ភ្នំពេញៈ មន្ត្រី​មកពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា ផែនការ​ដកហូត​ឯកសារ​ផ្លូវការ​ពី​បុគ្គល​ ៧០០០០ ​នាក់​បាន​បញ្ចប់​ ៧០ ​ភាគរយ ឯកសារ​ផ្លូវការ​ដែល​ចេញ​ឲ្យ​មិន​សមស្រប​ទៅ​ជនអន្តោប្រវេសន៍​ដែល​ភាគច្រើន​បំផុត​ជា​ជនជាតិ​វៀតណាម​។

លោក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ក្រុម​ការងារ​នេះ​បាន​បញ្ចប់​កិច្ចការ ៧០ ​ភាគរយ​ហើយ​នៃ​ចំនួន​មនុស្ស​ ៧០ ០០០ ​នាក់​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​បាន​គណនា​ចំនួន​ប៉ុន្មាន​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​ ១៥ ខែ​សីហា​យើង​នឹង​មាន​កិច្ចប្រជុំ​មួយ ដើម្បី​រាប់ ហើយ​យើង​នឹង​ដឹង​ថា តើ​ខេត្ត​ចំនួន​ប៉ុន្មាន​ដែល​យើង​បាន​បញ្ចប់​? យើង​បាន​បញ្ចប់​ ៧០ ​ភាគរយ​។ យើង​បន្ត​ធ្វើ​ដល់​ចុង​ឆ្នាំ​ ២០១៨»​។

លោក សំបូរ បាន​ថ្លែង​ថា​អ្នក​ដែល​មាន​ឯកសារ​របស់​ខ្លួន​ត្រូវ​បាន​ដកហូត ត្រូវ​គោរព​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​ស្នើសុំ​ជា​ជនអន្តោប្រវេសន៍​ជាមុន​សិន ហើយ​បន្ទាប់​មក​ពួកគេ​ស្នើសុំ​កាត​ស្នាក់​នៅ​តម្លៃ​ ២៥ ​ម៉ឺន​​រៀល​ (៦២,៥០ ​ដុល្លារ​) ​រយៈពេល​ ១ ​ដង​ ២ ​ឆ្នាំ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​មាន​ចំនួន​ប៉ុន្មាន បាន​ស្នើសុំ​ស្នាក់នៅ​ទូទាំង​ប្រទេស​? អ្វី​ដែល​យើង​គ្រោង​ធ្វើ​គឺ​ដំណាច់​ឆ្នាំ​ ២០១៨ សម្រាប់​ការដកហូត​ឯកសារ​ទាំង​នោះ​»​។

អនុក្រឹត្យ​មួយ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​សីហា​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​លុប​ឯកសារ​ដូចជា អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន សៀវភៅ​គ្រួសារ ពី​ជនអន្តោប្រវេសន៍​រាប់ពាន់​នាក់​។

ជនជាតិ​វៀតណាម​រាប់រយ​នាក់​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កំពុង​សម្រុក​ទៅ​ធ្វើ​កាត​ស្នាក់នៅ​។

លោក ប៉ុល សូត ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​។

ទោះ​យ៉ាង​ណា​ក្តី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ថា មាន​គ្រួសារ​ជនជាតិ​វៀតណាម​ចំនួន​​ ២០៣៤ ​គ្រួសារ​កំពុង​រស់នៅ​ក្នុង​ខេត្ត​នេះ ពួកគេ​ភាគច្រើន​បំផុត​កំពុង​រស់នៅ​លើ​បឹង​ទន្លេសាប​រួមមាន​ ៧៥៥ គ្រួសារ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ៨០៦ គ្រួសារ​ក្នុង​ស្រុក​បរិបូណ៌ និង​ជនជាតិ​វៀតណាម​ដទៃៗ​ទៀត​នៅក្នុង​ស្រុក​កំពង់ត្រឡាច​៕ PS