រតនគិរីៈ សមត្ថកិច្ច​ខេត្ត​រតនគិរី​បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់ បន្ទាប់ពី​មាន​ការបាញ់​សម្លាប់​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​សង្កាត់​បឹងកន្សែង ក្រុង​បានលុង​។

លោក យិន ចំណាន ស្នងការ​ខេត្តរតនគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ជនរងគ្រោះ​មាន​តួនាទី​ជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​របស់​លោក​។ ក្រោយពី​ការស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​តាម​ចម្លើយសារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​សន្និដ្ឋាន​ថា​មូលហេតុ​នៃ​ឃាតកម្ម​នេះ​គឺ​បណ្តាល​មកពី​រឿង​គំនុំ​បុគ្គល ឬ​ស្នេហា​។ ប៉ុន្តែ​លោក យិន ចំណាន បាន​បដិសេធ​ធ្វើ​អធិប្បាយ​បន្ថែម​ជុំវិញ​រឿង​ឃាតកម្ម​នេះ​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ម្សិលមិញ ជនសង្ស័យ​ដែល​មាន​ឈ្មោះ នួន មករា ហៅ​ ក្រឹម អាយុ ៣១ ​ឆ្នាំ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ដោយ​ប្រើ​កាំភ្លើងខ្លី​។ ជនសង្ស័យ​ក៏​ជា​មន្ត្រីនគរបាល​ផងដែរ​ មាន​ទីលំនៅ​នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡាបានសៀក ក្រុង​បានលុង​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​ដើម្បី​បំពេញ​បែបបទ​តាម​នីតិវិធី​។

លោក​ ផែន ឌីណា ​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​មិន​អាច​ទាក់ទង ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​។

ប៉ុន្តែ​បើ​តាម​សារព័ត៌មាន Fresh News បាន​រាយការណ៍​ថា ជនសង្ស័យ និង​ជនរងគ្រោះ​គឺជា​មិត្តភក្តិ​នឹង​គ្នា​។ Fresh News បាន​ដកស្រង់​សម្ដី លោក យិន ចំណាន ​ថា ជនសង្ស័យ​គឺជា​មន្ដ្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​។ សមត្ថកិច្ច​បាន​ដកហូត​រថយន្ដ​របស់​ជនសង្ស័យ​ ១ ​គ្រឿង​ម៉ាក NISSAN ពណ៌​ស​ដែល​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​។

ជនសង្ស័យ​បាន​បាញ់ប្រហារ​ជនរងគ្រោះ​ ១ ​គ្រាប់​ចំក្បាល​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ហូប​កាហ្វេ​នៅក្នុង​ហាង​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​អូរកន្សែង​នៅ​ម៉ោង​ប្រមាណ ​៩ និង ២០ ​នាទី​ព្រឹក​។

បើតាម​អ្នកឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បើករថយន្ត​ ១ ​គ្រឿង​ ដែល​មាន​គ្នា​ប្រមាណ​ពី​ ៣ ​ទៅ​ ៤ ​នាក់​ ទៅ​ឈប់​នៅមុខ​ហាង​កាហ្វេ​នេះ ហើយ​ចុះ​ពី​លើ​រថយន្ត​ដើរ​សំដៅ​ទៅកាន់​ជនរងគ្រោះ និង​បាន​ដក​កាំភ្លើង​បាញ់​ជនរងគ្រោះ​ចំក្បាល​។ រួចហើយ​ជនសង្ស័យ​បាន​រត់ឡើង​រថយន្ត និង​បើក​រត់​គេច​ខ្លួន​បាត់​៕