ភ្នំពេញៈ បក្ស​កាន់អំណាច​អះអាង​ថា ខ្លួន​មិន​ខ្វល់​រឿង​សម្ពាធ​អន្តរជាតិ​ដែល​ចង់​ឲ្យ​មាន​ការ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ទេ ព្រោះ​ថា​ការសម្រេច​បែប​នេះ​គឺ​លុះត្រា​តែ​មាន​ការ​គាំទ្រ​ពី​មហាយក្ស​ចិន និង រុស្ស៊ី បើ​មិន​ដូច្នោះ​ទេ​គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ប៉ុន្តែ​អ្នក​វិភាគ​ថា ចិន រុស្ស៊ី អាច​នឹង​ពិបាក​ទប់ ប្រសិន​បើ​មាន​ចលនា​ពិភពលោក​ខ្លាំង​។

តាម​លទ្ធផល​ប្រជុំ​របស់​សភា​សហភាព​អឺរ៉ុប​កាលពី​សប្តាហ៍​មុន សមាជិក​សភា​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​មាន​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​ដែល​ពួកគេ​យល់​ថា​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​កំពុង​ដើរ​ថយ​ក្រោយ និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នោះ​។

សភាសហភាព​អឺរ៉ុប ​បាន​ប្រជុំ​សម្រេច​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នូវ​លក្ខខណ្ឌ​ជាច្រើន​ចំណុច​ដូចជា​ចង់​ឲ្យ​មាន​ការបិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (Everything But Arms, EBA) ​និង​ជំនួយ​...​ជាដើម​។

ប៉ុន្តែ​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ការព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​នៅ​ទំនេរ និង ទណ្ឌកម្ម​តាមរយៈ​បង្កក​ទ្រព្យសម្បតិ្ត​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហាម​មិន​ឲ្យ​ពួកគេ​ចូល​ទឹកដី​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។

ជាមួយ​នឹង​លក្ខខណ្ឌ​នៃ​ការដាក់​សម្ពាធ​នេះ​សភា​អឺរ៉ុប​ទុក​ពេល​ ៣ ​ខែ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ហ៊ុន សែន ស្តារ​ស្ថានភាព​ឲ្យ​មាន​ភាពប្រក្រតី​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ​ជម្រើស​ចុងក្រោយ​កម្ពុជា​នឹង​ទទួល​រង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​លោក​ សុខ ឥសាន អះអាង​ថា​លទ្ធភាព​ក្នុង​ការ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ ​នោះ​ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ដរាប​ណា​មិន​មាន​ការយល់​ព្រម​ពី​ប្រទេស ​ចិន និង ​រុស្ស៊ី​ ហើយ​ថា​ ការសម្រេច​ផ្សេងៗ​របស់​សភា​អឺរ៉ុប​មក​លើ​កម្ពុជា​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ ពីព្រោះ​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា​មិន​អាច​រំលោភ​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ទេ ហើយ​មិនមែន​ដូច​ក្នុង​សម័យ​ខ្មែរក្រហម និង​ លន់ នល់ នោះ​ដែរ​។

លោក​ សុខ ឥសាន ថ្លែង​ថា​៖ «​អត់​មាន​ធ្វើ​កើត​ទេ ហើយ​ប្រសិន​ណា​ជា​មាន​ការរំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​គឺ​ត្រូវ​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​កោះប្រជុំ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​។ មិនមែន​ភ្លាម​អង្គការ​សហប្រជាជាតិ​ព្យួរ​អាសនៈ​កម្ពុជា​មិន​បាន​ទេ​»​។

លោក​ ឥសាន បញ្ជាក់​ថា​៖ «​លទ្ធភាព​ [​ព្យួរ​អាសនៈ​] ​អត់​បាន​ហ្នឹង​ក្នុង​សមាជិក​ ២ ​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​ ២ ​រួច​ទៅ​ហើយ​ដែល​យើង​មើល​ឃើញ​ច្បាស់​ហ្នឹង​ [​ថា​ពួកគេ​] ​វេតូ​ [​គឺ​] រុស្ស៊ី និង​ចិន​»​។

ទាក់ទង​នឹង​ការដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​លោក​ សុខ ឥសាន ថា​នេះ​ជា​រឿង​ផ្ទៃក្នុង និង​សិទ្ធិ​របស់​អឺរ៉ុប ឬ​ក៏​សហរដ្ឋអាមេរិក ដែល​ចង់​ដាក់​ទណ្ឌកម្ម​ដោយ​លោក​ថា​នេះ​គ្រាន់​តែ​មាន​ចរិត​នយោបាយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ​ព្រោះ​មិន​មាន​មន្ត្រី​ណា​មាន​ទ្រព្យសម្បត្តិ​ទុក​នៅ​ក្រៅ​ប្រទេស​ ឬ​ពួកគេ​ចង់​ទៅ​ក្រៅ​ប្រទេស​នោះ​ដែរ​។

ឯការ​ចរចា​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង លោក​ សុខ ឥសាន បញ្ជាក់​ថា​នៅ​តែ​ថា​មិន​អាច​ទៅ​រួច​ឡើយ មាន​តែ​ការអនុវត្ត​ច្បាប់​ស្រប​តាម​នីតិរដ្ឋ ហើយ​ម្យ៉ាង​ទៀត​អតីត​បក្សប្រឆាំង​មិន​មាន​រចនាសម្ព័ន្ធ​ដែល​ត្រូវ​ចរចា​ទេ​ដោយ​ហេតុ​ថា​បក្ស​នេះ​បាន​បាត់​ពី​បញ្ជី​ឈ្មោះ​ទៅ​ហើយ​។

ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នកវិភាគ​លោក​ សុខ ទូច និង​លោក​ មាស នី នៅតែ​មាន​ឆន្ទៈ​ចង់​ឲ្យ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​វិល​រក​តុ​ចរចា​។

ប៉ុន្តែ​លោក​ សុខ ទូច ដែល​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ផង​នោះ​ថ្លែង​ថា កម្ពុជា​ត្រូវ​តែ​តស៊ូ​រស់​ដោយ​មិន​ចាំបាច់​ពឹង​លើ​ទីផ្សារ​អឺរ៉ុប ប្រសិន​បើ​មាន​ការ​បិទ​ទីផ្សារ​សម្រាប់​កម្ពុជា​ព្រោះ​កម្ពុជា​មាន​ទីផ្សារ​ច្រើន​ណាស់​ជាមួយ​ចិន ដែល​មាន​ប្រជាជន​ជាង​ ១ ​ពាន់​លាន​នាក់​នោះ​។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​នយោបាយ​លោក​ សុខ ទូច ហៅ​ការព្រមាន​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ថា​ជា​រលក​នយោបាយ ដោយសារ​តែ​កម្ពុជា​ត្រូវការ​ទីផ្សារ​អឺរ៉ុប ហើយ​ថា ប្រសិន​បើ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ព្យួរ​មែន​នោះ​គឺជា​រឿង​ចម្លែក​ណាស់​សម្រាប់​កម្ពុជា ដោយ​លោក​សំដៅ​ទៅ​របប​ខ្មែរក្រហម​ដែល​សម្លាប់​មនុស្ស​រង្គាល​នោះ ចុះ​ហេតុ​អ្វី​កៅអី​របស់​ខ្មែរក្រហម​នៅ​តែ​រក្សាទុក​នៅ​អង្គការ​សហប្រជាជាតិ​។

លោក​ សុខ ទូច ថ្លែង​ថា៖ «​អ៊ីចឹង​កុំ​ឲ្យ​អឺរ៉ុប​អនុម័ត​អី​ទៅ​ជាន់​ប្រវត្តិសាស្ត្រ​ដើម ទុក​ឲ្យ​កម្ពុជា​ជា​អ្នកសម្រេច​ចិត្ត​។ ខ្ញុំ​ជឿជាក់​ថា​អឺរ៉ុប​ចំណុច​រួម [​មើល​] ​ឃើញ​ទេរ​វាង​អ្នក​នយោបាយ​នោះ​។ [​លោក​] ​កឹម សុខា ក៏​បាន​ចេញ​មក​ដែរ​ហើយ សំខាន់ ថា តើ​អ្នក​នយោបាយ​ខ្មែរ​នៅ​អង្គុយ​ចរចា​គ្នា​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​ទីផ្សារ​ច្រើន​ណាស់ យើង​បង្កើត​ទីផ្សារ​សម្រាប់​ចិន​បាន យើង​មាន​ជប៉ុន យើង​មាន​កូរ៉េ​ខាង​ត្បូង​យើង​មាន​រុស្ស៊ី យើង​មាន​ឥណ្ឌា​។ រឿង​អី​ដែល​យើង​ត្រូវ​បារម្ភ យើង​ត្រូវ​ឈរ​លើ​ជំហរ​ហ្នឹង​»​។

ដោយឡែក​អ្នក​ស្រាវជ្រាវ​កិច្ចការ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​លោក​ មាស នី មាន​ប្រសាសន៍​ថា​ពេល​នេះ​កម្ពុជា​ដែល​ហាក់​ដូចជា​ដើរ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​គឺ​ដោយសារ​កម្ពុជា​ងាក​ចេញ​ពី​អាមេរិក ហើយ​បែរ​ទៅ​អោប​ចិន​ដោយ​លោក​ថា​វា​មាន​ភាព​ឆ្គង​នឹង​រដ្ឋធម្មនុញ្ញ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​មាន​ពហុបក្ស ប៉ុន្តែ​រដ្ឋាភិបាល​ឯកបក្ស​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ មាស នី ថ្លែង​ថា​៖ «​ដល់​អ៊ីចឹង​ទៅ​វា​ធ្វើឲ្យ​ការស្វែងរក​មធ្យោបាយ​ដើម្បី​គាំទ្រ​ពី​អន្តរជាតិ​ហ្នឹង​វា​មាន​ភាពលំបាក​ច្រើន​ជាង​មុន ហើយ​ប្រសិន​ជា​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ជម្នះ ខ្ញុំ​គិត​ថា​វា​ជា​រឿង​គួរ​ឲ្យ​អាណិត​មួយ​សម្រាប់​ប្រទេស​ជាតិ​យើង​។ បើសិន​ជា​គេ​វិល​ទៅ​រក​មើល​ឯកសារ​ដើម​អ្វី​ដែល​ជា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​វិញ យើង​មាន​ការ​ពិបាក សូម្បី​តែ​ចិន និង​រុស្ស៊ី​ខ្លួនឯង​ដែល​ចុះហត្ថលេខា​នៅ​លើ​កិច្ចព្រមព្រៀង​ហ្នឹង​ក៏​មាន​ការពិបាក​ដែរ​បើសិន​ជា​មាន​ចរន្ត​ពិភពលោក​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​នៅ​តែ​រក្សា​ជំហរ​ថា​មាន​តែ​ការនិយាយ​គ្នា​​រវាង​ខ្មែរ និង​ខ្មែរ​។ ប្រសិន​ជា​អ្នកដឹកនាំ​ណា​មួយ​ចង់​ក្លាយ​ខ្លួន​ជា​វីរជន​ដែល​មាន​គេ​សរសើរ​រាប់​ជំនាន់​តទៅ​ទៀត​មាន​តែ​ការ​ផ្សះផ្សា​ជាតិ​ទេ​។ នេះ​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​ទេ​បើ​គេ​ថា​អត់​ [​បក្ស​ង្គ្រោះ​ជាតិ​] ​វា​អត់​ហើយ តែ​បើ​គេ​ថា​មាន​ [​បក្ស​សង្គ្រោះជាតិ​] ​មាន​មក​វិញ​ហើយ​»​។

ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ដែល​បក្ស​កាន់អំណាច​ឈ្នះ​កាន់កាប់​អាសនៈ​ទាំងអស់ ​១២៥ ​ក្នុង​សភា​ត្រូវ​បាន​ប្រទេស​លោក​ សេរី ​ចាត់​ទុក​ជា​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ដោយសារ​តែ​ការបោះឆ្នោត​នោះ​ហាម​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​៕