ព្រះវិហារ/កំពង់ឆ្នាំង៖ មន្ត្រី​នគរបាល​ជា​នាយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ស្រុក​ឆែប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ម្នាក់ ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​បាញ់​គោ​ងាប់ ២ ក្បាល ដោយ​ហេតុ​ចូល​ស៊ី​សូ្រវ​ពង្រោះ​ក្នុង​ស្រែ​នៅ​ភូមិ​ឆែបលិច ឃុំ​ឆែប ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​រសៀល​ថ្ងៃទី​ ១ ខែ ឧសភា ឆ្នាំ ២០២១។

លោក សួស សុខដារ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃទី ១ ខែ​ ឧសភា ឆ្នាំ ២០២១ បាន​ចេញ​សេចក្ដី​សម្រេច​ផ្អាក​ការងារ​លោក អៀ គាវាសនា នាយ​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​អធិការដ្ឋាន​ស្រុក​ឆែប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ជា​បណ្ដោះអាសន្ន រីឯ​សាមី​ខ្លួន​ត្រូវ​មក​បង្ហាញ​ខ្លួន​រៀងរាល់​ម៉ោង​ធ្វើ​ការ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ដើម្បី​រង់ចាំ​សេចក្តី​សម្រេច​ជា​ថ្មី។

លោក ឈួន ម៉ារឌី អធិការ​នគរបាល​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២ ខែ​ ឧសភា ឆ្នាំ ២០២១ ថា ការ​បាញ់​សម្លាប់​គោ ២ ក្បាល​នោះ ដោយសារ​តែ​មាន​គោ​ជាច្រើន​ក្បាល​បាន​ចូល​ស៊ី​ពង្រោះ​ដែល​ទើប​លូតលាស់​ឡើង​នៅ​ក្នុង​ស្រែ​របស់​លោក គាវាសនា។

លោក ឈួន ម៉ារឌី ថ្លែង​ថា៖ «វា​មាន​មូលហេតុ​របស់​វា មិនមែន​ចេះ​ដើរ​បាញ់​ឆៅ​ទេ ប៉ុន្តែ​គាត់​ត្រូវ​បាន​ដាក់​ពិន័យ​ហើយ​ដោយសារ​តែ​គាត់​ទប់​ចិត្ត​មិន​បាន​ឈាន​ដល់​ការ​បាញ់​នេះ»។

លោក ឈួន ម៉ារឌី ថ្លែង​ដោយ​យោង​តាម​របាយការណ៍​របស់ លោក គាវាសនា បាន​ឱ្យ​ដឹង​ថា មុន​ការ​បាញ់​នោះ លោក គាវាសនា បាន​ផ្សព្វផ្សាយ​ទៅ​ភូមិឃុំ ឱ្យ​ជួយ​ផ្សព្វផ្សាយ និង​ប្រាប់​ពលរដ្ឋ​ដែល​មាន​គោ ត្រូវ​ចង​ឱ្យ​បាន​ត្រឹមត្រូវ កុំ​ឱ្យ​ដើរ​ស៊ី​ស្រូវ​ដែល​ព្រោះ​ហើយ​កំពុង​លូតលាស់​ឡើង ប៉ុន្តែ​សកម្មភាព​នេះ​តែ​ដដែល បើ​ទោះបី​ដេញ​ចេញ​ជាច្រើន​លើក​ច្រើនសា និង​មិន​មាន​អ្នក​អើពើ ទើប​ឈាន​ដល់​ការ​បាញ់​តែ​ម្ដង។

ករណី​ដោយ​ឡែក​មួយ​ទៀត​ក៏​បាន​កើត​ឡើង​ដែរ ដោយ​មាន​កូន​គោ​មួយ​ក្បាល​ងាប់​នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ត្រង់​ក្បាល។

លោក វន ស៊ីផា អភិបាល​ស្រុក​សាមគ្គីមាន​ជ័យ ខេត្ត​កំពង់ឆ្នាំង បាន​បាញ់​សាក​កាំភ្លើង​ដែល​ទើប​តែ​បាន​ទទួល​មក​ថ្មី បណ្ដាល​ឱ្យ​ផ្លាត​ត្រូវ​កូន​គោ​មួយ​ក្បាល​ងាប់​នៅ​ក្នុង​សាលា​ស្រុក​កាល​ពី​ថ្ងៃទី ៣០ ខែមេសា។

លោក ស៊ីផា បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​របស់​លោក​ទៅ​កាន់ លោក ឈួរ ច័ន្ទឌឿន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃទី ១ ខែ​ឧសភា បាន​ឱ្យ​ដឹង​ថា៖ «បន្ទាប់​ពី​ហេតុការ​នោះ​កើត​ឡើង​ខ្ញុំ​ក៏​បាន​ទាក់ទង​ទៅ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​មក​ធ្វើ​កំណត់​ហេតុ និង​ឲ្យ​ស្រាវជ្រាវ​រក​ម្ចាស់​គោ​មក​ធ្វើ​ការ​ពិភាក្សា​ដោះស្រាយ​សំណង​ជូន​ម្ចាស់​គោ​តាម​ការ​ព្រមព្រៀង។ ករណី​នេះ រូប​ខ្ញុំ​បាទ​បាន​សម្រប​សម្រួល​ពិភាក្សា​ជាមួយ​ម្ចាស់​គោ និង​បាន​ទូទាត់​សំណង​បាន​ចប់​សព្វ​គ្រប់​រួច​ហើយ»។

ទោះ​ជា​យ៉ាង​ណា លោក ស្រ៊ន សំរិទ្ធី អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ថា ចំពោះ​ករណី លោក វន ស៊ីផា រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​ស្រាវជ្រាវ​លម្អិត​ពី​មូលហេតុ ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់​គោ​មួយ​ក្បាល​នៅ​ក្នុង​សាលា​ស្រុក​នេះ៕