ភ្នំពេញៈ មន្ត្រី​ន​គរ​បាល​ចរា​ចរណ៍​ជា​ន់​ខ្ពស់​រាជ​ធានី​ភ្នំពេញ​ ២ រូប​ ត្រូវ​បាន​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ទម្លាយ​ប្រាប់​បណ្ដាញ​សា​​រ​ព័ត៌​មាន​ក្នុង​ស្រុក​តាម​រយៈ​លិខិត​អនា​មិក​មួយ​ច្បាប់​ថា​ ​បាន​យក​លុយ​ដាក់​ខែ​ពី​ក្រុម​ហ៊ុន​រថយន្ត​ដឹក​ជញូន​ធុន​ធ្ងន់​មួយ​ចំនួន ជា​ថ្នូរ​ក្នុង​ការ​ជួយ​អន្ត​រាគមន៍​ ​ពេល​មាន​ករណី​បង្ក្រាប​ចាប់​ដោយ​មន្ត្រី​ជំនាញ ​ពេល​រថយន្ត​ទាំង​នោះ​ចូល​ក្នុង​ទី​ក្រុង​ខុស​ពេល​វេលា​ ​ប៉ុន្តែ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ទាំង​ ២ នោះ​បាន​បដិសេធ។​

លិខិត​អនា​មិក​នោះ ​បាន​សរសេរ​ថា​ ​លោក​ ​ចេវ​ ហាក់​ ​ស្នង​ការរង​រាជ​ធានី​ភ្នំពេញ​ទទួល​បន្ទុក​ផែន​ចរាច​រ​ណ៍​ផ្លូវ​គោក​ និងលោក​ ​សែម​ ​គុន្ធា​ ​ប្រធាន​ការិ​យាល័យ​​នគរ​បាល​ចរាចរ​ណ៍​ផ្លូ​វគោក​រាជ​ធានី​ភ្នំ​ពេ​ញ​ ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​ចោទ​ប្រកាន់​ថា បាន​ទទួ​ល​ប្រាក់​​ពី​ ៥០០​ ដុល្លារ​ទៅ ​១ ០០០ ​ដុល្លារ​ ​ក្នុង ​១ ខែៗ ​ ​ពី​ក្រុម​ហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​មួយ​ចំនួន​ ជា​ថ្នូរក្នុង​ការ​ជួយ​អន្ត​រាគមន៍​ដំណោះស្រាយ​ពេល​មាន​ករណី​បង្ក្រាប​ចាប់​ពី​ក្រុម​មន្ត្រី​នគរ​បាល​ចរា​រណ៍​ម្ដងៗ។​ ​

​លិខិត​នោះ​បាន​បញ្ជាក់​ថា​៖ ​«​រថ​យន្ត​ធំៗ​របស់​ក្រុម​ហ៊ុន​ដែល​បាន​បង់​លុយ​ប្រចាំ​ខែ​ ទៅ​ឲ្យ​មេន​គ​រ​បាល​ច​រាច​រណ៍ទាំ​ង ២ ​នា​ក់​ខាង​លើ​នេះ ​មាន​បិទ​ស្ទីក​គ័រ​អក្សរ ​PN​ និង​ KT​ នៅ​លើ​កញ្ចក់​រថ​យន្ត​។​ ​កន្លង​មក ​មាន​ការអ​ន្តរា​គមន៍​ឲ្យ​ដោះ​លែង​រថ​យន្ត​ធំៗ​ដែល​មាន​ស្លាក​សញ្ញា​ទាំង​នេះ​ភ្លាមៗ​ ​ក្រោយ​ពី​យើង​ខ្ញុំចាប់​ឃាត់​ក្នុង​ករណី​បើក​​ចូលក្នុ​ងរាជ​ធានី​ភ្នំពេ​ញ​ខុស​ពេល​វេលា​ និង​តម្រាយ​ផ្លូ​វ​»​។​

​​លោក​ ​ចេវ​ ​ហាក់ ​និង​​លោក​ ​សែម​ គន្ធា​ ​កាល​ពី​ថ្ងៃ​ទី​ ១៤ កក្កដា​ ឆ្នាំ ២០១៩ ​បាន​បដិសេ​ធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ និង​​ចាត់​ទុក​របាយ​ការណ៍​ព័ត៌​មាន​នៅ​ក្នុង​លិខិត​អនាមិ​ក​នោះ​ថា​ជា​ «​ព័ត៌​មាន​មិន​ពិត»​ និង​មាន​ចេត​នា​ញុះញង់​បំ​បែក​បំបាក់​សាម​គ្គី​ផ្ទៃ​ក្នុង​របស់​មន្ត្រីរាជការ។​ ​​

លោក​​សែម​ ​គន្ធា​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៤ កក្ក​ដា​ ថា​ ​ដើម្បី​បញ្ចៀស​ភាព​កក​ស្ទះ​និង​គ្រោះ​ថ្នាក់​ចរា​ច​រណ៍​ក្នុង​​រាជ​ធានី​ភ្នំពេញ​ ​រថ​យន្ត​ដឹក​ទំនិញ​ធំៗ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូ​ល​ក្រុង​ចាប់​ពី​ម៉ោង​ ៦:០០ ​ព្រឹក​រហូត​ដល់​ ៨:០០​ យប់។​ ជា​មួយ​គ្នា​នេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ក៏​បាន​កំណត់​តម្រាយ​ផ្លូវ​មួយ​ចំនួន​ផង​ដែរ​ សម្រាប់​រថ​យន្ត​ធំៗ ​ឆ្លង​កាត់​ក្នុង​ចន្លោះ​ម៉ោង​​ដែល​ត្រូវ​បាន​ហាម​ឃាត់​នេះ​ ​ប៉ុន្តែ​កន្លង​មក​ ​មាន​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​មួយ​ចំនួន​បាន​បំពាន​ទៅ​នឹង​បម្រាម​នេះ។

​លោក​បាន​បញ្ជាក់​ថា​៖​ «​ក​ន្លង​មក​ (​ពី​ខែ​ម​ក​រាដ​ល់​ខែ​ឧ​សភា ​ឆ្នាំ ២០១៩​)​ នេះ​ រថយន្ត​ដឹក​ទំនិញ​ធំៗ​ដែល​បាន​បំពាន​ទៅ​នឹង​បម្រាម​នេះ​ប្រមាណ​ពី ​៣ ០​​៤០ គ្រឿង​ ក្នុង​ ១ ​ថ្ងៃ​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ចរា​ចរណ៍​យើង​បង្ក្រាប​ចាប់​ផាក​ពិន័យ»។​

លោក​បាន​បន្ថែ​ម​ថា​ ​ពិសេស​ក្នុង​រយៈ​ពេល​ ២ ​ខែ​ចុង​ក្រោយ​នេះ បទ​ល្មើស​រថ​យន្ត​ធំៗ​ចូ​ល​ក្រុង​គឺ​មាន​នៅ​សល់​តែ​ ៣៤​ ករណី​ប៉ុណ្ណោះ។​​​

​លោក គន្ធា ​ថ្លែង​ថា​៖​ «​ទោះ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​មិន​ដឹង​ថា ​លិខិត​អនា​មិក​ដែល​បាន​ប្ដឹង​ ឬ​រាយ​ការណ៍​ទៅ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដោយ​ចោទ​ប្រកាន់​យើង​ខ្ញុំ​ជា​ថ្នាក់​ដឹក​នាំ​នោះ ​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​នគរ​បាល​ចរា​ចរ​ណ៍យើ​​ង​ខ្ញុំ​ ឬ​មួយ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​មិន​ឆ្លុះ​បញ្ចាំង​ពី​កា​រ​ពិត​ដែល​យើង​ខ្ញុំ​កំពុង​ប្រឹង​ប្រែង​អនុវត្ត​ការ​ងារ​នៅ​ពេល​នេះ​ឡើយ។ ​ខ្ញុំ​យល់​ថា​ វាជា​របាយ​ការ​ណ៍​មួយ​ដែ​ល​មាន​លក្ខណៈ​ញុះញង់​បំបែក​បំបាក់​សាម​គ្គី​ផ្ទៃ​ក្នុង​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​យើង​ខ្ញុំ»។​​​​

​លោក​ ​ចេវ​ ​ហាក់​ ​ស្នង​ការ​រង​រាជ​ធានី​ភ្នំពេញ​ ​ទទួល​បន្ទុក​ផែន​ចរា​ចរណ៍​ផ្លូ​វគោក​ លើក​ឡើង​ស្រដៀង​គ្នា​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កន្លង​មក​មាន​មន្ត្រី​នគរ​បាល​មួយ​ចំនួន​បាន​រង​ការ​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ជា​មន្ត្រី​នគ​រ​បាល​ចរាច​រ​ណ៍​​ផង​ដែរ​ ​នៅ​ពេល​ថ្នាក់​លើ​រក​ឃើញ​អំពី​កំហុស​ ​ទទួល​លុយ​ពី​ប្រជា​ពល​រដ្ឋ​ដោយ​មិន​ចេញ​វិក្កយ​បត្រ​ផាក​ពិន័យ។

​លោក​ ចេវ ហាក់ បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖​ «​បើ​សិន​ជា​ពួក​គេ​ដឹង​ច្បាស់​ថា​យើង​ខ្ញុំ​ជាថ្នាក់​ដឹក​នាំ​ប្រព្រឹត្ត​ល្មើស​ច្បាប់​មែន​នោះ ​ពួក​គេ​គួរ​តែ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ ​ដើម្បី​មាន​ចំណាត់​ការ​ស្រាវ​ជ្រាវ​តាម​ផ្លូវ​ច្បាប់​ទើប​ជា​កា​រប្រសើ​រ​ មិ​ន​គួរ​សរសេរ​លិខិត​អនាមិក​បរិហារ​បែប​នេះ​ឡើយ»។

លោក​ វ៉ន​ ពៅ​ ប្រធាន​សមា​គម​ប្រ​ជា​​ធិប​តេយ្យ​ឯ​ក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័ន្ធ​​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​ករណី​ការ​ជួយ​អន្តរាគមន៍​រវាង​អាជ្ញា​ធរ​និង​អ្នក​មាន​លុយ​​ជា​ថ្នូរ​ ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រ​កាន់​តាម​ផ្លូវ​ច្បាប់​ណា​មួយ​គឺ​ជា​វប្ប​ធម៌​មួយ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​ជាយូរ​មកហើយ​ដូ​ច្នេះ​ហើយ​ទើប​មាន​បណ្ដឹង​អនាមិក។​

​លោ​ក​ ពៅ​ ថ្លែង​ថា​៖​​ «​ខ្ញុំ​គិត​ថា​ស្ថាប័ន​ពាក់​ព័ន្ធរបស់​រដ្ឋា​ភិបាល​គប្បីបើក​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ការ​ពិត​នៅ​ពេល​មាន​បណ្ដឹង​អនា​មិក​បែប​នេះ​ ដែល​កើត​ចេញ​ពី​មន្ត្រី​ក្រោម​ឱវាទ»៕​