ភ្នំពេញៈ មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​អះអាងថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ ប្រជាពលរដ្ឋ​ចំនួន​ ៨០% មាន​បង្គន់​ប្រើប្រាស់ និង​ប្រជាពលរដ្ឋ​ ៦៥% ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​។ កម្ពុជា​មាន​បំណង​ចង់ឱ្យ​ពលរដ្ឋ​ទាំងអស់​ទទួល​បាន​ទឹកស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ​ ២០២៥ ខាងមុខ​។

ក្នុង​សន្និសីទ​កាសែត​ពី​ម្សិលមិញ​ដែល​រៀបចំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ស្ដីពី​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​លោក​ ចាន់ ដារ៉ុន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​អះអាង​ថា ពលរដ្ឋ​មាន​បង្គន់​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០១៩ មាន​ចំនួន​ ៨០% ដែល​កើន​ពី​ ៧១% ក្នុង​ឆ្នាំ​ ២០១៧ ខណៈ​ពលរដ្ឋ​ដែលមាន​ទឹកស្អាត​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០១៩ ​មាន​ចំនួន ​៦៥% ​ដែល​កើនឡើង​ពី ៥៨% នៅក្នុង​ឆ្នាំ​ ២០១៧​។ លោក​បាន​បន្តថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែលមាន​បង្គន់​អនាម័យ​ប្រើប្រាស់​ក្ដី ប៉ុន្តែ​នៅ​មិនទាន់​មាន​ទម្លាប់​បន្ទោរបង់​នៅក្នុង​បង្គន់​នៅឡើយ និង​នៅតែ​ចេញ​ទៅ​បន្ទោ​របង់​ពាសវាល​ពាសកាល​ដដែល​។

លោក​បាន​ថ្លែងថា​៖ «​ខ្លះ​មាន​ហើយ​បង្គន់​អនាម័យ តែ​បត់​ដៃ​បត់ជើង​នៅ​ខាងក្រោយ​ផ្ទះ​ដដែល បង្គន់​ហ្នឹង​ទុកចោល ហើយ​ពេលខ្លះ​យើង​សួរថា​បង្គន់​ហ្នឹង​អត់​ប្រើ គាត់​ថា​អត់​ទម្លាប់ ដោយ​គាត់​ទុក​ចាំ​ឱ្យ​បងប្អូន​មកពី​ភ្នំពេញ​ប្រើ​។ អ៊ីចឹង​យើង​ត្រូវ​ធ្វើការងារ​នេះ​ជាប្រចាំ​ដូច​ភ្លៀងរលឹម គឺ​បំផុស​ហើយ​បំផុស​ទៀត ដើម្បី​ឱ្យ​ពួកគាត់​មាន​ការប្រែប្រួល​ផ្នត់គំនិត​»​។

លោក​បន្ថែមថា​៖ «​ការប្រើប្រាស់​បង្គន់​អនាម័យ គឺជា​ចំណុច​សំខាន់​។ យើង​មាន​ទម្លាប់​ពីណាពីណី​មក គឺ​បត់ជើង​បត់ដៃ​នៅ​គុម្ពោត​ព្រៃ​នៅ​ខាងក្រោយ​ផ្ទះ តែ​អ្នកខ្លះ​យល់ដឹង​ក៏​បាន​ជីក​កប់ ប៉ុន្តែ​បត់ជើង​ពាសវាល​ពាសកាល​នេះ និង​ការជីក​កប់​នេះ យើង​ពិនិត្យ​ទៅ​ឃើញ​ថា​វា​មិនល្អ​។ វា​មាន​ផលអវិជ្ជមាន​ទៅដល់​សុខភាព​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជំងឺ ហើយ​បើ​មាន​ជំងឺ​ហើយ គឺ​អត់​អាច​ទៅ​ធ្វើការ​រក​ទទួលទាន​បាន​ទេ ហើយ​ត្រូវ​ចំណាយលុយ​ដើម្បី​ទិញ​ថ្នាំ​មក​ព្យាបាល​ថែមទៀត​»​។

លោក​ ចាន់ ដារ៉ុន បញ្ជាក់ថា​កាលពី​ឆ្នាំ​ ២០១៩ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​យកចិត្ត​ទុកដាក់​ខ្លាំង ដើម្បី​ចុះ​បំផុស​ប្រជាពលរដ្ឋ​សាងសង់​បង្គន់​ប្រើប្រាស់ និង​ការចុះ​ចែក​ចានបង្គន់​បាន​ចំនួន​ ៣៤២ សាងសង់​បង្គន់​ចាក់ទឹក​ចំនួន​ ២០១៧ និង​បង្គន់​ចាក់​ផេះ​ចំនួន​ ២០៤៣​។

លោក​ថា​៖ «​ការលើក​កម្ពស់​អនាម័យ​ជនបទ​គឺ​យើង​បាន​យកចិត្ត​ទុកដាក់​ខ្លាំង ជាក់ស្ដែង​ក្នុង​ឆ្នាំ​ ២០១៩ ​យើង​សម្រេច​លទ្ធផល​ច្រើន​។ ទី​ ១ ​យើង​បាន​បំផុស​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ឱ្យ​ចូល​រួម​សាងសង់​បង្គន់​អនាម័យ​តាម​សហគមន៍​ដល់​ភូមិ​គោលដៅ​នៅក្នុង​ខេត្ត​ចំនួន​ ១២»​។

មន្ត្រី​រូបនេះ​ឲ្យ​ដឹងថា ខេត្ត​ដែល​បាន​បំផុស​ឲ្យ​មានការ​សាងសង់​បង្គន់​គឺ​មាន កែប កោះកុង ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង ត្បូងឃ្មុំ និង​ខេត្ត​ព្រះសីហនុ​ដែល​មាន​ពលរដ្ឋ​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ និង​ជំរុញ​ចំនួន​ ៣៧៧៦ ​គ្រួសារ​។ ទី​ ២ ​បំផុស​ទៅលើ​ការសាងសង់​បង្គន់​អនាម័យ​ចាក់ទឹក​តាម​ផ្ទះ​ឯកជន​ចំនួន​ ២៩៨៩៩ ​បង្គន់​។

លោក​បន្ថែមទៀត​ថា ចំពោះ​ការប្រើប្រាស់​ទឹក​នៅតាម​ជនបទ​គឺ​មាន​លក្ខណៈ​សមរម្យ​គួរសម​នៅពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​កាលពី​ ១០ ​ឆ្នាំ​ដែល​ភាគច្រើន​គឺ​ស្ដ្រី និង​កុមារ​មាន​ភារកិច្ច​ចេញ​ទៅ​ដងទឹក​សម្រាប់​យក​ប្រើប្រាស់​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ ដូចជា​ទូល យួរ និង​រែក​ជាដើម​។

លោក​អះអាង​ថា ចំពោះ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សង្គមកិច្ច​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​តាម​ជនបទ​កាលពី​ឆ្នាំ​ ២០១៩ ក្រសួង​បាន​សាងសង់​អណ្ដូងស្នប់​គ្រប់​ប្រភេទ​បាន​ ៣៦០៧​។ ការជួសជុល​អណ្ដូងទឹក​គ្រប់​ប្រភេទ​ ១១៥៦ និង​ការសាងសង់ និង​ជួសជុល​ស្រះ​ទឹក​ចំនួន​ ២២២ ដែល​ស្ថិត​នៅ​តាម​ជនបទ​ដែល​មិនអាច​ជីក​អណ្ដូង​បាន​។

ទោះជា​យ៉ាងណា Unicef អះអាង​ក្នុង​ឆ្នាំ​ ២០១៩ ​ថា​ប្រទេស​ កម្ពុជា ​កំពុងមាន​ការរីកចម្រើន​ជា​លំដាប់ ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​ក្នុង​ការឆ្លើយតប​តាម​គោលដៅ​ទឹកស្អាត​ និង​អនាម័យ​នៅឡើយ​។

អង្គការ​របស់​ UN ​មួយ​នេះ​បន្តថា កម្ពុជា​មាន​អត្រា​បន្ទោរបង់​ពាសវាល​ពាសកាល​ខ្ពស់បំផុត​ក្នុង​តំបន់ ដោយ​មាន​ប្រជាជន​ក្រីក្រ​រស់នៅ​តាម​ទីជនបទ​ចំនួន​ ៨ ​នាក់​ក្នុងចំណោម​ ១០ ​នាក់ ​បាន​បន្ទោរបង់​នៅតាម​ទីវាល ដូចជា​វាលស្រែ​ក្នុង​ទឹក​ ឬ​កន្លែង​ចំហ ជាជាង​ប្រើប្រាស់​បង្គន់​។ ការ​បន្ទោរបង់​មិន​ប្រើប្រាស់​បង្គន់​នេះ គឺជា​បុព្វហេតុ​ចម្បង​នៃ​ជំងឺ​របស់​កុមារ​រួមមាន ភាពក្រិន និង​ការ​ខ្សោយ​ខួរក្បាល​៕