ភ្នំពេញៈ អ្នកវិភាគ និងមន្ត្រីយល់ស្រដៀងគ្នា ចំពោះការប្រកាសវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំងនៅខែវិច្ឆិកាដែលម្ខាងថា ជាសង្គ្រាមចិត្តសាស្ត្រ ឯខាងមន្ត្រីនៅតែមិនមានជំនឿថា ការប្រកាសនេះក្លាយជាការពិត ប៉ុន្តែថាបើពិតមែននោះវាជារឿងល្អ និងងាយស្រួលសម្រាប់សមត្ថកិច្ចក្នុងការវាយខ្នោះ។
អតីតគណបក្សសង្គ្រោះជាតិ CNRP បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រដោយប្រកាសពីមាតុភូមិនិវត្តន៍របស់ប្រធានស្តីទីអតីត CNRP សម រង្ស៊ី មកកម្ពុជាវិញដែលនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែវិច្ឆិកាចំថ្ងៃរំឭកខួបឯករាជ្យរបស់កម្ពុជាពីអាណានិគមបារាំង។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សសង្គ្រោះជាតិដែលដឹកនាំប្រជុំដោយលោក សម រង្ស៊ី ផ្ទាល់។
ថ្លែងនៅពេលជួបពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលីពីម្សិលមិញលោក រង្ស៊ី បញ្ជាក់ពីការសម្រេចចិត្តនោះថា៖ «ហើយសុំហែកទ្រូងជម្រាបបងប្អូនចុះកាលពីម្សិលមិញខ្ញុំបានធ្វើសេចក្ដីសម្រេចមួយសំខាន់ជាងគេបំផុតក្នុងជីវិតរបស់ខ្ញុំ ថាត្រឡប់ទៅស្រុកកំណើតរបស់យើងវិញ។ ទៅជួយប្រជារាស្ត្រខ្មែរឲ្យទាល់តែបាន»។
លោកថាពេលវេលាទុំហើយដែលលោកត្រូវចូលមកវិញ ដោយបញ្ឈប់ការតស៊ូពីខាងក្រៅ។ ដូច្នេះលោកនឹងចូលមកបំផុសប្រជារាស្ត្រ។
លោក អ៊ូ ចាន់ឫទ្ធិ អតីតតំណាងរាស្ត្រ CNRP និងជាអ្នកនាំពាក្យក្រុមការងាររៀបចំមាតុភូមិនិវត្តន៍របស់អតីតថ្នាក់ដឹកនាំ CNRP ប្រាប់ពីម្សិលមិញថាការជ្រើសរើសយកថ្ងៃទី ៩ វិច្ឆិកាក្នុងការវិលត្រឡប់គឺយកថ្ងៃដែលសម្ដេចព្រះនរោត្តម សីហនុបានរំដោះប្រទេសពីការគ្រប់គ្រងរបស់បរទេស។ លោកបន្ថែមថារយៈពេលប្រហែល ២ ខែដែលនៅសល់ជាពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការផ្សេងទៀតរួមមានការងារទូតការងារផ្ទៃក្នុង និង កម្លាំងផ្សេងៗ។
លោកថ្លែងថា៖ «យើងជឿថា ការវិលត្រឡប់របស់យើងនឹងមិនមានការចាប់ខ្លួនទេ ដោយសារយើងទៅដើម្បីដោះស្រាយបញ្ហាជាតិ។ ដូច្នេះខ្ញុំក៏ដូចថ្នាក់ដឹកនាំជឿជាក់ថាមិនមានការចាប់ខ្លួនទេ ប៉ុន្តែបើមានការចាប់ខ្លួន យើងមានពេល ២ ខែទៀត យើងនឹងជជែកគ្នាទាំងអស់ថា អ្វីខ្លះនឹងអាចកើតឡើង?»។
ការប្រកាសត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី មិនមែនជាលើកទី ១ ទេ ប៉ុន្តែលោកធ្លាប់បានធ្វើឡើងជាច្រើនលើករួចហើយ។ ការប្រកាសចុងក្រោយគឺពាក់ព័ន្ធនឹងការភ្នាល់គ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការដោះលែងលោក កឹម សុខា។ លោកថាលោក កឹម សុខា នឹងត្រូវដោះលែងយ៉ាងយូរត្រឹមខែ ៣ ឆ្នាំ ២០១៩នេះ ហើយបើលោកចាញ់លោកនឹងចូលមកស្រុកខ្មែរឲ្យចាប់ខ្លួន។
ទោះយ៉ាងណាលោក អ៊ូ ចាន់ឫទ្ធិ ថ្លែងថា វាជាលើកដំបូងហើយដែលលោក សម រង្ស៊ី ប្រកាសពីកាលបរិច្ឆេទច្បាស់មានទាំងថ្ងៃ ខែ និងឆ្នាំ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ថ្លែងពីម្សិលមិញថា ព័ត៌មានអំពីការវិលត្រឡប់មកវិញនេះគឺជារឿងល្អសម្រាប់សមត្ថកិច្ចអនុវត្តច្បាប់ដែលកំពុងស្វែងរកចាប់ខ្លួនលោក សម រង្ស៊ី តាមអំណាចសាលដីកាតុលាការ។ ប៉ុន្តែលោកថា ការប្រកាសនេះក៏បង្កបញ្ហាមួយចំនួនដែរ។
លោកថ្លែងថា៖ «បើការនិយាយពីការអនុវត្តច្បាប់អនុវត្តដីកា និងការពង្រឹងនីតិរដ្ឋ ព័ត៌មាននេះល្អសម្រាប់សមត្ថកិច្ចព្រោះឲ្យតែគាត់មក យើងន្អាលនឹងវាយខ្នោះ។ គាត់ប្រកាសអ៊ីចឹងមែន តែខ្ញុំមិនជឿ ហើយវាក៏មានឥទ្ធិពលមិនល្អ ដោយសារតែគាត់អាចធ្វើអ៊ីចឹងដើម្បីញុះញង់កម្លាំងដែលនៅក្នុងស្រុកគាំទ្រគាត់មួយចំនួនឲ្យស្ទុះក្រោកឡើង»។
លោកបន្តថា៖ «វាជារឿងមួយដែលគាត់កំពុងបំពុលធ្វើឲ្យអាជ្ញាធរមូលដ្ឋានយើងពិបាកធ្វើការដែរ។ សកម្មជនគាត់អាចដើរខ្សឹបដើរខ្សៀវ ដើរបង្កើតបញ្ហានេះនោះ ដើម្បីកៀរគរប្រមូលមនុស្សមកចាំទទួលគាត់។ តែគាត់មកមិនមក មិនប្រាកដទេ»។ លោកបញ្ជាក់សាជាថ្មីថា សមត្ថកិច្ចដាច់ខាតត្រូវចាប់ខ្លួនលោក សម រង្ស៊ី ពីព្រោះលោកមានដីកាចាប់ខ្លួនច្រើនណាស់។
លោក មាស នី អ្នកវិភាគបញ្ហាសង្គមយល់ថា ការប្រកាសពីមាតុភូមិនិវត្តន៍គ្រាន់តែជាសង្គ្រាមនយោបាយប៉ុណ្ណោះ បើទោះបីជាមានការកំណត់ពេលជាក់លាក់ក៏ដោយ។ លោកថាការកំណត់យកថ្ងៃ ៩ ខែវិច្ឆិកាក៏ដើម្បីស្ទង់មើលការវិវត្តនៃដំណើរការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និងការវិវត្តន៍នៃ «ច្បាប់ប្រជាធិបតេយ្យកម្ពុជា ២០១៩» ដែលសភាអាមេរិកបានអនុម័តកាលពីពេលថ្មីៗនេះ និងវិបត្តិសង្គមនានាដែលអាចកើតមានឡើងដោយសារតែឥទ្ធិពល EBA។
លោកថ្លែងថា៖ «ឲ្យគាត់ត្រឡប់មកវិញក្នុងស្ថានភាពបច្ចុប្បន្ននេះហាក់ដូចជាមិនមានប្រយោជន៍អីសម្រាប់គាត់ទេ ក្រៅពីមកដើម្បីឲ្យគេចាប់គាត់ដាក់គុក។ ប៉ុន្តែបើសិនជាគាត់ប្រើវិធីសាស្ត្រផ្សេងដូចជា មិនមកចូលស្រុកខ្មែរតែម្ដងទេ តែមកនៅស្រុកជិតខាងដើម្បីមើលពីការទទួល និងការយកចិត្តទុកដាក់របស់ប្រទេសជិតខាង។ បើមិនមានការធ្វើបត្យាប័នបញ្ជូនអី អាហ្នឹងវាធ្វើឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញខាងក្នុងហាក់ដូចដេកមិនលក់ដែរ បើមានចរន្តនោះកើតឡើង»។
លោកបន្តថា៖ «បើសិនរដ្ឋាភិបាលទីក្រុងភ្នំពេញមិនខ្វល់ខ្វាយលើសម្ពាធ [ពីបរទេស] ខ្ញុំគិតថាដំណើរការគ្រប់គ្រងរដ្ឋាភិបាលនឹងប្រឈមនឹងសម្ពាធ ២ ធំៗគឺសម្ពាធពីអន្តរជាតិ។ បើរដ្ឋាភិបាលបន្តកម្ទេចបក្សប្រឆាំងដូចដែលគណបក្សប្រជាជនបានប្រកាសឡើងថាកម្ទេចទាល់តែខ្ទេចនោះ វានឹងធ្វើឲ្យស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សអាក្រក់ថែមទៀត»។
លោកបន្តថាសម្ពាធទី ២ ដែលអាចកើតមានគឺសម្ពាធផ្ទៃក្នុងករណីមានការព្យួរ EBA ឬការដក GSP ដែលអាចធ្វើឲ្យកម្មករបាត់បង់ការងារ និងការបង្កកទ្រព្យសម្បត្តិ និងការរឹតត្បិតទិដ្ឋាការដោយច្បាប់ H.R ៥២៦ របស់អាមេរិក។
លោក មាស នី ថ្លែងថាបើការប្រកាសវិលចូលស្រុកលើកនេះត្រូវពន្យារវិញដោយមិនមានហេតុផលសមរម្យនោះ វាធ្វើឲ្យការប្រកាសបែបនេះសាបរលាប។ ប៉ុន្តែលោកថា បើសិនជាក្រុមអតីតមេដឹកនាំបក្សប្រឆាំងពិតជាមកវិញ ប៉ុន្តែរដ្ឋាភិបាលខ្មែររារាំងមិនឲ្យចូលស្រុកនោះ វាជាមូលហេតុមួយដែលក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំងយកជាមូលហេតុ។
លោកថ្លែងថា៖ «ខ្ញុំមើលទៅហាក់ដូចជាសេណារីយោទី ២ នេះច្បាស់ជាង។ ខ្ញុំមានជំនឿថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនចង់មានវត្តមានលោក សម រង្ស៊ី នៅក្នុងស្រុកទេ ទោះបីនៅក្នុងគុកក៏ដោយក៏ពិបាកក្នុងការគ្រប់គ្រងដែរ»។
ដោយឡែកលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការប្រកាសពីមាតុភូមិនិវត្តន៍នេះទី ១ គ្រាន់តែជាសារដាស់តឿនដល់សមាជិករបស់លោកថា លោកកំពុងមានសកម្មភាពនៅឯបរទេស ហើយកុំឲ្យខាងក្នុងដេកលក់។ ទី ២ ការធ្វើនេះចង់ឲ្យ [រដ្ឋាភិបាល] ព្រួយបារម្ភ។
លោកថ្លែងថា៖ «ប៉ុន្តែរដ្ឋាភិបាលកុំទៅឈឺក្បាលជាមួយមនុស្សចឹងៗ យើងជាប្រទេសអនុវត្តច្បាប់ ជាប្រទេសនីតិរដ្ឋ។ អ៊ីចឹងអ្នកឯងមកក៏មកទៅ អ្នកឯងមក គោរពច្បាប់ទៅ។ កាលណាយើងយករឿងហ្នឹងមកធ្វើពពុះច្រើន ធ្វើឲ្យ សម រង្ស៊ី រឹតតែមានការងារធ្វើ ធ្វើឲ្យ សម រង្ស៊ី រឹតតែល្បីឈ្មោះ។ បើជើងខ្លាំង ដើរចូលមកដូច កឹម សុខា។ អ៊ីចឹងបានឡូយ»។
លោកថាការប្រកាសនេះក៏ជាចំណុចផ្ដាច់ព្រ័ត្ររបស់លោក សម រង្ស៊ី គឺថាបើលោកមិនមកគឺគាត់អស់សីលនៅពេលនោះហើយ គឺដោយសារគាត់ភូតកុហកច្រើនពេក។
ជាមួយគ្នានេះអតីតសមាជិកមូលដ្ឋានរបស់ CNRP នៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត លោក នុត ពេជ អាយុ ៦៣ ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារដោយអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការ។
យោងតាមដីកាបញ្ជាឲ្យចាប់ខ្លួនចេញដោយលោក អ៊ី ឃាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពតចុះថ្ងៃទី ១៧ ខែឧសភា ឈ្មោះ នុត ពេជ ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ (ប្រឆាំងសាលដីកាតុលាការកំពូល) ប្រមូលផ្ដុំញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ លោកចៅក្រមបញ្ជាក់ថាសកម្មភាពរបស់ នុត ពេជ បានប្រព្រឹត្តឡើងកាលពីខែមេសា និងឧសភានៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងពីម្សិលមិញថា ឈ្មោះ នុត ពេជ ត្រូវបានបញ្ជូនទៅពន្ធនាគាររួចហើយកាលពីថ្ងៃចាប់ខ្លួន៕
វីដេអូ៖