ភ្នំពេញៈ ការស្នើសុំដោះដូរអគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិចេញពីទីតាំងនៅតំបន់ប្រជុំជននោះត្រូវបានមន្ត្រីជាន់ខ្ពស់អះអាងថា សំណើដោះដូរនេះធ្វើឡើងដោយសារអគារនៅទីតាំងបច្ចុប្បន្នចាស់ទ្រុឌទ្រោម និងតូចចង្អៀត តែសង្គមស៊ីវិលមើលឃើញថាអាចជាវិធីស្វែងរកការកេងចំណេញផលប្រយោជន៍របស់មន្ត្រីមួយចំនួន។
យោងតាមលិខិតរបស់អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៧ ដែលភ្នំពេញ-ប៉ុស្តិ៍ ទើបទទួលបានកាលពីថ្ងៃទី ២២ ខែតុលាលោក សាវឿន បានស្នើទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំឲ្យមានការដោះដូរទីតាំងដីអគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនផ្លាស់ទៅទីតាំងថ្មីនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការដោះដូរនេះលោក នេត សាវឿន បញ្ជាក់ថាគឺដោយសារអគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម និងតូចចង្អៀត។
ក្នុងលិខិតលោក នេត សាវឿន ប្រាប់លោក ស ខេង ថាទីតាំងបច្ចុប្បន្នគឺខ្វះអគារសម្រាប់កងកម្លាំងបំពេញការងារប្រចាំថ្ងៃ កន្លែងសម្រាប់ប្រចាំការ កន្លែងកម្លាំងហ្វឹកហាត់ ឃ្លាំងរក្សាទុកអាវុធ ចំណតរក្សាទុករថយន្ត ឃ្លាំងដាក់សម្ភារផ្សេងៗ និងនាយកដ្ឋានមួយចំនួនកើនឡើងជាបន្តបន្ទាប់ធ្វើឲ្យជួបការលំបាកក្នុងការបំពេញការងារភារកិច្ចប្រចាំថ្ងៃ។ ម្យ៉ាងទៀតនៅពេលកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការម្តងៗ ច្រកចេញចូលមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ។
លោកបញ្ជាក់ក្នុងលិខិតថា៖ «ដើម្បីងាយស្រួលក្នុងការបំពេញការងារ និងកែសម្រួលទីតាំងឲ្យមានលក្ខណៈសមស្របតាមស្តង់ដារ អគ្គស្នងការនគរបាលជាតិ សូមគោរពស្នើសុំគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Long Ma Invest And Real Estate Co., LTD ធ្វើការដោះដូរទីតាំងខាងលើនេះ និងសុំធ្វើប័ណ្ណកម្មសិទ្ធិមុនធ្វើការអភិវឌ្ឍជាថ្នូរនឹងទីតាំងដីរបស់ក្រុមហ៊ុនដែលមានទំហំ ៧០ ០០០ ម៉ែត្រការ៉េ»។
លិខិតបន្ថែមថាក្រុមហ៊ុននឹងធ្វើការសាងសង់អគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលមានទំហំ ៣២ ម៉ែត្រគុណ ៦០ ម៉ែត្រកម្ពស់ ១០ ជាន់មានចំនួន ១ អគារ អគារស្នាក់នៅរបស់កងកម្លាំង ២ អគារតាមបទដ្ឋានបច្ចេកទេស លក្ខណៈស្តង់ដារ ទាំងគុណភាព និងសោភណភាពព្រមទាំងបំពាក់សម្ភារ បរិក្ខារទំនើបៗ និងរៀបចំបណ្តាញទឹកភ្លើង ជណ្តើរយន្ត ម៉ាស៊ីនត្រជាក់ និងចាក់ដីបំពេញបន្ថែមលើទីតាំង ធ្វើរបងព័ទ្ធជុំវិញខ្លោងទ្វារ ប៉ុស្តិ៍យាមជូនវិញផងដែរ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ការស្នើសុំការដោះដូរទីតាំងដីអគារអគ្គស្នងការដ្ឋាននគរបាលជាតិគឺជារឿងធម្មតាទេហើយគ្មានអ្វីចម្លែកនោះទេ ហើយថាវាគ្រាន់តែជាសំណើទេ មិនមានបញ្ហាអ្វីដែលត្រូវជ្រួលច្របល់នោះទេ។
លោកបញ្ជាក់ថា៖ «ការចុះហត្ថលេខាដោយលោកនាយឧត្តមសេនីយ៍សុទ្ធតែមានគោលការណ៍ហើយ។ នេះជាការសម្រេចរបស់ក្រសួង និងរដ្ឋាភិបាលថាតើឲ្យ ឬក៏អត់ ដោយសារកន្លែងអគ្គស្នងការវារាងតូចបន្តិច។ ខ្ញុំមិនដឹងថា លិខិតនោះវាយ៉ាងម៉េចទេដោយសារខ្ញុំមិនទាន់បានឃើញលិខិតនោះនៅឡើយ»។
ប៉ុន្តែលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាថ្លែងថាការដោះដូរទីតាំងដីអគាររបស់រដ្ឋខាងលើអាចមានអំពើពុករលួយមិនបានធ្វើឲ្យការងាររបស់កងកម្លាំងមានលក្ខណៈល្អប្រសើរនោះទេដោយសារតែកន្លែងថ្មីនោះវានៅឆ្ងាយ។
លោកថា៖ «កន្លែងនោះ [កន្លែងចាស់] គឺជាមុខសញ្ញានៃការអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុនចិនដែលមានសណ្ឋាគារ។ ការដោះដូរគ្រាន់តែពាក្យបច្ចេកទេស ហើយរឿងពិតប្រាកដហ្នឹងវាអាចមានផលចំណេញច្រើនទៅដល់អ្នកធ្វើការសម្រេចចិត្តក្នុងការដោះដូរ។ នេះគឺជាការលក់ដីកន្លែងតម្លៃខ្ពស់ទៅរកកន្លែងតម្លៃទាប»។
លោកបន្ថែមថាវាអាចមានអំពើពុករលួយ ដោយសារតែពុំមានការដាក់ដេញថ្លៃប្រកួតប្រជែងជាសាធារណៈ និងមិនបានបង្ហាញតម្លៃការដោះដូរ។
អ្នកវាយតម្លៃអចលនទ្រព្យដែលសុំមិនបញ្ចេញឈ្មោះម្នាក់ឲ្យដឹងថា តម្លៃដីឯកជនដែលមានប្លង់រឹងស្រាប់នៅតំបន់នោះគឺមានតម្លៃប្រហែល ៤ ពាន់ដុល្លារក្នុង ១ ម៉ែត្រការ៉េ ហើយថាបើជាដីរដ្ឋវិញអាចមានតម្លៃក្រោម ៤ ពាន់ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ លោកថា៖ «វាមានតម្លៃដោយសារតែវានៅតាមបណ្តោយមហាវិថី និងតំបន់ពាណិជ្ជកម្ម ហើយនៅលើផ្លូវធំនៅពេលដែលគេទិញហើយគេអាចសង់ជាអគារ ការិយាល័យ ខុនដូរ និងអាចធ្វើជាកន្លែងរកស៊ីបាន។ ប្រទេសយើងនៅលើមហាវិថីព្រះមុនីវង្ស មហាវិថីនរោត្តម កម្ពុជាក្រោមវាមានតម្លៃថ្លៃគេអាចរកស៊ីបានធ្វើក្រុមហ៊ុនក៏បាន ហើយសាងសង់អ្វីក៏បាន»។
ក្រុមហ៊ុនខាងលើមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ៕