ភ្នំពេញៈ មន្ត្រី​នគរបាល​ម្នាក់​ដែលស្ថិត​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត ​និងបាន​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន ​ក្រោយពី​ជននេះ​ដក​កាំភ្លើង​បាញ់រះ ៥ គ្រាប់ ​ទៅលើ​រថ​យន្ត​ពលរដ្ឋ​ ១ គ្រឿង​ កាលពី​សប្តាហ៍​មុន។

លោក​វរសេនីយ៍ទោ​ ឌួង ណាគ្រី ​អនុប្រធាន​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ កាលពី​រំលង​អ្រធាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២ ​ឧសភា ​ដែលលោក​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ​បាន​ដក​កាំភ្លើង​បាញ់​ចំនួន ៥ គ្រាប់​ទៅលើ​រថយន្ត​ប្តី​ប្រពន្ធ​ ២​ នាក់​ ក្នុង​អំឡុងពេល​ធ្វើដំណើរ​ស្របគ្នា​នៅ​សង្កាត់​ច្បារ​អំពៅ​ទី ១ ​ខណ្ឌ​ច្បារអំពៅ។

ពាក់ព័ន្ធនឹង​ការប្រព្រឹត្ត​កំហុស​​នេះ ​លោក​វរសេនីយ៍ទោ​ ឌួង ណាគ្រី​ ក៏ត្រូវ​បាន​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក​ នេត សាវឿន ​បញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង ​និង​មាន​ការ​សម្របសម្រួល​ជាមួយ​ភាគី​ជនរងគ្រោះ​ ដោយ​ការ​សុំ​ទោស​ និង​សង​សំណង​ដែល​ជា​សំណង​​រដ្ឋប្ប​វេណី។

លោក​ លី សុផាន់ណា​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹងថា​៖ «តំណាង​អយ្យការ​បាន សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទ​ប្រកាប់​ពីបទ ​ប៉ុនប៉ង​មនុស្សឃាត​ និង​ប្រើប្រាស់​អាវុធ​ដោយ​មិន​មាន​ការ​អនុញ្ញាត»។

ជាមួយនឹង​ការចោទប្រកាន់​នេះ​ នៅ​រសៀល​ថ្ងៃទី ៤ ​ខែ​ ឧសភា ​តុលាការ​រាជធានី​ភ្នំពេញ ​ក៏បាន​បញ្ជូន​មន្ត្រីនគរបាល​លោក​ ឌួង ណាគ្រី ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ​រង់ចាំ​នីតិវិធី​បន្ត​ផងដែរ។ នេះ​បើតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ ចេញ​ដោយ ​លោក ​ពេជ្រ វិជ្ជាធរ ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង។

យោងតាម​មាត្រា ២៧​ និង​មាត្រា​ ១៩៩ បទ​ «ប៉ុនប៉ង​មនុស្សឃាត» នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ គឺលោក​វរសេនីយ៍ទោ​ ឌួង ណា​គ្រី ​អាច​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​ចន្លោះ​ពី ១០ ឆ្នាំ​ទៅ ១៥ ឆ្នាំ។ ​

មាត្រា ២០​ ប្រើ​ប្រាស់​អាវុធ​ដោយ​មិនមាន​ការអនុញ្ញាត ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​ និង​គ្រាប់​រំសេវ គឺ​ជនសង្ស័យ​អាច​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦ ខែ ​ដល់​ ២ ឆ្នាំ ​និង​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​​ ប្រាក់​ពី ៥០ ម៉ឺនរៀល​ដល់ ​២​ លានរៀល ​បើ​តុលាការ​សម្រេច​ថា ​មាន​ទោស។

លោក ស៊ឹង សែន​ករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្សអា​ដហុដ ​និយាយ​​ថា ​ចំណាត់ការ​នេះ​ បើ​កុំ​តែ​មាន​ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម ​ម្ល៉េះ​ជនសង្ស័យ​ជាម​ន្ត្រី​​ប៉ូលិស​រូប​នេះ​ អាច​រស់​នៅ​ក្រៅ​សំណាញ់​​ច្បាប់ ​ដោយ​គ្រាន់តែ​ផ្តល់​សំណង​រដ្ឋប្បវេណី​ទៅ​ជនរងគ្រោះ​ជា​ការ​បញ្ចប់​រឿង​បាត់​ទៅ​ហើយ។

លោក ករុណា បន្តថា ​វាគឺជា​បញ្ហា​និទ្ទណ្ឌ​ភាព​ ដែល​​តែង​ឃើញ​មាន​ជា​បន្តបន្ទាប់ក្នុង​សង្គម​កម្ពុជា ​ហើយ​នៅពេល​កើតឡើង​ គឺ​ពុំ​មាន​ចំណាត់ការ​នោះទេ ​ដោយ​រង់ចាំ​បញ្ជា​ពី​ថា្នក់​លើ ​ឬ​មតិ​រះ​គន់​ច្រើន ​ទើប​មាន​ចំណាត់ការ។

លោក​ថា​៖ ​«ករណី​ដែល​​កើត​មាន​ហើយ ​យើង​មិន​គួរប្រើ​វប្បធម៌ ​ចាំ​បញ្ជា​ពី​ថ្នាក់លើ​អី​ទេ​ យើង​គួរតែមាន​យន្តការ​ទៅតាម​ផ្លូវច្បាប់ ​ដែល​មាន​ជាធរមាន​ទៅ ​ព្រោះ​បើ​មិន​អ៊ីចឹ​ង​ទេ ​យើង​នឹង​ទទួលរង​ការ​​រិះ​គន់​ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​របស់​យើង​មាន​និទ្ទណ្ឌភាព»។

លោក​បន្ថែមថា​៖ «បញ្ហា​នេះ ​យើង​គួរតែមាន​ការកែទម្រង់ ​ឲ្យ​ច្បាស់​ទៅលើ​មន្ត្រី​អនុវត្ត​ច្បាប់​ អស់ហ្នឹង ​កុំ​ឲ្យ​មាន​អំពើ​បែបហ្នឹង​​បន្តទៀត ​ព្រោះ​បើសិនជា​រឿង​មួយចំនួន​ហ្នឹង ​មិន​ត្រូវបាន​បែកធ្លាយ​ ហើយ​មានការ​លាក់ បាំង​អ៊ីចឹង​ វា​មិនជា​អំពើ​មួយ​ត្រូវ​រួច​ទោស​ទៅ​ហើយ»។

​លោក​ ស៊ឹង សែន​ករុណា ​បាន​អះអាង​ដែរ​ថា​ ក្នុងនាម​លោក​ជា​សង្គម​ស៊ីវិល ​នឹង​តាម​ឃ្លាំ​មើល​ចំណាត់​ការបន្ត​របស់​អា​ជ្ញា​ធរ​ពាក់ព័ន្ធ ​ជាពិសេស​តុលាការ ​ដើម្បីឲ្យ​ប្រាកដថា​ ជន​សង្ស័យពិត​ជា​ទទួល​ទោស​កំហុស​តាម​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ឬ​យ៉ាងណា?

ប៉ុន្តែ​លោក​ ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ម្សិល​មិញ​ថា ​ការគិត​យ៉ាងណា​របស់​សង្គម​ស៊ីវិល ​និង​ប្រជាពលរដ្ឋ ​គឺជា​សិទ្ធិ​​របស់​ពួកគេ ​ប៉ុន្តែ​ទោះយ៉ាង​ណា ​អាជ្ញាធរ​បានធ្វើការ​តាម​នីតិវិធី​របស់​ខ្លួន​ត្រឹម​ត្រូវ​ក្នុង​ករណី​នេះ។

លោក​បញ្ជាក់ថា​៖ «នគរបាល​ជាតិ​ជាកង​កម្លាំង ​ដូច្នេះ​មុននឹង​ចាប់​ដាក់គុក ​ត្រូវដោះ​ឯកសណ្ឋាន ​ដកស័ក្ដិចេញ​សិន​ទាំង​អស់ ​ទើប​យើង​រុញ​ទៅឲ្យ​តុលាការ​កាត់​ទោស​ ទោះ​គាត់​ស្រែក​មិន​ស្រែក​ក៏​យើង​ធ្វើ​ដែរ»។

លោក ​គឹម ខឿន បន្ត​ថា​៖ «អ៊ីចឹង​យើង​យក​ទៅ​អង្គភាព​តម្រួត​បទបញ្ជា ​ដើម្បីសួរ​នាំជួនកាល​មិនមែន​គាត់​បាញ់​ ហើយ​យើង​មិនដឹង​ច្បាស់ថា​បាញ់ (កាំភ្លើង​) ​មូលហេតុ​អ្វី​ផង ​ដែលនាំគ្នា​សន្និ​ដ្ឋាន​មុន​រឿង​ទាំង​អស់ ​ដែល​យើង​ត្រូវ​ហៅ​គាត់​ទៅ​សួរ​នាំ។ បើ​ឃើញថា​គាត់​ល្មើស​ច្បាប់​ហើយ ​យើងត្រូវបណ្តេញ​គាត់ចេញ​​ពី​ក្របខ័ណ្ឌ​សិន​ ហើយបាន​យក​ទៅ​តុលាការ ​ព្រោះ​យើង​មិនអាច​ចាប់​មនុស្ស​ពាក់​ស័ក្តិ ៥ ​ទៅ​ដាក់​គុក​ទេ»៕