ភ្នំពេញៈ អគ្គនា​យក នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ក្រសួង​មហាផ្ទៃ បាន​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះ​​អាសន្ន ចំពោះលោក​ឧត្តម​សេនីយ៍ទោ ម៉ុក ប៊ុន​ឈាង និង​លោកឧ​ត្ត​ម​​សេនីយ៍​ត្រី គង់ ណា​រិ​ទ្ធ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុងពេល​ចុះបំពេញ​ការ​ងារ​របស់​ខ្លួន​នា​ពេល​កន្លង​មក​។ នេះ​បើ​យោងតាម​លោកឧ​ត្ត​ម​សេនីយ៍​ត្រី​ អាត់ បូ​នី អ្នក​​នាំពាក្យ នៃ​អគ្គ​នា​យក​ដ្ឋា​ន​អន្តោ​​ប្រវេសន៍​ក្រសួង​មហាផ្ទៃ។

ការ​សម្រេច​ផ្អាក​ការងារ​នេះ​ ធ្វើ​ឡើ​ងខណៈ​ពេល​ដែល​ប្រមុខ​រាជ​រដ្ឋាភិបា​ល​ ​ចេញ​អនុក្រឹត្យ​តែង​តាំងផ្ទេរ និង​តែង​​តាំង​មុខ​តំណែង​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ ២ ​រូប ក្នុងនោះ​លោក អ៊ុក ហៃ​សីឡា ពី​ប្រធាននាយកដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិវិធីទៅជា​អគ្គនា​យករងនៃ​អគ្គនាយក​ដ្ឋាន​អន្តោ​​ប្រវេសន៍​ និង​សម្រេច​តែងតាំង​លោក វឌ្ឍនៈ មង្គល ជា​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​ និងអនុវត្ត​នីតិវិធី នៃ​អគ្គ​​​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ជំនួស​លោ​ក​ អ៊ុក ហៃសីឡា​ វិញ។

លោក អាត់ បូ​នី ​បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័​ន្ទ​ថា​រិ​ទ្ធ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋា​ន​អន្តោ​ប្រវេសន៍ បានចេញ​លិខិត​បង្គាប់​ការផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ុក ប៊ុន​ឈាង អនុ​​​​ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍និង​ឧ​ត្ត​មសេនីយ៍​ត្រី គង់ ណា​រិ​ទ្ធ​ អនុ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេតនិ​ង​​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បី​ធ្វើការ​ស្រាវ​​ជ្រាវពាក់ព័ន្ធ​ភាព​មិន​ប្រក្រតីក្នុង​ពេល​​ចុះ​ប្រតិ​បត្តិ​​ការ ការ​ងារ​កាលពី​ថ្ងៃទី ២២ ខែ​ ឧសភា ឆ្នាំ ២០១៩។

ទោះ​យ៉ាង​ណាលោក ​អាត់ បូ​នី មិន​បាន​បញ្ជាក់​​ឲ្យ​ដឹង​​ថា​តើ​មាន​ភាព​មិន​ប្រក្រតី​​លើ​បញ្ហា​អ្វី នោះ​ទេ ដោយលោ​ក​​គ្រាន់​តែ​ថ្លែង​យ៉ាង​ខ្លី​ថា៖ «នៅ​ក្នុង​លិខិ​ត​​នោះ បាន​បញ្ជាក់​ហើយ​ និង​មូលហេតុ​ហើយ។ ព័ត៌​មាន​គឺមាន​ប៉ុណ្ណឹង។ យើង​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ»។

បើតាម​លិខិត​របស់​នាយ​ឧ​ត្ត​ម​សេនី​​យ៍ គៀត ច័​ន្ធ​ថា​រិ​ទ្ធ ចុះ​ថ្ងៃទី ១២ ខែ​ កក្ក​ដា ​ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា លោកឧ​ត្ត​ម សេនីយ៍ទោ ម៉ុក ប៊ុន​ឈា​ង​ និង​លោកឧ​ត្ត​ម​សេនីយ៍​ត្រី គង់ ណា​រិ​ទ្ធ​ ត្រូវ​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​រដ្ឋបា​ល​​សរុ​ប (ការិយា​ល័យ​បុគ្គលិក​) រៀង​រាល់ថ្ងៃ​ធ្វើការប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​​នោះ​ទេ។

យ៉ាង​ណា​ក្តី មន្ត្រីជាន់ខ្ពស់​អគ្គនា​យ​​​​​ក​​​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា ​នេះ​គឺ​ការដាក់ពិន័យ​ដល់​មន្ត្រី​​នគរ​​បាលជាតិ​ ដែល​គាត់ចុះ​អនុវត្ត​ការ​ងារ​ មិនបាន​គ្រប់​គ្រង​កម្លាំង​ក្រោម​ឱវាទ​ទៅ​តាម​ក្រម​សីលធម៌​របស់​នគរបាល​ជាតិ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «​មិន​ថា តែ​គាត់​ ២ នាក់ហ្នឹង​ទេ អ្នកណា​ក៏ដោយ​ ឲ្យ​តែ​ខ្វះ​ការគ្រប់គ្រង​ និង​ការដឹកនាំ ​ពេល​ចុះ​ប្រតិបត្តិ​ការ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​កម្លាំង​នគរ​​បាលជាតិ ​តែង​ត្រូវបាន​ទទួល​ពិន័យ​បែប​នេះ»។

កាលពី​ខែមករា​ដើមឆ្នាំ​នេះ​ មន្ត្រី​នគរបាល​តម្រួត​ប​ទ​បញ្ជា​នៃ​អគ្គស្នង​​​​​ការ​នគរបាល​ជាតិ​បាន​ចាប់ខ្លួន​មន្ត្រី​នគរបាល​ផ្កាយ ១ ម្នាក់​ និង​មន្ត្រី​នគរបាល​ប្រឆាំង​ទំនិញ​ក្លែង​ក្លាយ ៤ នាក់ ​ដើម្បី​ធ្វើការ​ស៊ើបសួរ ប៉ុន្តែ​ក្រោយ​មក ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី ១០ ខែ មករា ខណៈដែល​ពួកគេបាន​ចុះ​ទៅកាន់​ទីតាំង ​១ ​កន្លែ​ង​ ដើម្បី​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ប៉ុន្តែ​មិនមាន​ការ​សហការ និង​រាយការណ៍​ទៅ​​ថ្នាក់​លើ។

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័​ន្ធ​ថា​រិ​ទ្ធ និងលោក​ កែវ វណ្ណថន អគ្គនាយករង​ នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ​ក្រសួង​មហាផ្ទៃ មិនអាច​ទាក់​ទង​សុំការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ៕