
ជនរងគ្រោះរួមទាំងម៉ូតូ ត្រូវបានរថយន្តដឹកដីធុនធ្ងន់បុកកិនស្លាប់នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ កាលពីម្សិលមិញ។ រូបថត ប៉ូលិស
ភ្នំពេញ៖ មន្រ្តីនគរបាលខណ្ឌដង្កោមួយរូប ត្រូវបានរថយន្តដឹកដីធុនធ្ងន់បុកកិនស្លាប់នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ នៅពេលដែលមន្រ្តីរូបនេះ ធ្វើដំណើរដោយម៉ូតូត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបំពេញការងារក្នុងអំឡុងពេលបិទខ្ទប់។
អធិការនគរបាលខណ្ឌដង្កោ លោក ជីម ស៊ីថា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី ១ ខែឧសភា វេលាម៉ោងជាង ៨ យប់ នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលមន្រ្តីឈ្មោះ ម៉ៅ ចាន់នូ មានតួនាទីកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានជិះម៉ូតូដឹកប្រពន្ធកូនត្រឡប់ទៅផ្ទះ។
លោកថា៖ «គាត់បំពេញការងារចប់ហើយនៅវាលស្បូវ ហើយគាត់ដឹកប្រពន្ធកូនត្រឡប់ទៅផ្ទះវិញ នៅរង្វង់មូលកួរស្រូវ ក៏បានជួបគ្រោះថ្នាក់នៅម្តុំស្តុប Mercedes បណ្តាលឱ្យស្លាប់នៅកន្លែងភ្លាមៗ»។
លោកបន្តថា ចំណែកជនបង្កដែលជាតៃកុងឡានបើករថយន្តដឹកដីគ្មានស្លាកលេខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមលោក ជីម ស៊ីថា ជនរងគ្រោះមន្រ្តីនគរបាលរូបនេះ មានអាយុ ២៧ ឆ្នាំ បានបំពេញការងារយ៉ាងសកម្ម និងបានចូលបម្រើការងារជាមន្រ្តីនគរបាលខណ្ឌដង្កោរយៈពេល ៨ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០១៣ នៅផ្នែកអន្តរាគមន៍ពិសេស។
ចំណែកប្រពន្ធ និងកូនរបស់ជនរងគ្រោះដែលរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
អ្នកធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ តែងតែសម្តែងការព្រួយបារម្ភពីសុវត្ថិភាព ខណៈដែលឡានដឹកដីបើកបរទៅមកគគ្រឹកគគ្រេងតាមផ្លូវនេះ តែងតែបើកក្នុងល្បឿនលឿនៗ សូម្បីតែនៅត្រង់ផ្លូវបំបែកកន្លែងភ្លើងស្តុបក៏ស្ទើរតែមិនបន្ថយល្បឿនដែរ ដែលដូច្នេះហើយទើបតែងតែបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ជាញឹកញាប់។
តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ដោយគិតពីម៉ោង ១៤:00 ថ្ងៃទី ១ ឧសភា ដល់ម៉ោង ១៤:០០ ថ្ងៃទី ២ ឧសភា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ ០៦ នាក់ ក្នុងនោះរបួសធ្ងន់ ៥ នាក់ (ស្រី ៤ នាក់) និងរបួសស្រាល ៤ នាក់៕