចូលរួមធ្វើការងារស្ម័គ្រចិត្ដនៅក្នុងសហគមន៍ និងសង្គមឲ្យមានប្រសិទ្ធភាព និងមានតម្លៃជាវិជ្ជមានក្នុងការកសាងខ្លួន គ្រួសារ និងសង្គមជាតិរបស់យើង។
លោក បូរ៉ាត បន្ថែមថា៖ «ការងារស្ម័គ្រចិត្ដនេះ យើងដឹងហើយថាគឺមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរមានន័យថា មនុស្សទាំងអស់លើពិភពលោកនេះរួមគ្នាធ្វើកិច្ចការដើម្បីមនុស្សជាតិ សង្គម និងប្រទេសខ្លួនឯង»។
បើតាមលោក បូរ៉ាត ការងារស្ម័គ្រចិត្ដនេះធ្វើក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា និងសហការជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។
លោកបានលើកឡើងថា ការខិតខំរៀបចំវេទិកាស្ម័គ្រចិត្ដនេះឡើងគឺជាកត្ដាដ៏មានសារៈសំខាន់សម្រាប់ជួយដល់យុវជនកម្ពុជាឲ្យស្គាល់តម្លៃពិតប្រាកដនៃការរស់នៅសម្រាប់ម្នាក់ៗ ។
លោកបន្ដ៖ «យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា យើងគ្រប់គ្នាត្រូវធ្វើដំណើរបន្ដទៀត ដើម្បីកិច្ចការងារស្ម័គ្រចិត្ដសម្រាប់យើង សម្រាប់គ្រួសារយើង និងសង្គមជាតិរបស់យើង»។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលបានចូលរួមដែរនោះបានថ្លែងថា នេះជាឱកាសដែលយើងអាចចែករំលែកនូវការខិតខំប្រឹងប្រែង និងតម្លៃនៃការងារស្ម័គ្រចិត្ដក្នុងការអភិវឌ្ឍសហគមន៍ដែលសំខាន់ជាងលើកមុនៗ។
លោកស្រីថា៖ «យើងផ្ដោតជាពិសេសចំពោះការខិតខំប្រឹងប្រែងចំពោះអ្នកស្ម័គ្រចិត្ដនៅកម្ពុជាដែលបានខិតខំបំពេញការងារក្នុងសហគមន៍ដែលជាផ្នែកមួយនៃការចូលរួមដោះស្រាយបញ្ហាដើម្បីអភិវឌ្ឍន៍»។
យុវតី អៀង វណ្ណរី និស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាអ្នកស្ម័គ្រចិត្ដមួយរូបក្នុងកម្មវិធីរបស់អង្គការសហប្រជាជាតិបានថ្លែងថា នាងតែងចូលរួមការងារស្ម័គ្រចិត្តដើម្បីបានបទពិសោធ និងចំណេះដឹងថ្មីៗពីគ្រប់មជ្ឈដ្ឋានផងដែរ។
យុវតីរូបនេះបានបន្ដថា៖ «យុវជនកម្ពុជាយើងមានរហូតដល់ ៣៣ ភាគរយដែលកំពុងសិក្សា ប៉ុន្ដែបានចូលរួមកិច្ចការស្ម័គ្រចិត្ដតិចតួច និងមិនទាន់ទូលំទូលាយនៅឡើយ»។
វណ្ណរី បន្ថែមថា៖ «ការងារស្ម័គ្រចិត្ដគឺជាការងារមួយដែលគ្មានអ្នកណាម្នាក់មកបង្ខំយើងឲ្យចូលរួមទេ ប៉ុន្ដែយើងបានទៅដោយសុទ្ធចិត្ដទាំងកម្លាំងកាយ ពេលវេលា និងកម្លាំងចិត្ដ»។
លោក ស្រ៊ុន ស្រ៊ន ប្រធានសមាគមអនាគតយុវជនកម្ពុជាអាស៊ាន យល់ឃើញថាយុវជនបច្ចុប្បន្នដែលចូលរួមធ្វើការជាមួយរាជរដ្ឋាភិបាលគឺមានច្រើនហើយ ប៉ុន្ដែយុវជនស្ម័គ្រចិត្ដចូលរួមធ្វើការងារដីធ្លី ឬការងារប្រឈមនានាតាមសហគមន៍នៅមានតិចតួច។
លោកថា៖ «ការមានយុវជនចូលរួមធ្វើការងារស្ម័គ្រចិត្តតិចតួចនេះមកពីយើងមិនទាន់មានយន្ដការជ្រើសរើសយុវជនស្ម័គ្រចិត្ដទៅធ្វើការងារ ហើយយុវជននៅមិនទាន់ស្គាល់ប្រភពដើម្បីចូលរួមបំពេញការងារស្ម័គ្រចិត្តបាន» ៕