ភ្នំពេញ: មន្ត្រីនគរបាល​ចូលនិវត្តន៍​ និង​មន្ត្រីនគរបាល​ជាប់​កិច្ចសន្យា​សរុប​ចំនួន ៦ ​នាក់ ​ត្រូវ​បាន​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដាក់​ពិន័យ​ដោយ​ព្យួរការងារ​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ដើរ​លក់​បំពង់​អគ្គិភ័យ​ឱ្យ​ប្រជាពលរដ្ឋ​ខុសពី​ការណែនាំ​របស់​ថ្នាក់លើ​។

មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ៦ ​នាក់ ​កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា បាន​នាំគ្នា​បើកបរ​រថយន្ត និង​ម៉ូតូ​ដើរ​លក់​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​ភូមិ​ព្រែកតាពៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ហើយ​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​មូលដ្ឋាន​នោះ​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​មន្ត្រីនគរបាល​ផ្នែក​បង្ការ​ពន្លត់​អគ្គិភ័យ​នៅ​រាជធានី​ភ្នំពេញ​មក​លក់​បំពង់​ពន្លត់​អគ្គិភ័យ​ខុសពី​ការណែនាំ​របស់​ថ្នាក់លើ ទើប​សមត្ថកិច្ច​បាន​កោះហៅ​ទៅ​សាកសួរ​។

លោក ស ថេត បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រីនគរបាល​ទាំង​ ៦ ​នាក់​នេះ ​ត្រូវបាន​អង្គភាព​ជំនាញ​នឹង​ធ្វើការ​ដាក់​ពិន័យ​តាមច្បាប់​ស្ដីពី​កងកម្លាំង​ប្រដាប់អាវុធ ប៉ុន្ដែ​ពួកគាត់​មិនទាន់​មាន​ទោស​ចាត់​ចូលក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ឡើយ ដោយ​ពួកគាត់​គ្រាន់តែ​មិន​គោរព​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​សាកសួរ​ពួកគាត់​នៅឡើយ ហើយ​ពួកគាត់​នឹង​ទទួល​ការផាកពិន័យ​តាមច្បាប់​ស្ដីពី​កងកម្លាំង​យើង​។ ពួកគាត់​ដើរ​លក់ ឬ​ធ្វើ​សកម្មភាព​នេះ​មិនមែន​តែម្ដង​ទេ​គឺ​ប្រព្រឹត្ត​ច្រើន​លើក​មកហើយ អ៊ីចឹង​លើក​ចុងក្រោយ​នេះ យើង​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​យើង​»​។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ​បាន​កោះហៅ​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​ចំនួន ៦ ​នាក់ នោះ​ទៅ​សាកសួរ​តាម​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​ទាំង ៦ ​នាក់​នេះ គឺ​មិន​ទាន់​មានទោស​ទាក់ទង​បទល្មើស​ព្រហ្មទណ្ឌ​ទេ​គឺ​ពួកគាត់​គ្រាន់តែ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ហើយ​ធ្វើ​សកម្មភាព​ហួស​ដែនកំណត់​ថែមទៀត​។ ដូច្នេះ​ខាង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​កោះហៅ​គាត់​ទៅ​សាកសួរ​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​គេ​សម្រេច​បែប​ណា​ទេ​»​។

លោក វន្ថា លើកទឹកចិត្ត​ឱ្យ​មន្ត្រី​នគរបាល​ពាក់ព័ន្ធ​កិច្ចការ​អគ្គិភ័យ​ទាំងអស់​ចុះ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​របស់​ពួកគាត់ ដើម្បី​ឱ្យ​ពួកគាត់​ចូលរួម​ទប់ស្កាត់​បញ្ហា​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ប៉ុន្ដែ​លោក​មិន​លើកទឹកចិត្ត​មន្ត្រី​នគរបាល​លក់​បំពង់​អគ្គិភ័យ​ឱ្យ​ពលរដ្ឋ និង​មិន​គោរព​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ទេ​។

បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹងថា មន្ត្រីនគរបាល​ទាំង​ ៦ ​នាក់​នោះ រួមមាន ទី​១- ​លោក​អនុសេនីយ៍ឯក ហែម ហ៊ុំ អត្តលេខ​ ៣១៥៦១ ជា​មន្ត្រី​ចូលនិវត្តន៍ ទី​២- ​លោក​អនុសេនីយ៍ទោ ឌួង ចាន់សិត្យា ឋានៈ​ជា​មន្ត្រី ទី​៣- ​លោក សាន វឌ្ឍន: ជា​មន្ត្រី​ជាប់កិច្ចសន្យា​ (​អ្នកបើកបរ​) ទី៤- ​លោក ហៀក វិរ:សាក ជា​មន្ត្រី​ជាប់កិច្ចសន្យា ទី​៥- ​លោក ថោង ថាន់ ជា​មន្ត្រី​ជាប់កិច្ចសន្យា និង​ទី​៦- ​លោក ដែក សម្បត្តិ ជា​មន្ត្រី​ជាប់កិច្ចសន្យា​៕