មណ្ឌលគិរីៈ សសរថ្ម​បាសាល់​រាប់រយ​ដើម​ត្រូវ​ប្រទះឃើញ​ស្ថិត​នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​ដោយ​មន្ត្រី​អះអាង​ថា ថ្ម​ដែល​កើតចេញ​ពី​កម្អែ​ភ្នំភ្លើង​នេះ​មាន​អាយុកាល​ខ្ទង់​ ១ ​លាន​ឆ្នាំ​មកហើយ​។

លោក កែវ សុភ័ក្ដ្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ប្រភេទ​ថ្ម​បាសាល់​នេះ​ត្រូវ​បាន​មន្ត្រី​ក្រសួង​បរិស្ថាន​ប្រទះឃើញ​កាលពី​សប្ដាហ៍​មុន​។ លោក​បន្តថា សសរថ្ម​ស្ថិត​នៅក្នុង​​ដែនជម្រក​សត្វព្រៃ​កែវសីមា​នេះ​គឺ​ដូចគ្នា​ទៅនឹង​សសរថ្ម​ដែល​ត្រូវបាន​គេ​រកឃើញ​កាលពី​ខែ​មករា ស្ថិត​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​ក្នុងភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា​ដែល​ខាង​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួងបរិស្ថាន​វាយតម្លៃ​ថា គឺមាន​អាយុកាល​ខ្ទង់​ ១ ​លាន​ឆ្នាំ​មកហើយ​។

លោក​បន្តថា​៖ «​នៅ​មណ្ឌលគិរី​ទើប​រកឃើញ​ ២ ​កន្លែង​ហ្នឹង​ទេ​ហើយ​តាមពិត គឺ​គេ​ឃើញ​វា​រាល់ដង​ដែរ តែ​គេ​មិនសូវ​ចាប់អារម្មណ៍​។ ទីតាំង​ហ្នឹង​វា​នៅ​តំបន់​ស្នូល​នៃ​ដែន​ជម្រក​ដែល​យើង​ត្រូវការពារ​ជាប្រចាំ​»​។

លោក កែវ សុភ័ក្ដ្រ បាន​បញ្ជាក់ថា ទីតាំង​របស់​ថ្ម​ដែល​ស្ថិតក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​នេះ​គឺ​មិនមាន​ពលរដ្ឋ​អាច​ចេញចូល​បានឡើយ​។ លោក​លើក​ឡើង​ទៀតថា​ថ្ម​ទាំងនោះ​គឺ​មាន​ប្រវែង​ខុសៗ​គ្នា​គឺ​ចាប់ពី​ ១ ​ម៉ែត្រ​ទៅ​ដល់​ ៣ ​ម៉ែត្រ ដោយ​សសរ​ខ្លះ​គឺ​ស្ថិតនៅក្នុង​ដី​នៅ​ឡើយ ហើយ​មួយ​ចំនួន​ដែល​ផុស​ឡើងមក​លើដី​គឺ​អាច​ដោយសារ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​ដី​ហូរ​ច្រោះ​អស់​រាប់ពាន់​ឆ្នាំ​មកនេះ​។

កាលពី​ដើម​ខែ​មករា​កន្លង​ទៅ​ក្រុម​ជនជាតិដើម​ភាគតិច នៅ​ឃុំ​ប៊ូស្រា ក៏បាន​រកឃើញ​ទីតាំង​ដុះ​សសរថ្ម​ប្រភេទ​នេះ​នៅក្នុង​ដែន ជម្រក​សត្វ​ព្រៃភ្នំ​ណាមលៀរ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ពលរដ្ឋ​ប្រហែល​ ១០ ​គីឡូម៉ែត្រ​ និង​ពី​ព្រំដែន​វៀតណាម​ប្រហែល ៤០ ​គីឡូម៉ែត្រ​។ ជនជាតិដើម​ភាគតិច​អះអាង​ថា ថ្ម​ទាំងនោះ​ត្រូវ​បាន​គេ​ព្យាយាម​លួច​គាស់​ដើម្បី​ដឹក​យក​ទៅ​លក់​នៅក្នុង​ប្រទេស​វៀតណាម​។

ក្រោយពី​មានការ​លើកឡើង​ពី​ជនជាតិ​ដើម​ភាគតិច​នេះ ក្រសួង​បរិស្ថាន​ក៏បាន​ចាត់​មន្ត្រី​មួយក្រុម​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ដោយផ្ទាល់​នៅ​ទីតាំង​មាន​ដុះ​សសរថ្ម​ធម្មជាតិ​រាប់ពាន់​ដើម​នេះ​។ ក្រសួង​បាន​ចាប់ផ្ដើម​សិក្សា ដើម្បី​បង្កើត​ទៅជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​ឈ្មោះ​ «​ឡាំមេះ​» និង​អភិវឌ្ឍ​ទៅជា​តំបន់​អេកូទេសចរណ៍​នាពេល​ខាងមុខ​ក្រោយពី​ពិនិត្យ​ឃើញ​នៅ​ទីតាំង​ដុះ​ថ្ម​ទាំងនោះ​មាន​ទាំង​ដើមឈើ​ប្រភេទ​ប្រណីត​ដូចជា​ដើម​រកា ដើម​ជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើម​ឫស្សី និង​ឈើ​ផ្សេងទៀត រួមទាំង​សត្វព្រៃ​ជាច្រើន​ប្រភេទ ដូចជា ក្ដាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មាបា សត្វ​កេងកង ជាដើម​។

លោក គ្រើង តុលា សកម្មជន​ព្រៃឡង់​នៅ​ខេត្តមណ្ឌលគិរី​បាន​លើកឡើង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​គឺ​ប្រភេទ​ថ្ម​បាសាល់​នេះ​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ និង​ចិន​ត្រូវការ​ខ្លាំង​ដោយ​ក្នុង​ ១ ​ដើម​ដែលមាន​ទទឹង​ចាប់ពី​ ៤០ ​សង់ទីម៉ែត្រ និង​មាន​ប្រវែង​បណ្ដោយ​ ៣ ម៉ែត្រ​គឺ​អាច​លក់បាន​ក្នុង​តម្លៃ​ចាប់ពី​ ២ ​ទៅ​ដល់​ ៤ ​ពាន់​ដុល្លារ​។

លោក​ថា​៖ «​កាលពី​មុន​មាន​បទល្មើស​ព្រៃឈើ​ឥឡូវ​ដល់ពេល​ឈើ​កាប់​អស់ហើយ​ចូលដល់​ទន្ទ្រាន​យក​ដី​ម្ដង​រហូត​ធ្វើឱ្យ​រឿង​ដី​ហ្នឹង​ក្លាយ​ជា​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​។ ឥឡូវនេះ​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ឈ្មួញ​វៀតណាម​ និង​ចិន កំពុង​និយម​ចង់​បាន​ថ្ម​ហ្នឹង​។ អ៊ីចឹង​!​ខ្ញុំ​ចង់ឱ្យ​ក្រសួងបរិស្ថាន​ត្រូវ​មាន​វិធានការ​ដោយ​ភាពម៉ឺងម៉ាត់​ដោយ​ត្រូវមាន​ឆ្មាំ​អភិរក្ស​ឱ្យបាន​ត្រឹមត្រូវ​ និង​ត្រូវ​លើកទឹកចិត្ត​សហគមន៍​ការពារ​ព្រៃឈើ​ដែល​ចូលរួម​ការពារ​ថ្ម​ទាំងនេះ​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ថា សសរថ្ម​ទាំងនេះ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​អេកូទេសចរណ៍ និង​បេតិកភណ្ឌ ហើយ​ក្រសួង​កំពុង​បន្ត​សិក្សា​នៅ​ឡើយ​អំពី​ទីតាំង​ថ្ម​ទាំងនោះ ដើម្បី​រៀបចំ​ប្លង់​សម្រាប់​ការងារ​អភិរក្ស​ផង និង​រៀបចំ​ជា​តំបន់​ទេសចរណ៍​ផង​។

លោក​ថា​៖ «​ពីព្រោះ​ថ្ម​ទាំងអស់​មានតម្លៃ​សម្រាប់​ការសិក្សា​អំពី​ប្រវត្តិសាស្ដ្រ អំពី​ជីវចម្រុះ និង​អំពី​បេតិកភណ្ឌ​របស់​យើង​ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​អ៊ីចឹង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ហ្នឹង​គឺ​មិនមែន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ទេ ប៉ុន្តែ​ក៏​មាន​បេតិកភណ្ឌ​ប្រវត្តិសាស្ដ្រ​ផងដែរ ដែល​យើង​ត្រូវការពារ​»៕

វីដេអូ៖