ភ្នំពេញ: អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ (FUNCINPEC) ​លោក ណុប សុធារិទ្ធិ បាន​អះអាង​កាលពី​ម្សិលមិញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្មាន​គម្រោង​បង្រួបបង្រួម​គ្នា​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ទេ ដោយសារ​លក្ខន្តិកៈ​គណបក្ស​មិនមាន​ចែង ប៉ុន្ដែ​លោក​​ថា គណបក្ស​បាន​ស្វាគមន៍​សមាជិក​ពី​បក្ស​ផ្សេង​មក​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​ហ៊្វុនស៊ិនប៉ិច​។

លោក ណុប សុធារិទ្ធិ បាន​ថ្លែងថា​លោក ញឹក ប៊ុនឆៃ បាន​ទៅ​សួរ​សុខទុក្ខ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាធម្មតា​កាលពី​ថ្ងៃទី​ ១៣ ​កញ្ញា ប៉ុន្ដែ​មិន​បាន​និយាយ​អំពី​រឿង​បង្រួបបង្រួម​គណបក្ស​ឡើយ​។ រីឯ​សម្ដេចក្រុមព្រះ​ក៏​មិនមាន​បន្ទូល​ជុំវិញ​រឿងនេះ​ដែរ​។

លោក​បន្ត​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនមាន​ផែន​ការចង់​បង្រួបបង្រួម​ ឬ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​​ផ្សេងៗ​ទេ​ដោយសារ​ការបង្រួបបង្រួម​គ្នា​អាច​ធ្វើឲ្យ​មាន​ការពិបាក​ក្នុងការ​គ្រប់គ្រង​គណបក្ស និង​មាន​ការទាមទារ​ប្រយោជន៍​រៀងៗ​ខ្លួន​ដោយ​មិន​គិតគូរ​ពី​ផលប្រយោជន៍​រួម​ជា​ធំ​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​បើកចំហ​ចំពោះ​សមាជិក​មកពី​គណបក្ស​ផ្សេង​ដែល​ចង់​មក​ធ្វើ​ការតស៊ូ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​យើង​បាន​និង​កំពុង​ចាប់ផ្ដើម​ធ្វើ​កំណែទម្រង់​គ្រប់​ជ្រុងជ្រោយ​ចាប់ពី​ថ្នាក់មូលដ្ឋាន​រហូត​ដល់​ថ្នាក់ជាតិ ដើម្បី​ស្ដារ​មុខមាត់​យើង​ឡើងវិញ ហើយ​ពេល​នេះ​យើង​បាន​ស្គាល់​ពី​កម្លាំង​ពិត​ខ្លួនឯង​ច្បាស់​ណាស់ យើង​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​ចាប់ពី​ពេល​នេះ​តទៅ​»​។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លោក រុណ មាត្រា អ្នកនាំពាក្យ​គណបក្ស​កាលពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

ប៉ុន្ដែ​លោក ញឹក ប៊ុនឆៃ ត្រូវបាន​សារព័ត៌មាន​រស្មី​កម្ពុជា​ដកស្រង់​សម្ដី​កាលពី​ថ្ងៃទី​ ២១ ​កញ្ញា​ថា លោក​ពិតជា​បាន​ជួប​ជាមួយ​សម្តេច​ក្រុមព្រះ​នៅ​ដំណាក់​វាលស្បូវ​មែន ដោយ​ជំនួប​នោះ​បាន​ធ្វើឡើង​កាលពី​ ៣ ​ឬ​ ៤ ​ថ្ងៃ​មុននេះ​តាមរយៈ​ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ជា​អ្នក​ណាត់​ឲ្យ​មាន​ជំនួប​នេះ​។

លោក​បញ្ជាក់ថា​៖ «​សម្ដេចក្រុមព្រះ​ជា​អ្នកមាន​ព្រះរាជបន្ទូល​ចង់​បង្រួបបង្រួម​បក្ស​នៅពេល​ខ្ញុំ​ចូលជួប​ទ្រង់​កាលពី​ថ្ងៃមុន​តាមរយៈ​ម្ចាស់ក្សត្រី ​ម៉ារី រណឫទ្ធិ ប៉ុន្ដែ​សម្ដេច​ក្រុមព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​នៅ​រង់ចាំ​ជជែក​ជាមួយ​បុត្រា​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​នឹង​ត្រឡប់​ពី​ក្រៅ​ប្រទេស​វិញ​ជាមុន​សិន​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​នយោបាយ​បាន​លើកឡើង​ថា គណបក្ស​ទាំង​ ២ ​នេះ​បានប្រកាស​រួបរួម​គ្នា​ច្រើនលើក​មកហើយ ប៉ុន្ដែ​គេ​មិនទាន់​ឃើញ​មាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ទេ​។

លោក​បន្ត​ថា បច្ចុប្បន្ន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បាត់បង់​ប្រជាប្រិយភាព​ស្ទើរ​ទាំងស្រុង​ថែម​ទាំង​បម្រុង​លក់​ទាំង​ទីស្នាក់ការ​បក្ស​ចោល​ទៀត​។ រីឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ បាន​បង្កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្ដែ​មិនទាន់​មាន​អ្នកគាំទ្រ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​ «​ខ្ញុំ​ថា គណបក្ស​លោក ញឹក ប៊ុនឆៃ គួរ​រក​ដៃគូ​ផ្សេង​ដែល​មាន​គោលនយោបាយ​ប្រហែល​គ្នា​ទៅ ហើយ​រាជវង្ស​នៅក្នុង​បក្ស​ហ៊្វុនស៊ិនប៉ិច​គួរ​ឈប់​ធ្វើ​នយោបាយ​ទៅ​ធ្វើ​ការងារ​មនុស្សធម៌​ក្នុង​សង្គម​យើង​វិញ​ល្អ​ជាង​»​។

សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​បែកបាក់​គ្នា​កាលពី​ឆ្នាំ​ ២០០៦ ដោយ​លោក ញឹក ប៊ុនឆៃ នៅ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឯ​សម្ដេច​ក្រុមព្រះ​បាន​បង្កើត​គណបក្ស​ថ្មី​ជា​បន្តបន្ទាប់​ឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​សង្គមរាស្ត្រ​រាជាធិបតេយ្យ​។

ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០១៣ គឺ​នៅ​ឆ្នាំ​ ២០១៥ សម្ដេចក្រុមព្រះ និង​លោក ញឹក ប៊ុនឆៃ បាន​បង្រួបបង្រួម​គ្នា​ឡើងវិញ ដោយ​តែងតាំង​សម្ដេច​ក្រុមព្រះ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៦ លោក ញឹក ប៊ុនឆៃ បាន​បែក​ពី​សម្ដេចក្រុមព្រះ​ម្ដង​ទៀត​ទៅ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រហូត​ដល់​សព្វថ្ងៃ​នេះ​៕